សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើ​ទីផ្សារ​អចលន​ទ្រព្យ​ចិន ​បង្ហាញ​សញ្ញា​ស្ទុះ​ងើប​ឡើង​វិញ​ឬ​នៅ ?
07, Feb 2024 , 9:59 pm        
រូបភាព
អគារលំនៅដ្ឋានដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិន Vanke នៅ Zhengzhou ក្នុងខេត្ត Henan ភាគកណ្តាលចិន។ រូបភាព ៖ AFP
អគារលំនៅដ្ឋានដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិន Vanke នៅ Zhengzhou ក្នុងខេត្ត Henan ភាគកណ្តាលចិន។ រូបភាព ៖ AFP
ទីផ្សារអចលនទ្រព្យរបស់ចិនហៀបនឹងបញ្ចប់ការធ្លាក់ចុះដែលអូសបន្លាយជាងមួយឆ្នាំមកនេះ ក្រោយបានឃើញពីតម្លៃផ្ទះ និងប្រាក់ចំណូលនៃការលក់ដីបានកើនឡើងបន្តិច។ ការងើបឡើងបន្តិចនេះ ធ្វើឡើងក្រោយ តុលាការហុងកុងទើបតែចេញសាលក្រមរំលាយក្រុមហ៊ុនយក្ស Evergrande ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានធំទី២របស់ចិន ដែលអាចបង្កឱ្យទីផ្សារអចលនទ្រព្យនៅកាន់តែស្មុគស្មាញ។

 
តាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ តម្លៃផ្ទះជាមធ្យមនៅទូទាំងក្រុងរបស់ចិនបានកើនឡើង ០,១៥ភាគរយបើធៀបនឹងខែមុន។ នេះជាកំណើនលឿនបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។
 
ទន្ទឹមនេះ ប្រាក់ចំណូលដែលរដ្ឋាភិបាលចិនបានពីការ​លក់​ដី​ក៏​កើន​ឡើង ១,៨ភាគរយ​ដែរនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ​ធៀប​គ្រាដូចគ្នាឆ្នាំ​២០២២។ នេះ​ជា​លើក​ដំបូង​ដែល​ការ​លក់​ដី​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល ២៣ខែ។ នេះបើការចុះផ្សាយរបស់សារព័ត៌មាន Reuters។ 
 
បើទោះតួលេខខាងលើហាក់ពុំសូវចាប់អារម្មណ៍ វាក៏បង្ហាញថា គោលនយោបាយរបស់រដ្ឋាភិបាលចិនបានចាប់ផ្តើមទទួលផ្លែផ្កា។
 
រដ្ឋាភិបាលនៃប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់កំពុងធ្វើការយ៉ាងសកម្មដើម្បីស្តារទីផ្សារអចលនទ្រព្យក្នុងស្រុកឡើងវិញ ក្រោយពីការធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២២ ដែលភាគច្រើនដោយសារតែការសាងសង់លំនៅឋានច្រើនលើសលប់ និងការពឹងផ្អែកខ្លាំងលើបំណុល។
 
នៅចុងឆ្នាំ ២០២៣ ចិនបានកត់ត្រាការធ្លាក់ចុះដ៏ខ្លាំងនៃតម្លៃផ្ទះចាប់តាំងពីឆ្នាំ ២០១៥។ ការលក់ផ្ទះសរុបក៏បានថយចុះចំនួន ៣៣,៣ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៤។
 
ដើម្បីទប់ទល់នឹងស្ថានភាពនេះ អាជ្ញាធរចិនបានស្វែងរកការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគលើពាណិជ្ជកម្ម។ ថ្មីៗនេះ ចិនបានចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលថ្មីទៅក្នុងទីផ្សារ ដោយកាត់បន្ថយតម្រូវការដើមទុនរបស់ធនាគារផងដែរ។
 
យ៉ាងណាមិញ ថ្មីៗនេះតុលាការហុងកុងបានសម្រេចរំលាយក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យធំទី២របស់ចិន ដោយជម្រះទ្រព្យសម្បត្តិទាំងអស់មុនពេលក្ស័យធនដើម្បីសងបំណុលដ៏ធំរហូតដល់ ៣០០ពាន់លានដុល្លារ។
 
អ្នកជំនាញជាច្រើនមើលឃើញថា ស្ថានការណ៍នេះអាចធ្វើឱ្យកាន់តែស្មុគស្មាញ ព្រោះចិនមិនទទួលស្គាល់សាលក្រមខាងលើ។ បើតាមក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក Fitch Ratings វានឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញចំពោះអ្នកអភិវឌ្ឍន៍ឯកជន ជាពិសេសនៅពេលដែលចំណែកទីផ្សារបន្តផ្លាស់ប្តូរទៅកាន់អ្នកវិនិយោគបរទេស។
 
រដ្ឋាភិបាល​ចិន​បាន​ចេញ​បទប្បញ្ញត្តិ​ថ្មី​ជា​បន្តបន្ទាប់​ដើម្បី​ជំរុញ​ក្រុម​ហ៊ុនអចលនទ្រព្យ​ឯកជន។ ជាឧទាហរណ៍ ការលុបចោលការរឹតបន្តឹងលើការទិញផ្ទះ និងការផ្តល់ប្រាក់កម្ចីចំនួន៤៦លានដុល្លារដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ៕ 

Tag:
 ចិន​​​
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com