ជាតិ
អន្តរជាតិ
លោក ស៊ិន ចន្ធី ៖វិបត្តិសមុទ្រក្រហម ធ្វើឱ្យតម្លៃដឹកជញ្ជូនទំនិញពីអាស៊ីទៅអឺរ៉ុបឡើងទ្វេដង
07, Feb 2024 , 9:29 pm        
រូបភាព
លោកស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (ក្នុងរង្វង់)។ រូបភាព AFP និងFacebook Oknha Sin Chanthy
លោកស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (ក្នុងរង្វង់)។ រូបភាព AFP និងFacebook Oknha Sin Chanthy
ការវាយប្រហាររបស់ក្រុមហ៊ូធី លើនាវាដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ បានធ្វើឱ្យតម្លៃដឹកទំនិញពីអាស៊ីទៅកាណាដា អាម៉េរិក អឺរ៉ុប ឡើងថ្លៃស្ទើរតែគុណពីរ។ លោកស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ។

 
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ក្រុមហ៊ូធី ដែលមានមូលដ្ឋាននៅយេម៉ែន បានចាប់ផ្តើមវាយប្រហារលើនាវាដឹកទំនិញ តាមរយៈដ្រូន ឬមីស៊ីល នៅច្រកសមុទ្រក្រហម។ សមុទ្រក្រហម ជាផ្លូវកាត់តែមួយគត់ ដែលនាវាអាចដឹកទំនិញពីតំបន់អឺរ៉ុបមកអាស៊ី ឬពីអាស៊ីទៅតំបន់អឺរ៉ុប ដោយប្រើរយៈពេលដ៏ខ្លីមួយ។ 
 
ដើម្បីបញ្ចៀសហានិភ័យ នាវាដឹកទំនិញជាច្រើន បានបើកផ្លូវវៀងទៅទ្វីបអាហ្រ្វិកវិញ ដោយត្រូវប្រើពេលច្រើន និងចម្ងាយផ្លូវឆ្ងាយ។ ទាក់ទិននឹងបញ្ហានេះ វាបានធ្វើឱ្យតម្លៃដឹកជញ្ជូនពីអាស៊ីទៅមកអឺរ៉ុប ឬកាណាដាជាដើម ត្រូវឡើងថ្លៃច្រើន។ 
 
«ឥឡូវនេះ ការដឹកជញ្ជូនពីអាស៊ីទៅកាណាដា ទៅអាម៉េរិក ឬអឺរ៉ុប គឺមានការឡើងថ្លៃស្ទើរតែគុណនឹងពីរ»។ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់បែបនេះ ដោយបន្តថា កម្ពុជា ក៏មិនខុសគ្នាពីបណ្តាប្រទេសផ្សេងនៅក្នុងតំបន់អាស៊ីដែរ គឺរងផលប៉ះពាល់ដោយសារការវាយប្រហារពីសំណាក់ក្រុមហ៊ូធី។ 
 
លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឧទាហរណ៍ថា ពីមុនថ្លៃដឹកទំនិញតម្លៃ ៤ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែពេលបច្ចុប្បន្ន ដោយសារប្រើពេលច្រើន និងផ្លូវដឹកទំនិញកាន់តែឆ្ងាយជាងមុន តម្លៃដឹកជញ្ជូនហក់ឡើងដល់ជាង៧ពាន់ដុល្លារ ឬក្បែរ៨ពាន់ដុល្លារ។
 
ចំណែកផលអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា លោកប្រធានសមាគមភស្តុភារកម្មរូបនេះ បានយល់ឃើញថា មានការប៉ះពាល់ ប៉ុន្តែមិនទាន់ដឹងពីទំហំប៉ះពាល់ប៉ុណ្ណាឡើយ ដោយសារវិបត្តិនេះ ទើបកើតមានប៉ុន្មានខែ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី៧ ខែកុម្ភៈ លោកស៊ិន ចន្ធី បានបន្ថែមទៀតថា ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹកទៅតំបន់អឺរ៉ុប និងអាម៉េរិកមានរយៈពេលយូរ វាបានធ្វើឱ្យការដឹកជញ្ជូនទំនិញបន្ទាន់តាមផ្លូវអាកាសកើនឡើង។ ប្រធានសមាគមភស្តុភារកម្មរូបនេះ បានបង្ហាញថា ការកើនឡើង កើតមានចាប់តាំងពីខែឧសភា និងខែមិថុនាមក។ បើតាមលោកស៊ិន ចន្ធី ការដឹកជញ្ជូនផ្លូវអាកាសហក់ឡើងដល់ជាង ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ 
 
ដើម្បីដោះស្រាយវិបត្តិនៅសមុទ្រក្រហម អាម៉េរិក និងសម្ព័ន្ធមិត្ត បានបង្កើតកងកម្លាំងពហុជាតិ ដើម្បីការពារពាណិជ្ជកម្មនៅតាមច្រកសមុទ្រក្រហម។ លើសពីនេះ អាម៉េរិក ក៏បានបើកការវាយប្រហារប្រឆាំងក្រុមសកម្មប្រយុទ្ធនៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ងជាច្រើនលើកផងដែរ។ 
 
កន្លងមក ក្រុមហ៊ូធី ធ្លាប់បានទាមទារឱ្យមានបទឈប់បាញ់នៅក្នុងតំបន់កាហ្សា ដើម្បីជាថ្នូរនឹងការដោះដូរការវាយប្រហារលើនាវានៅសមុទ្រក្រហម៕ 

Tag:
 កម្ពុជា
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com