កីឡាអន្តរជាតិ
អន្តរជាតិ
​​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ Messi លេងនៅជប៉ុន ធ្វើឱ្យអ្នកនយោបាយ និងអ្នកគាំទ្រហុងកុងកើនកំហឹង
08, Feb 2024 , 11:59 am        
រូបភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីពេលថ្មីៗនេះបានចុះផ្សាយថា អ្នកនយោបាយហុងកុង និងអ្នកគាំទ្របានថ្កោលទោសភ្លាមៗ ចំពោះការចូលរួមរបស់កីឡាករអាហ្សង់ទីន Lionel Messi ក្នុងការប្រកួតនៅប្រទេសជប៉ុន នាថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីគេមិនបានចូលលេងនៅក្នុងការប្រកួតរបស់ Inter Miami ទល់នឹងក្រុមហុងកុង និងធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។



អ្នកគាំទ្រជាច្រើនមានការស្រងាកចិត្ត កាលពីថ្ងៃ៤ ខែកុម្ភៈ ពេលដែលកីឡាករវ័យ ៣៦ឆ្នាំ មិនបានចូលរួមលេងនៅក្នុងការប្រកួតទល់នឹងហុងកុង ស្របពេលឃើញអង្គុយកៅអីបម្រុង ប៉ុន្តែមិនស្ថិតក្នុងឯកសណ្ឋានជាកីឡាករឡើយ។ មុនការប្រកួត Messi មានវត្តមានហាត់សមជាមួយក្រុមចំពោះមុខអ្នកគាំទ្រជាង ៤ម៉ឺននាក់។
 
អវត្តមានលើទីលាននៅហុងកុង ប៉ុន្តែ Messi បែរជាមានមុខសម្រាប់ការប្រកួតទល់នឹងក្រុម Vissel Kobe ស្ថិតក្នុងប្រទេសជប៉ុនទៅវិញ។ ការនេះ បានធ្វើឱ្យអ្នកគាំទ្រហុងកុង កាន់តែមានការខឹងសម្បារ ដ្បិតពួកគេមិនបានមើល តារាបាល់ទាត់ម្ចាស់ពានពិភពលោកនៅទឹកដីខ្លួន។

បើតាមការផ្សាយរបស់សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន អវត្តមានរបស់ Messi ទល់ហុងកុងបានចោទជាសំណួរជាច្រើន ខណៈអ្នកគាំទ្របន្តកើនកំហឹង ពេលឃើញ Messi ចូលលេងនៅជប៉ុន។ 
  

 
«ការប្រកួតនៅហុងកុង បានក្លាយជាការប្រកួតតែមួយគត់ក្នុងការប្រកួតមិត្តភាពមុនរដូវកាលទាំង ៦ របស់ Messi ដែលគាត់បានអវត្តមាន។ ស្ថានភាព […] បានពង្រីកការសង្ស័យ និងការសង្ស័យទាំងនេះចោទប្រកាន់ទៅលើភាពស្មោះត្រង់របស់ Inter Miami និង Messi ខ្លួនគេផ្ទាល់។»។ នេះបើតាមការផ្សាយរបស់របស់សារព័ត៌មានរដ្ឋចិន Global Times។
 
ព្រោះតែចង់ឃើញការលេងរបស់ Messi អ្នកគាំទ្រខ្លះធ្វើដំណើររយៈពេល ១២ម៉ោង ពីទីក្រុង Xinjiang ទៅកាន់ហុងកុង ត្រង់ចំណុចនេះសារព័ត៌មាន Global Times បានសរសេរ លាយឡំដោយក្តីខកចិត្តរបស់រដ្ឋបាលទីក្រុងហុងកុង និងអ្នកគាំទ្រថា ៖«បានជះផលប៉ះពាល់ខ្លាំងលើសពីវិស័យកីឡា»។
 
ទោះយ៉ាងណាក្រោយបញ្ចប់ការប្រកួតភ្លាមៗ កីឡាករវ័យ ៣៦ឆ្នាំ ក៏បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្រហុងកុង ដោយការសរសេរជាភាសាចិន និងអេស្ប៉ាញ ចំពោះរឿងហេតុដ៏ខកចិត្ត មុនពេលការប្រកួតទល់នឹងក្រុម Vissel Kobe ក្នុងប្រទេសជប៉ុន។ អវត្តមានរបស់ Messi ត្រូវបានគ្រូបង្វឹកប្រចាំក្រុមលោក Gerardo Martino បកស្រាយ ព្រោះតែបញ្ហារបួសសាច់ដុំ។
 
ការប្រកួតរវាង Inter Miami ទល់ហុងកុង បានចាប់យកអ្នកគាំទ្របានជិត ៤ម៉ឺននាក់ ដោយការចំណាយលើថ្លៃសំបុត្រមានតម្លៃប្រមាណជាង ៥០០០ដុល្លារហុងកុង (៦៤០ដុល្លារ) ក្នុងមួយ
សន្លឹក។ ចំណែកការប្រកួតដែលស្ថិតនៅក្នុងប្រទេសជប៉ុនវិញ ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋានជាតិរបស់ប្រទេសជប៉ុន ប៉ុន្តែកៅអីហាក់នៅទំនេរច្រើន ដោយសំបុត្រលក់បានត្រឹមតែ ២៨,៦១៤សន្លឹកតែប៉ុណ្ណោះ៕

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com