កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ ដាក់គោលដៅ បង្កើតស្ដេចប្រដាល់គុនខ្មែរច្រើននាក់
08, Feb 2024 , 4:29 pm        
រូបភាព
លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធប្រដាល់គុនខ្មែរ
លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធប្រដាល់គុនខ្មែរ
លោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធប្រដាល់គុនខ្មែរ ដាក់គោលដៅផលិតស្តេចប្រដាល់គុនខ្មែរឱ្យបានច្រើននាក់។ អនុប្រធានរូបនេះ បន្ថែមថាសមិទ្ធផលដូចបច្ចប្បន្ន ដែលមានធនធានកីឡាករ និងសង្វៀនប្រកួតលំដាប់អន្ដរជាតិនានា បានដើរស្របនៃមហិច្ឆិតា ក្នុងការអភិវឌ្ឍគុនខ្មែរ និងធ្វើឲ្យគុនខ្មែរ ល្បីល្បាញជាងក្បាច់គុននានា។



បច្ចុប្បន្ន កម្ពុជា មានកីឡាករប្រដាល់គុនខ្មែរជួរមុខជាច្រើន ដែលមានសមត្ថភាពខ្លាំង និងឈ្នះកីឡាករបរទេស។ ប៉ុន្ដែ វិស័យកីឡាមួយនេះ មិនទាន់មានកីឡាករជាតំណាង (Iconic Person) ដែលអាចទទួលស្គាល់ថាជាស្ដេចប្រដាល់គុនខ្មែរ នៅឡើយទេ។
 
លោក ខូវ ឆាយ ក៏ទទួលស្គាល់ដែរថា វិស័យប្រដាល់គុនខ្មែរ មិនទាន់មានកីឡាកររូបណា អាចឈរជាស្ដេចប្រដាល់បានដូចជាប្រទេសមួយចំនួន ក្នុងតំបន់នោះទេព្រោះតែសមត្ថភាពកីឡាករ មិនស្ថិតថេ មានឡើងមានចុះ (ម្ដងខ្លាំង ម្ដងខ្សោយ)។
 
 «យើង ទទួលស្គាល់ថា មកដល់ពេលនេះ យើងមិនទាន់មានស្ដេចប្រដាល់ (Iconic Person) ព្រោះយើងឃើញហើយថាកីឡាករ មានឡើងមានចុះ ហើយកីឡាករមួយចំនួន ដែលទើបល្បីល្បាញ គាត់ទើបតែនិងឡើងដែរ បើនិយាយពីប្រទេសថៃ គេមានបួរខាវ ព្រោះបួខាវ ប្រកួតជាង១០ឆ្នាំហើយ ហើយគេឈ្នះកម្មវិធីពិភពលោកច្រើន ទើបគេ អាចប្រកាសថាបួខាវ ជាស្ដេចប្រដាល់របស់ថៃ។ ប៉ុន្ដែ គុនខ្មែរ យើង ទើបល្បីប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ មកដល់បច្ចុប្បន្ននេះ យើងមិនទាន់ដឹងថាអ្នកណាជាស្ដេចប្រដាល់យើងទេ។»។ អនុប្រធានរូបនេះ បាននិយាយដូច្នេះ។ 
 
ប៉ុន្ដែលោក ខូវ ឆាយ ជឿថាមិនយូរទេ អាចចន្លោះ ២-៣ឆ្នាំ វិស័យកីឡាមួយនេះ នឹងមានបុគ្គលជាស្ដេចប្រដាល់គុនខ្មែរ។ អនុប្រធានរូបនេះ បន្តថា​ គុនខ្មែរ នឹងមិនអស្ចារ្យទេ ប្រសិនជាមានស្ដេចប្រដាល់តែមួយ។ លោក ខូវ ឆាយ មានសុទិដ្ឋិនិយមថា ប្រសិនជាបង្កើតស្ដេចប្រដាល់គុនខ្មែរ ឲ្យបានច្រើន ទើបវិស័យកីឡាមួយនេះកាន់តែអស្ចារ្យ។

«យើងចង់ឲ្យគុនខ្មែរ មានស្ដេចប្រដាល់ច្រើន មិនមែនមានស្ដេចប្រដាល់តែម្នាក់ទេ អ្នកណាក៏អាចជាអ្នកខ្លាំង ដែលធ្វើឲ្យបរទេសកោតខ្លាចដែរ មិនមែនខ្លាចតែម្នាក់ ហើយផ្សេងៗទៀតអត់ខ្លាចទេ។ អ៊ីចឹង បើយើងផលិតធនធានមនុស្សបានតែម្នាក់ តើយើងមានអីអស្ចារ្យ។ តែយើងនឹងអស្ចារ្យ ប្រសិនឧទាហរណ៍ថាយើងមានស្ដេចប្រដាល់ ២០នាក់ ហើយ២០នាក់នោះទៅដល់ទីណា ក៏គេខ្លាចដែរ នោះទើបចាត់ទុកថាយើងអស្ចារ្យ។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។
 
ដោយឡែក វិស័យប្រដាល់គុនខ្មែរ បច្ចុប្បន្នមានប្រជាប្រិយ និងមានការចាប់អារម្មណ៍ច្រើន ជាពិសេសការកើនឡើងនៅធនធានកីឡាករ-កីឡាការិនី កំណើននៃសង្វៀនប្រកួត។ លោក ខូវ ឆាយ យល់ថា សមិទ្ធផលទាំងអស់នេះ នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះនៅមានប្រទេសជាច្រើនទៀត មិនទាន់ស្គាល់គុនខ្មែរ។ ដូច្នេះ ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ បញ្ជាក់ថាសហព័ន្ធ មានមហិច្ឆិតា ចង់ឲ្យពិភពលោកទាំងមូលទទួលយកក្បាច់គុនមួយនេះ៕ 

Tag:
 ប្រដាល់គុនខ្មែរ
  ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com