ជាតិ
យុទ្ធនាការ«ផ្ទះមួយ ដើមឈើ១ដើម» ដើម្បីប្រែខេត្តបាត់ដំបង ទៅជាក្រុងបៃតង នឹងអនុវត្តនៅខែមិថុនា
07, Feb 2024 , 7:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងអនុវត្តយុទ្ធនាការ«ផ្ទះមួយ ដើមឈើមួយដើម» ដោយចាប់ផ្តើមដាំកូនឈើ នៅក្នុងក្រុងបាត់ដំបង និងទីប្រជុំជនសម្រាប់ទេសចរទៅកម្សាន្ត។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ជឿជាក់ថា យុទ្ធនាការនេះ នឹងធ្វើឱ្យខេត្តភាគពាយ័ព្យមួយនេះ ក្លាយជាទីក្រុងបៃតង បរិស្ថានល្អ និងទាក់ទាញទេសចរមកកាន់តែច្រើនជាងមុន។



លោក សុខ លូ យុទ្ធនាការ«ផ្ទះមួយ ដើមឈើមួយដើម» នឹងចាប់ផ្តើមនាខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីក្រុងបាត់ដំបង និងបន្តទៅតាមទីប្រជុំស្រុកផ្សេងៗទៀតក្នុងខេត្ត។ រដ្ឋបាលខេត្ត នឹងផ្តល់ជូនដើមឈើសម្រាប់ឱ្យប្រជាពលរដ្ឋយកទៅដាំ រួមមាន  ដើមធ្នង់ បេង នាងនួន គគីរជាដើម។  បើតាមអភិបាលខេត្តបាត់ដំបង យុទ្ធនាការនេះ នឹងធ្វើឱ្យពលរដ្ឋ​យល់ដឹងកាន់តែខ្លាំងពីអត្ថប្រយោជន៍ នៃការដាំដើមឈើតាមទីប្រជុំជន​ ជាពិសេសទីក្រុងមានខ្យល់អាកាសល្អថែមទៀតផង ។ 
  
លោក សុខ លូ អភិបាលខេត្តបាត់ដំបង

«យើងនឹងចាប់ផ្តើមដាំ នៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងក្រុងជាមុន ហើយឱ្យពួកគាត់ជួយថែរក្សា ស្រោចទឹក ផ្តល់ជាម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ។ ការដាំដើមឈើនេះ នឹងធ្វើឱ្យក្រុងក្លាយជាទីក្រុងបៃតង បរិស្ថានល្អ ផ្តល់អុកស៊ីសែន និងទាក់ទាញទេសចរណ៍ ស្របជាមួយនឹងក្រុងរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើងផងដែរ។» លោក សុខ លូ បានបញ្ជាក់ដូច្នេះ។ 
 
ក្នុងពិធីពិព័រណ៌ម្ហូបអាហារ ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៩ ធ្នូ ២០២៣កន្លងទៅ លោក សុខ លូ បាន លើកឡើងថា យុទ្ធនាការនេះ ទាមទារឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងអនុវត្តទាំងអស់គ្នា ។ លោកសង្ឃឹមថា ក្រុងបាត់ដំបង់ នឹងពោរពេញទៅដោយដើមឈើខៀវស្រងាត់ ដែលផ្តល់ម្លប់ និងទាក់ទាញទេសចរ៕
 

Tag:
 Thmeythmey
  សុខ លូ
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com