ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកជំងឺ​ទឹកនោមផ្អែមធ្វើ​បែប​នេះ​បាន ​ពិតជា​ល្អ​ចំពោះ​សុខភាព
08, Feb 2024 , 10:59 pm        
រូបភាព
ទឹកនោមផ្អែម​ ជា​ជំងឺ​ត្រូវការ​ការ​យកចិត្តទុកដាក់ ​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់ ហើយ​អ្នកជំងឺ ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ថែ​ទាំ ដែល​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ការ​ថែទាំ និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​ល្អ​ ធ្វើ​ឲ្យ​អ្នកជំងឺ​ចៀសវាង​បាន​ច្រើន ​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​។



តិច​និក​មួយ​ចំនួន ដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​អនុវត្ត​៖
 
១. តាំងចិត្ត​ខ្ពស់​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
អ្នកជំងឺ​ទឹកនោមផ្អែម កុំ​គិត​ថា​ខ្លួន​ឯកោ នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ​​ចាំ​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​យើង​ដែរ ដូច​ជា​សាច់ញាតិ សហគមន៍ ពិសេស​គឺ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​។ យើង​ក៏​អាច​ចាប់ផ្ដើម​ស្វែង​យល់ ​ពី​ចំណេះដឹង​មូលដ្ឋាន​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម ដើម្បី​យើង​អាច​គ្រប់គ្រង​ជំងឺ​នេះបាន​កាន់តែ​ល្អ​។ ការ​ញ៉ាំ​អាហារ​សុខភាព មាន​តុល្យភាព ហាត់ប្រាណ​ជា​ប្រចាំ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អតាម​ការ​ណែនាំ សុទ្ធតែ​ជា​រឿង​សំខាន់ និង​មាន​ប្រយោជន៍​ដល់​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ ដូច​គ្នា​ដែរ ការ​តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ គឺជា​រឿង​ចាំបាច់ និង​កុំ​ភ្លេច​ប្រើប្រាស់​ថ្នាំ ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​បាន​ត្រឹមត្រូវ​។
 
២. កុំ​ជក់បារី
អ្នក​ដែល​មិន​ជក់បារី គឺជា​រឿង​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​ជក់បារី ហើយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម គួរតែ​បញ្ឈប់​ការ​ជក់បារី​។ ការ​ជក់បារី ធ្វើ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ប្រឈម​កាន់តែ​ខ្ពស់នូវ​ផលវិបាក​ផ្សេង​ៗ​។ ការ​ជក់បារី​អាច​នាំ​ឲ្យ​៖
 
•​ ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់ជើង និង​ប្រអប់ជើង ដែល​អាច​នាំ​ឲ្យ​មានការ​ឆ្លង​រោគ ដំបៅ និង​អាច​នាំ​ឲ្យ​មានការ​កាត់​ជើង​ក៏​មាន​។
•​ ​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​ខួរក្បាល
•​ ​ជំងឺ​ភ្នែក អាច​នាំ​ឲ្យមាន​ពិការ​ភ្នែក
•​ ​ខូច​ប្រព័ន្ធ​ប្រសាទ និង​តម្រងនោម
•​ ​អាច​ឆាប់​ស្លាប់
 
៣. គ្រប់គ្រង​សម្ពាធ​ឈាម និង​កូ​លេ​ស្តេ​រ៉ូ​ល​ឲ្យ​បាន​ល្អ
អ្នកជំងឺ​ទឹកនោមផ្អែម ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ដូច​គ្នា​ដែរ ការ​ឡើង​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ក៏​ជា​កង្វល់​មួយ​ដែរ អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម ហើយ​បើ​យើង​មាន​ជំងឺ​ទឹកនោមផ្អែម ការ​ខូចខាត​នេះ ​នឹង​កាន់តែ​អាក្រក់ និង​លឿន​ថែម​ទៀត​។ ពេល​ដែល​បញ្ហា​សុខភាព​ទាំង​ពីរ​នេះ​កើតឡើង​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម ​ជួប​បញ្ហា​គាំងបេះដូង បញ្ហា​សរសៃឈាម​ខួរក្បាល និង​បញ្ហា​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ផ្សេង​ទៀត​។ វិធីដ៏ល្អនោះគឺជ្រើសរើសការញ៉ាំ​អាហារ​ដែលល្អ​ចំពោះ​សុខភាព តាមរយៈការកាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់។ អ្នកជំងឺទឹកនោមផ្អែម ក៏ត្រូវហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដែលអាច​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​សម្ពាធ​ឈាម និង​កូ​លេ​ស្តេ​រ៉ូ​ល​បាន​។ ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​​​ប្រើ​ថ្នាំពេទ្យ​ខ្លះ​ដែរ បើ​ចាំបាច់​។
 
៤. ពិនិត្យ​រាង​កាយ និង​ភ្នែក​ឲ្យ​បាន​ទៀងទាត់

បន្ថែម​លើ​ការ​ពិនិត្យ​តាមដាន​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​ពី​ ២-៤​​ដង​ក្នុង​មួយ​ឆ្នាំ អ្នកជំងឺ​ទឹកនោមផ្អែម ក៏​គួរ​ពិនិត្យ​សុខភាព​រាង​កាយ និង​ភ្នែក​រាល់​ឆ្នាំ​ផង​ដែរ​។ ការ​ពិនិត្យ​សុខភាព​រាង​កាយ គ្រូពេទ្យ​នឹង​សួរនាំ​ពី​អាហារ​ដែល​យើង​ញ៉ាំ កម្រិត​សកម្មភាព​រាង​កាយ​ដែល​យើង​បាន​ធ្វើ និង​រក​មើល​ពី​ផលវិបាកដែល​អាច​កើត​មាន​ ដូច​ជា​សញ្ញា​ខូច​តម្រងនោម ខូច​ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​បេះដូង​ជាដើម​។ សម្រាប់​គ្រូពេទ្យ​ភ្នែក​វិញ អាច​នឹង​ពិនិត្យ​រក​មើល​សញ្ញា​ខូចខាត​ស្រទាប់​រ៉េ​ទី​ន ភ្នែក​ឡើងបាយ និង​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ជាដើម​។
 
៥. ថែទាំ​សុខភាព​ធ្មេញ

អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ​អាច​ប្រឈម​នឹង​បញ្ហា​ឆ្លង​រោគ​នៅ​អញ្ចាញធ្មេញ​។ អ្នកជំងឺ​ត្រូវ​ដុសធ្មេញ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ជាមួយ​ថ្នាំដុសធ្មេញ​មាន​ជាតិ fluoride ប្រើ​អំបោះ​ទាក់​កាក​សំណល់​អាហារ​ចេញពី​ធ្មេញ​រាល់ថ្ងៃ និង​ជួប​ពេទ្យធ្មេញ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​។ បើ​យើង​សង្កេត​ឃើញ​ថា​ មាន​ឈាម​អញ្ចាញធ្មេញ ឬ​អញ្ចាញធ្មេញ​ឡើង​ក្រហម ឬ​ហើម សូម​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​។
 
៦. ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផឹក​គ្រឿង​ស្រវឹង
គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​យើង​ឡើង ឬ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម អាស្រ័យ​លើ​បរិមាណ​ដែល​យើង​បាន​ផឹក និង​ថា​យើង​បាន​ញ៉ាំ​អាហារ​ខ្លះ​ៗ ​ពេល​ផឹក​គ្រឿង​ស្រវឹង​ដែរ​ឬ​អត់​។ បើ​យើង​សម្រេចចិត្ត​ថា​ ផឹក​គ្រឿង​ស្រវឹង ត្រូវ​ផឹក​ក្នុង​កម្រិត​តិចតួច មាន​ន័យ​ថា ​មិន​ត្រូវ​លើស​ពី​មួយ​កែវ ឬ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ សម្រាប់​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​វ័យចាស់​ជាង​៦៥​ឆ្នាំ។  សម្រាប់​មនុស្ស​ប្រុស​មាន​អាយុ​៦៥​ឆ្នាំ ឬ​តិច​ជាង​នេះ ត្រូវកម្រិតផឹកយ៉ាងច្រើន​បាន​ពី​កែវ ឬ​ពីរ​កំប៉ុង ក្នុង​មួយ​ថ្ងៃ​​​។ ត្រូវ​ចាំ​ថា​ ការ​ផឹក​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​នៅ​ពេល​បន្ទាប់ ពិសេស​សម្រាប់​អ្នក​ចាក់​អាំង​ស៊ុ​យ​លី​ន​។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ពី​កម្រិត​គ្រឿង​ស្រវឹង​ដែល​យើង​អាច​ផឹក​បាន​។
 
៧. គ្រប់គ្រង​ស្ត្រេ​ស
បើសិនជា​យើង​កើត​ស្ត្រេ​ស វា​អាច​នាំ​ឲ្យ​យើង​ធ្វេស​ប្រហែល ​លើ​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​ថ្ងៃ​។ អ្នកជំងឺ​ទឹកនោមផ្អែម ត្រូវ​រៀន​គ្រប់គ្រង​ស្ត្រេ​ស និង​រក​ពេល​សម្រាក​ឲ្យ​បាន​ត្រឹមត្រូវ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​សុខភាព​។ ក្រៅពី​អ្វី​រៀបរាប់​ខាងលើ យើង​ត្រូវ​គិត​វិជ្ជមាន​ចំពោះ​ខ្លួនឯង​ជា​និច្ច ជំងឺ​ទឹកនោមផ្អែម​យើង​អាច​គ្រប់គ្រង​បាន ហើយ​ជំងឺ​ទឹកនោមផ្អែម​មិន​អាច​បញ្ឈប់​យើង​ ពី​ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​ការងារ និង​មាន​សុខភាព​ល្អ បាន​នោះ​ទេ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com