ជាតិ
សុខភាព
ជប៉ុន ផ្តល់ជំនួយជិត២០ម៉ឺនដុល្លារ ចូលរួមពង្រឹងសេវាសុខាភិបាលកម្ពុជា រូបភាព៖ ស្ថានទូតជប៉ុន
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងចំនួន ១៩៧,៧៨៥ ដុល្លារ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាលនៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ កុម្ភៈនេះ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយចំនួនពីរ គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តព្រះវិហា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅថ្ងៃនេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប នឹងទទួលបានជំនួយថវិកាចំនួន ៧១,១៣៧ ដុល្លារអាមេរិក សម្រាប់ដំឡើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា មជ្ឈមណ្ឌលនេះ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការខូតខាតឧបករណ៍ចាំបាច់សម្រាប់ផលិតជើងសិប្បនិម្មិត និងរណប ក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ កត្តាទាំងនេះ នាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនាមានកម្រិត។ ស្ថានទូតជប៉ុនបន្ថែមថា៖ «ជាមួយនឹងឧបករណ៍ ក៏ដូចជាសេវាកម្មដែលប្រសើរឡើង គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ក្នុងមួយឆ្នាំ»។
រូបភាព៖ ស្ថានទូតជប៉ុន
ចំណែកមន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងទទួលបានជំនួយចំនួន ១២៦,៦៤៨ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មីដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន អគារចម្បងនៃមណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជាការលេចធ្លាយទឹក ស្នាមប្រេះ និងប្រហោង ដែលនាំឱ្យអ្នកជំងឺ និងបុគ្គលិកស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិក ហើយផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ប្រហែល ៨ ៤០០នាក់ ដែលមកទទួលសេវាជារៀងរាល់ឆ្នាំ។
នៅក្នុងពិធីចុះហត្ថលេខានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៩គម្រោង នៅទូទាំងកម្ពុជា បន្ថែមពីលើកម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយនៅថ្ងៃទី៨ កុម្ភៈនេះ។ រូបភាព៖ ស្ថានទូតជប៉ុន
«យើងរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។ លោក អ៊ូអិណុ អាត់ស៊ូស៊ី លើកឡើងដូច្នេះ រួចបញ្ជាក់ថា ជប៉ុននឹងបន្តចូលរួមដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាជួបប្រទះ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន តាមរយៈជំនួយអភិវឌ្ឍន៍ផ្សេងៗ និងជំនួយគូសាណូណិ ផងដែរ៕
Tag:
សុខភិបាល
ជំនួយ
ជប៉ុន
កម្ពុជា
សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com