ជាតិ
លោក សូបូរ៉េន ថា ការសម្ដែងម៉ុងសាយក៏មានភ្លាត់ស្នៀតហើយរងរបួសដែរ
09, Feb 2024 , 9:29 am        
រូបភាព
លោក រឹត សូបូរ៉េន មានបទពិសោធន៍សម្តែងម៉ុងសាយ រយៈពេល ១៥ឆ្នាំហើយ។ ទោះមានបទពិសោធន៍សម្តែងយូឆ្នាំ ប៉ុន្តែពេលខ្លះលោកក៏ភ្លាត់ស្នៀត រអិលជាន់ខុសដែក ដែលបង្កឱ្យមានរបួសដែរ ប៉ុន្តែលោក បូរ៉េន នៅតែស្រលាញ់ការសម្តែងម៉ុងសាយ នៅលើបង្គោលដែកនេះ។




ការសម្តែងម៉ុងសាយនៅលើបង្គោលដែកកម្ពស់ពី១,៥ម៉ែត្រ ទៅជាង៣ម៉ែត្រ គឺជាតួនាទីរបស់លោក ប៉ូរ៉េន ដែលត្រូវលោតពីបង្គោលមួយ ទៅកាន់បង្គោលមួយផ្សេងទៀត ។ ចំពោះការសម្ដែងនេះ ត្រូវការប្រើកម្លាំងខ្លាំង និងភាពស្វាហាប់ ,ក្បាច់លោត និងលើកគ្នារត់នៅលើបង្គោល, ភាពក្រមិចក្រមើម,  ការរាំរែកញ៉ិកញ៉ក់ រហូតដល់ពេលខាំពាំ នាំយកសន្លឹកអាំងប៉ាវ ចងភ្ជាប់ជាមួយបន្លែស្ពៃ (ជំនាន់ដើម) ឬក៏សាឡាត (​ភាគច្រើននិយមប្រើនៅសម័យបច្ចុប្បន្ន) ដើម្បីយកទៅជូនដល់ម្ចាស់ផ្ទះវិញ តំណាងឱ្យការនាំលាភជ័យ។ 
 
បើតាមលោក បូរ៉េន ការសម្តែងលើបង្គោលដែកនេះ តម្រូវឱ្យមានមនុស្សចំនួន ២នាក់ ដោយម្នាក់កាន់ក្បាល និងម្នាក់ទៀតធ្វើជាកន្ទុយ ។ ការសម្តែងមានរយៈពេលពី ១០នាទី ទៅដល់ ១៥នាទីជាមធ្យម។
  


សម្រាប់ការសម្តែងឡើងបង្គោលដែកនេះ លោក សូបូរ៉េន ដែលជាអ្នកកាន់ក្បាលម៉ុងសាយសម្តែងផ្ទាល់ បាននិយាយថា វាមានភាពពិបាកណាស់ ព្រោះត្រូវការយល់ចិត្តគ្នាក្នុងការសម្តែង បូកផ្សំរាងកាយរឹងមាំថែមទៀត។
 
«សម្រាប់ខ្ញុំការហ្វឹកហាត់ពី ២ ទៅ ៣ខែ ព្រោះយើងមានគ្នា ២នាក់ ដូច្នេះត្រូវតែហាត់សមឱ្យស្និទិ្ធគ្នា និងត្រូវគ្នាទើបអាចសម្តែងនៅលើបង្គោលដែកបាន។ សម្រាប់កាយសម្បាទាយើងត្រូវការហាត់ប្រាណ និងហាត់ជើងឱ្យរឹងមាំដើម្បីអាចលើកគ្នាបាន។»។ លោក សូបូរ៉េន បាននិយាយប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗបែបនេះ។
  


លោក សូបូរ៉េន បានបន្ថែមថា ការសម្តែងម៉ុងសាយនៅលើបង្គោលដែក ទាមទារការយកចិត្តទុកដាក់អំឡុងពេលហ្វឹកហាត់ ដើម្បីឱ្យការលោតទៅមិនងាយភ្លាត់ស្នៀត ឬខុសក្បាច់ណាមួយពេលសម្តែង ជាពិសេសត្រូវសម្ដែងតាមចង្វាក់ភ្លេង។ 
 
ទោះជាមានបទពិសោធន៍សម្តែង អស់១៥ឆ្នាំក្តី​ ប៉ុន្តែជួនកាលលោក បូរ៉េន ក៏ភ្លាត់ស្នៀត និងរអិលជាដើម។ បុរសវ័យ ៣១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«បញ្ហាតែងតែមានព្រោះយើងមិនអាចមើលទុកមុនបាន ទោះមានបទពិសោធន៍ច្រើន។ បញ្ហាពេលយើងលោតនៅលើបង្គោលដែក ជួនកាលពីការរអិលជើង និងភ្លាត់ជើង ព្រោះខ្ញុំធ្លាប់ជួបច្រើន ប៉ុន្តែយ៉ាងណាខ្ញុំនៅតែចូលចិត្តតួនាទីមួយនេះ ព្រោះតែចិត្តស្រលាញ់។»។
 
ការសម្តែងម៉ុងសាយ-សត្វនាគ ត្រូវបានប្រជាជនសែស្រឡាយចិន​ ចាត់ទុកថា ជាការដេញនូវឧបទ្រពចង្រៃ ដែលមានក្នុងឆ្នាំចាស់ ឱ្យស្រឡះចេញពីបរិវេណផ្ទះ ហាង ឬ ក្រុមហ៊ុន ដោយនាំមកនូវសេចក្តីសុខ សំណាង និងនាំលាភជ័យ ក្នុងឱកាសចូលឆ្នាំថ្មី ទៅតាមជំនឿ៕




Tag:
 ម៉ុងសាយ
  ចូលឆ្នាំចិន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com