ជាតិ
វីដេអូ
ចូលឆ្នាំចិន៖ ទោះចំណេញខ្លះ ខាតខ្លះ ក៏អាជីវករនៅតែប្រថុយលក់ដើមផ្កាអង្គាសីល
08, Feb 2024 , 2:39 pm        
រូបភាព
ភ្នំពេញ៖ របរលក់ដើមផ្កាអង្គាសីល ជារបរដ៏ពេញនិយមមួយក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ប៉ុន្តែមុខរបរមួយនេះ  ប្រៀបដូចជារបរផ្សងព្រេងមួយសម្រាប់អ្នកលក់ ដ្បិតចួនខាត ចួនចំណេញ អាស្រ័យលើការថែទាំ និងអាកាសធាតុ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

នារដូវបុណ្យចូលឆ្នាំចិន-វៀតណាម អាជីវករលក់ដើមផ្កាអង្គាសីលជាច្រើន បានបោះទីតាំងលក់ នៅតាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកលក់ដើមអង្គាសីលប្រមាណ១០នាក់ អ្នកស្រី បៀម ឃីម  បានប្រាប់សារព័ត៌មានThmeyThmey25 ថារបរលក់ដើមអង្គាសីល ជារបរមិនទៀងទាត់ឡើយ។ មិនទៀងទាត់ក៏ព្រោះតែ ឆ្នាំខ្លះចំណេញច្រើន ឆ្នាំខ្លះចំណេញតិច ហើយឆ្នាំខ្លះក៏ខាត ទៅតាមការថែទាំផ្កា អាកាសធាតុ និងសេដ្ឋកិច្ច ។​ ជាក់ស្ដែងដូចឆ្នាំនេះ ហាក់ស្ងាត់ភ្ញៀវជាងឆ្នាំមុនៗ ដែលធ្វើឱ្យអ្នកលក់រូបនេះ បារម្ភលក់ផ្កាអង្គាសីលមិនអស់។ 
 
អ្នកស្រី បៀម ឃីម ត្អូញត្អែរពីផលលំបាកនៃការលក់ផ្កាអង្គាសីលមិនដាច់ពីមាត់ រាប់ចាប់តាំងពីការទៅប្រមូលទិញនៅតាមព្រៃជ្រៅ និងការថែទាំ។ អាជីវករ មានបទពិសោធន៍លក់ដើមអង្គាសីល ជាង២០ឆ្នាំមកនេះ បានរៀបរាប់ដូ​ច្នេះ៖ «រកអង្គាសីល ពេលទៅព្រៃ យើងចេះតែនឹកអាណិតខ្លួន ។ គិតក្នុងចិត្តថាឆ្នាំក្រោយឈប់ហើយ តែដល់ពេលដល់ខែចិត្តចង់ទៅទៀតហើយ កូនចៅមិនឱ្យដឹងក៏ទៅដែរ»។ 
 
មិនខុសពី អាជីវករ បៀម ឃីម អ្នកស្រី ឯម នឿន ក៏មានឧបនិស្ស័យជាមួយដើមផ្កាអង្គាសីលយ៉ាងជ្រាលជ្រៅដែរ។ ប្រកបរបរជាង២០ឆ្នាំ អ្នកស្រី ឯម នឿន តែងតែចុះទៅប្រមូលទិញដើមផ្កាអង្គាសីលនៅតាមព្រៃភ្នំ នាខេត្តពោធិ៍សាត់ដោយផ្ទាល់។ បើតាមអ្នកស្រី របរលក់ដើមអង្គាសីល ត្រូវចំណាយកម្លាំងច្រើន និងដើមទុនច្រើន ទើបប្រមូលទិញបានដើមអង្គាសីលល្អ និងធំៗបានច្រើន។ 
 
«ពេលដល់ខែចូលឆ្នាំចិន ខ្ញុំត្រូវចូលទៅដល់ព្រៃជ្រៅ ដើម្បីរកទិញដើមផ្កាអង្គាសីល ហើយត្រូវចំណាយកម្លាំងថែទាំទៀត។ ពេលខ្លះហត់ចង់ឈប់លក់ដែរ តែពេលដល់រដូវចិត្តចង់ទៅរកទៀតហើយ មុខរបរយើងធ្លាប់រកយូរឆ្នាំហើយចេះតែស្ដាយ»។ នេះជាការអះអាងរបស់អ្នកលក់ដើមអង្គាសីល ឯម នឿន។  
 
ជាអ្នករស់នៅរាជធានីភ្នំពេញ អ្នកស្រី សៅ ស៊ីថា  តែងតែធ្វើដំណើរទៅទិញផ្កាអង្គាសីលនៅខេត្តពោធិ៍សាត់ ដើម្បីយកមកលក់នៅភ្នំពេញក្នុងរដូវចូលឆ្នាំចិន-វៀតណាម។ អ្នកស្រី ស៊ីថា  បានឱ្យដឹងថា ការលក់ដើមអង្គាសីល ត្រូវប្រថុយណាស់ ព្រោះឆ្នាំខ្លះខាត ឆ្នាំខ្លះក៏ចំណេញ អាស្រ័យលើផលផ្កា។ អ្នកលក់រូបនេះ បញ្ជាក់ដូច្នេះ៖   «របរនេះមិនទៀងទេ បើយើងថែផ្កាត្រូវ មានអ្នកទិញច្រើនទៅ យើងគ្រាន់លក់បានចំណេញច្រើនដែរ។ បើផ្ការីកមុនថ្ងៃ សល់ច្រើន យើងខាតហើយ»។ 
 
ប្រកបរបរលក់ដើមផ្កាអង្គាសីលជាង១៧ឆ្នាំ អ្នកស្រី ស៊ីថា ថាអង្គាសីលដើមតូចៗងាយស្រួលលក់ជាងដើមធំៗ។ អ្នកលក់រូបនេះ រំពឹងថា ការលក់ដូរឆ្នាំនេះ នឹងកាក់កបដូចឆ្នាំមុនៗ និងមានអតិថិជនទិញច្រើន៕ 

Tag:
 អង្គាសីល
  ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com