ជាតិ
ចូលឆ្នាំចិន៖ អាជ្ញាធរភ្នំពេញ ហាមដុតផាវ ហែក្បួនសាសនា និងល្បែងស៊ីសង ដោយគ្មានការអនុញ្ញាត
07, Feb 2024 , 6:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមដុតផាវ កាំជ្រួចឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ការលែងល្បែងស៊ីសង និងការហែក្បួនតាមបែបប្រពៃណី ឬសាសនាដោយគ្មានការអនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ បម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ក្នុងគោលបំណងរៀបចំសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នាចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

 
ក្នុងសេចក្ដីជូនដំណឹង នាថ្ងៃទី៧ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យពលរដ្ឋដុតក្រដាសសែន ត្រូវប្រើប្រាស់ធុងដែក ឬឆ្នាំងដី ដោយមិនអនុញ្ញាតឱ្យដុតក្រដាសលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការអុជធូប ទៀន ក្រដាសសែន ភ្លើងចង្ក្រានចរន្តអគ្គីសនី ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលកើតឡើងជាយថាហេតុណាមួយ។ 
 
លោក ក៏ណែនាំកុំឱ្យមានការនាំចូលផាវ កាំជ្រួចជាតិផ្ទុះគ្រប់ប្រភេទ ជាពិសេសត្រួតពិនិត្យ និងដកហូតវត្ថុទាំងនោះ ដែលមានតាំងលក់នៅគ្រប់កន្លែង ក្នុងរាជធានីភ្នំពេញ។ 
 
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានស្នើដល់មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារទាំងនេះ ឱ្យបានទូលំទូលាយ។ ចំណែករដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពនានា ត្រូវផ្សព្វផ្សាយដល់កងកម្លាំង និងមន្ត្រី ព្រមទាំងពលរដ្ឋឱ្យអនុវត្តតាមការណែនាំ៕ 
 
 

Tag:
 ThmeyThmey
  ចូលឆ្នាំចិន
  រាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com