ជាតិ
លោក ប៉ោង ថូ ដាំផ្កាជាច្រើនប្រភេទសម្រាប់លក់ នាថ្ងៃចូលឆ្នាំចិន
08, Feb 2024 , 8:59 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ជុំវិញផ្ទះលោក ប៉ោង ថូ មានដាំផ្កាចម្រុះពណ៌ជាច្រើនប្រភេទ និងមានក្លិនខុសៗគ្នា។ ផ្កាទាំងអស់នេះ លោកដាំសម្រាប់លក់រៀងរាល់ថ្ងៃសីលផង និងពិធីបុណ្យធំៗដូចជា ពិធីបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរជាដើម។

 

លោក ប៉ោង ថូ ប្រកបរបរជាអ្នកដាំផ្កាជាង១០ឆ្នាំមកហើយ។ ផ្កាជុំវិញផ្ទះ លោក ថូ មានជាច្រើនប្រភេទ ដូចជា ផ្កាចន្ធូ ដំណក់ទឹកភ្លៀង ប៉ៃលិន សិរមាន់ ទំហូ និងដើមរាសីគ្រប់ពណ៌ទៀតផង។ លោក តែងតែកាត់ផ្កាទាំងអស់នេះ លក់ឱ្យពលរដ្ឋរៀងរាល់ថ្ងៃសីល និងលក់ក្នុងពិធីបុណ្យធំៗ ដូចជាពីធីបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរជាដើម។ ភាគច្រើនលោកលក់ឱ្យពលរដ្ឋក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងនៅស្រុកពួក ហើយជួនកាលលោកចែកចាយដល់ខេត្តបាត់ដំបងផងដែរ។
 
នៅពេលមានពិធីបុណ្យធំៗម្តងៗ តម្រូវការផ្កានៅលើទីផ្សាក៏ច្រើនដែរ។ ហេតុនេះ លោកតែងបញ្ជាទិញផ្កាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សាក្នុងខេត្តសៀមរាបពីប្រទេសជិតខាង។ បើតាមបុរសវ័យ៤១ឆ្នាំរូបនេះ ផ្កាអ័រគីដេរ ឬកេសរកូល ចន្ធូ ដំណក់ទឹកភ្លៀង និងផ្កាប៉ៃលិន លោកទិញយកមកពីប្រទេសថៃ។ 
 


លោក ថូ ក៏បញ្ជាទិញផ្កាពីប្រទេសវៀតណាមដែរ ដូចជា ផ្កាលីលី ផ្កាម៉ាំគ្រប់ពណ៌គ្រប់ប្រភេទ។ បើតាមលោក ថូ ប្រភេទផ្កាទាំងនេះ ពិបាកដាំដុះណាស់ ថែមទាំងចំណាយដើមទុនច្រើនទៅលើជី និងថ្នាំការពារសត្វល្អិត។ 
 
ឆ្នាំនេះ ពលរដ្ឋកាត់បន្ថយទិញផ្កាយកទៅលក់បន្តជាងឆ្នាំមុនៗ ដោយហេតុថាសេដ្ឋកិច្ចធ្លាក់ចុះ។  ឆ្នាំមុនៗ លោក ថូ អាចលក់ផ្កាបានច្រើន និងបញ្ជាទិញផ្កាពីក្រៅប្រទេសជាច្រើន ពាន់ដុំទៀតផង។  
 
បុរសរូបនេះ បានរំឭកដែរថា ប្រសិនបើពលរដ្ឋចង់ដាំផ្កាឱ្យទទួលបានប្រាក់ចំណេញ មិនខាតបង់ពេលវេលា គឺត្រូវដាំបណ្តាក់គ្នាជាដំណាក់កាល មិនត្រូវដាំផ្កាសម្រុកច្រើន ក្នុងពេលតែមួយនោះទេ ព្រោះថាទីផ្សាក្នុងស្រុកមិនទូលំទូលាយឡើយ៕
 










© រក្សាសិទ្ធិដោយ thmeythmey.com