កីឡាអន្តរជាតិ
អន្តរជាតិ
កាតា ទម្លាក់អ៊ីរ៉ង់ ឡើងការពារជើងឯក Asian Cup ទល់ហ្សកដានី
08, Feb 2024 , 10:19 am        
រូបភាព
ម្ចាស់ផ្ទះកាតា ដែលជាម្ចាស់ការពារតំណែងជើងឯក បានទម្លាក់អ៊ីរ៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០២៣។ ជំនួបរវាងកាតា និងហ្សកដានី ជាការជួបគ្នារវាងក្រុមតំបន់អារ៉ាប់ ជាលើកទី៤ ចំណោមវគ្គផ្តាច់ព្រ័ត្រ១៨លើក នៃពានរង្វាន់តំបន់អាស៊ី។



នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Al Thumama នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ដែលមានអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ ខ្សែប្រយុទ្ធឆ្នើម Sardar Azmoun រកបានគ្រាប់នាំមុខឱ្យអ៊ីរ៉ង់ ត្រឹម៤នាទី នៃវគ្គទី១ មុនពេល Jassem Gaber Abdulsallam ស៊ុតតាមស្មើឱ្យកាតាវិញ នៅនាទី១៧។ 
 
មុនបញ្ចប់វគ្គទី១ ខ្សែបម្រើ Akram Afif បន្ថែមគ្រាប់ទី២ នៅនាទី៤៣ ដើម្បីជួយម្ចាស់ផ្ទះនាំមុខ ២-១ វិញ។​ ចូលដល់វគ្គទី២ បន្ទាប់ពីដំណើរការប្រកួតបាន៦នាទី អ៊ីរ៉ង់ទទូលបានបាល់ពិន័យ១១ម៉ែត្រ ហើយ Alireza Jahanbakhsh Jirendeh រ៉ាប់រងការទាត់បញ្ចូលទីតាមស្មើកាតា ២-២។ នៅទីបំផុត Almoez Ali សម្រេចបានគ្រាប់បាល់ទី៣ និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់កាតា នៅនាទី៨៣។
 
លទ្ធផល ៣-២ បានជួយកាតា ឡើងទៅការពារតំណែងជើងឯកពានរង្វាន់ទ្វីអាស៊ីរបស់ខ្លួន ដោយត្រូវជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលអ៊ីរ៉ង់ ខកឱកាសជាថ្មី ក្រោយអាក់​ខាន៤៧ឆ្នាំ។ អ៊ីរ៉ង់ ម្ចាស់ជើងឯក៣លើក ឈ្នះ Asian Cup លើកចុងក្រោយឆ្នាំ១៩៧៦ និងក្រោយៗមក មិនធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រឡើយ។
 
ដោយឡែកជំនួបវគ្គផ្តាច់ព្រ័ត្ររវាង កាតា និងហ្សកដានី ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Lusail នៅថ្ងៃទី១០ ខែកុម្ភៈ ជាការជួបគ្នារវាងក្រុមប្រទេសតំបន់អារ៉ាប់ ជាលើកទី៤ ចំណោមវគ្គផ្តាច់ព្រ័ត្រទាំង១៨លើក។ ការជួបគ្នារបស់ក្រុមប្រទេសអារ៉ាប់ នៅវគ្គផ្តាច់ព្រ័ត្រពានតំបន់អាស៊ី៣លើកកន្លងមក មានជំនួបរវាងអ៊ីរ៉ង់ ដែលយកឈ្នះកូវែត ១-០ ឆ្នាំ១៩៧៦ ជំនួបដែលអារ៉ាប៊ីសាអូឌីត ឈ្នះ អេមីរ៉ាតអារ៉ាប់រួម ដោយបាល់កាត់ក្តី១១ម៉ែត្រ នៅឆ្នាំ១៩៩៩ និងជំនួបដែលអ៊ីរ៉ាក់ ឈ្នះ អារ៉ាប៊ីសាអូឌីត ១-០ នៅឆ្នាំ២០០៧។
 
តើកាតា ម្ចាស់ជើងឯកឆ្នាំ២០១៩ អាចការពារតំណែងជើងឯករបស់ខ្លួនបានឬអត់? ហើយថាតើហ្សកដានី អាចបណ្តើមយកពាន Asian Cup ឆ្នាំ២០២៣ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានដែរឬទេ?

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com