RFI
អន្តរជាតិ
Kim Aris៖ ទោះជាប់ពន្ធនាគារ​របស់​របបសឹក លោកស្រី​អ៊ុងសាន ស៊ូជីនៅតែមាន​ស្មារតី​រឹងមាំ
07, Feb 2024 , 7:29 pm        
រូបភាព
ទោះជាប់ពន្ធនាគារ​របស់​របបសឹក លោកស្រី​អ៊ុងសាន ស៊ូជីនៅតែមាន​ស្មារតី​រឹងមាំ Reuters/Suzanne Plunkett
ទោះជាប់ពន្ធនាគារ​របស់​របបសឹក លោកស្រី​អ៊ុងសាន ស៊ូជីនៅតែមាន​ស្មារតី​រឹងមាំ Reuters/Suzanne Plunkett
ដោយ៖ ឈាង បុប្ដា /RFI
 
បើទោះបីជាជាប់ក្នុងពន្ធនាគារ​របស់​របបសឹកភូមា ប៉ុន្តែ លោកស្រីអ៊ុងសាន ស៊ូជី​នៅតែមាន​ស្មារតី​រឹងមាំ​ជាប់ជានិច្ច។ នេះ​បើតាម​Kim Aris ​កូនប្រុស​របស់​លោកស្រី​មេបក្សប្រឆាំង​ភូមា ដែល​ទើប​បាន​ទទួល​សំបុត្រ​ពីម្តាយ កាលពី​ខែ​មករាកន្លងទៅ។ គិត​មក​ដល់​ខែ កុម្ភៈ មាន​រយៈពេល​៣ឆ្នាំ​គត់ ដែលមេដឹកនាំ​យោធា​ភូមា​ធ្វើរដ្ឋប្រហារ និង​ចាប់ឃុំ​លោកស្រី អ៊ុងសាន ស៊ូជី។ ត្រូវរបបសឹកចោទ​ប្រកាន់​ជាច្រើន​បទល្មើស តាំងពីការប្រព្រឹត្តអំពើពុករលួយ លួចបន្លំសន្លឹកឆ្នោត និង​រំលោភកិច្ចការសម្ងាត់រដ្ឋ លោកស្រី​អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ​ត្រូវ​តុលាការសឹកភូមា កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​២០ឆ្នាំ។

 
ខែ​កុម្ភៈ ២០២១ ខែ​កុម្ភៈ ២០២៤។ រយៈពេល ៣ឆ្នាំគត់​ដែល​មេដឹកនាំយោធា​ភូមា​ចាប់ឃុំ​លោកស្រី អ៊ុងសាន ​ស៊ូជី បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​របស់​លោកស្រី ដែល​ទើប​ទទួល​ជ័យជំនះ ដ៏​ធំធេង​ នៅក្នុង​ការបោះឆ្នោត​សភា។
 
ជាប់ក្នុង​ពន្ធនាគារ​របស់​ពួកយោធា បីឆ្នាំ​មក​នេះ លោកស្រី​អ៊ុងសាន ស៊ូជី​បាត់មុខ បាត់សំឡេង ដោយគេ​ឃើញ​លោកស្រី​ម្តងម្កាលតែប៉ុណ្ណោះ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាលសឹកភូមា នៅពេល​មាន​សវនាការ​ជំនុំជម្រះ​លោកស្រី នៅ​តុលាការសឹក នៅ​រដ្ឋធានីណៃពីដោ។ នៅក្នុងសវនាការ​រយៈពេល ១៨ខែ កាលពី​ឆ្នាំ ២០២២ ដែលនៅក្នុង​នោះ​លោកស្រី រងបទចោទប្រកាន់ ជាង១០បទល្មើស ដូចជា​ប្រព្រឹត្ត​អំពើពុករលួយ រំលោភកិច្ចការសម្ងាត់រដ្ឋ បន្លំសន្លឹកឆ្នោត រំលោភច្បាប់កូវីដជាដើម លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ នៅទីបំផុត​ត្រូវ​តុលាការ​សឹកភូមា កាត់ទោស​ឲ្យជាប់​ពន្ធនាគារ ជាង​២០ឆ្នាំ។
 
ជាទូទៅ គេ​អាច​ដឹង​សុខទុក្ខ​របស់​លោកស្រី តាមរយៈ មេធាវី​របស់​លោកស្រី​តែ​ប៉ុណ្ណោះ។ លោក Kim Aris កូនប្រុស​របស់​លោកស្រី អ៊ុងសាន ស៊ូជី​ក៏មិនដែលបាន​ទៅជួបម្តាយផ្ទាល់​ភ្នែក នៅ​៣ឆ្នាំមកនេះ។ ប៉ុន្តែ នៅក្នុងការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​នៅ​ថ្ងៃ​អង្គារ លោក​Kim Aris បាន​ប្រាប់​AFP លោក​ទើប​ទទួល​បានសំបុត្រ​ពីម្តាយ នៅ​ខែ មករា​កន្លងទៅ និង​ថា ទោះជាប់​ក្នុង​ពន្ធនាគារ​របស់​របបសឹកភូមា ប៉ុន្តែ លោកស្រី អ៊ុងសាន ស៊ូជី នៅតែមាន​ស្មារតីរឹងមាំ​ជានិច្ច។ តាម​លោក​Kim Aris ម្តាយ​របស់​លោក​បាន​ផ្ញើក្តីស្រឡាញ់​ដល់​មនុស្សគ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ និង​អរគុណ​សម្រាប់​កញ្ចប់​បញ្ញើ​ដែលលោកបាន​ផ្ញើ​ទៅឲ្យ កាលពី​ចុងឆ្នាំមុន។ នៅក្នុងកញ្ចប់ផ្ញើទៅ​ឲ្យម្តាយ​ក្នុងពន្ធនាគារ លោក​Kim Aris និយាយ​ថា លោក​ផ្ញើកញ្ចប់ថ្នាំ និងអាហារសំបូរដោយជាតិវីតាមីន។
 
បើ​តាម​កូនប្រុស​របស់​លោកស្រី អ៊ុងសាន ស៊ូជី លោកស្រី នៅតែបញ្ហា​សុខភាព​ធ្មេញ​ដូចមុន។ គណបក្សសម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ធ្លាប់​ចោទរបបសឹក​ថា បដិសេធ​មិន​ផ្តល់ការព្យាបាលគ្រប់គ្រាន់ ដល់​លោកស្រីអ៊ុងសាន ស៊ូជី ដែល​ធ្លាប់​មាន​បញ្ហា​ងងឹតមុខ ក្អួតចង្អោរ និង​ពិបាក​បរិភោគ​ដោយសារ​ឈឺធ្មេញ។
 
ម្យ៉ាង ពន្ធនាគារ​ដែល​លោកស្រី​ត្រូវ​របបសឹក​ចាប់ឃុំ​គ្មានប្រព័ន្ធម៉ាស៊ីនត្រជាក់ នៅ​ពេល​អាកាសធាតុក្តៅខ្លាំង ឬ​តែងលិច ជ្រាបទឹក នៅរដូវភ្លៀវ។ នេះបើ​តាម​សក្ខីកម្ម​របស់​លោក​Sean Turnell ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោកស្រីស៊ូជី ដែល​ត្រូវ​ពួកយោធា ចាប់ឃុំខ្លួន ក្នុងពេល​តែមួយ​ជាមួយ​លោកស្រី ស៊ូជី។ លោក​Sean Turnell ជនជាតិអូស្ត្រាលី​ត្រូវ​របបសឹក​លើកលែង​ទោស និង​ដោះលែង​ឲ្យមានសេរីភាព​នៅ​ចុងឆ្នាំ ២០២២។
 
បើតាម​ទីប្រឹក្សារូបនេះ លោកស្រី អ៊ុងសាន ស៊ូជី​ជាមនុស្ស​រឹងមាំ កម្រនឹងជួប។ លោកស្រីគិត​ខ្វល់ពី​សុខទុក្ខរបស់​មិត្តរួមការងារ​ដែល​ជាប់ក្នុងពន្ធនាគារ ជាជាងគិតខ្វល់​ពី​សុខភាពផ្ទាល់ខ្លួន។
 
ដោយចាប់ឃុំ​លោកស្រី​អ៊ុងសាន ស៊ូជី ដាក់ក្នុងពន្ធនាគារ ក្នុងរដ្ឋធានី​ណៃពីដោរ ឆ្ងាយដាច់ស្រយាល ពួកយោធា​ចង់បំបាក់ទឹកចិត្ត​របស់​លោកស្រី អ៊ុងសាន ស៊ូជី និង​កាត់ផ្តាច់មិន​ឲ្យ​លោកស្រី​អាច​ជួបជុំ និយាយឆ្លើយឆ្លង​ជាមួយ​មហាជន។ នៅក្នុង​របបសឹក​មុនៗ លោកស្រី អ៊ុងសាន ស៊ូជី ជាប់ឃុំក្នុងផ្ទះមែន ប៉ុន្តែ លោកស្រី​នៅតែ​អាច​មក​ឈរ​និយាយ នៅមាត់របង​ទៅកាន់ប្រជាជនភូមា អ្នកគាំទ្រ​របស់​លោកស្រី។ ប៉ុន្តែ តាម​កាសែត​ក្នុងស្រុកភូមា ផ្ទះជាប់មាត់ទឹក ជាទី​ដែលលោកស្រី​ស៊ូជី​ធ្លាប់​ជាប់ឃុំក្នុងផ្ទះ​អស់ ជាច្រើនឆ្នាំ នឹង​ត្រូវដាក់លក់ នៅប៉ុន្មានសប្តាហ៍ខាងមុខ៕

© រក្សាសិទ្ធិដោយ thmeythmey.com