កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ទុក​សំបុត្រ​លា​ដ៏​ជូរចត់​ដល់​កីឡាករ Roma ក្រោយ​ត្រូវ​បញ្ចប់តំណែង
09, Feb 2024 , 10:29 am        
រូបភាព
លោក Jose Mourinho បានប្រគល់ចិញ្ចៀនពិសេសមួយត្រឡប់ទៅវិញ និងបន្សល់ទុកសំបុត្រលាគ្នាដ៏ជូរចត់​ដល់ក្រុមកីឡាកររបស់ AS Roma បន្ទាប់ពីទទួលបានអារម្មណ៍ថាសមាជិកកីឡាករបានក្បត់ខ្លួន ហើយត្រូវបានបណ្តេញចេញ។



បុរសវ័យ ៦១ឆ្នាំ បានបាត់បង់ការងារនៅ Roma កាលពីខែមករា បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ ក្នុងក្របខណ្ឌ Serie A។ បើតាមការផ្សាយរបស់កាសែតអ៊ីតាលី II Messaggero បុរសសញ្ជាតិព័រទុយហ្កាល់ បានផ្ញើចិញ្ចៀនដែលជាអំណោយពីសំណាក់កីឡាករ ក្រោយពេលឈ្នះពាន Europa Conference League ក្នុងឆ្នាំ២០២២ ត្រឡប់ទៅវិញ។ លោក Mourinho បានទុកចិញ្ចៀននោះនៅក្នុងតុរបស់ប្រធានក្រុម Lorenzo Pellegrini បន្ទាប់ពីត្រូវបណ្តេញចេញនៅថ្ងៃទី១៦ ខែមករា។
 
បើតាមការចុះផ្សាយរបស់កាសែត Daily Mail អ្នកចាត់ការរហស្សនាម Special One បានទុកលិខិតលាគ្នាដ៏ជូរចត់មួយបន្ថែមផងដែរ ដោយលិខិតនោះបានសរសេរដូច្នេះថា៖«នៅ ពេលដែលអ្នកក្លាយជាបុរសពិត សូមផ្តល់វាត្រឡប់មកកាន់ខ្ញុំវិញ។»។ ការសរសេរខ្លឹមសារខ្លីនោះ ហាក់បង្ហាញពីអារម្មណ៍ដែលលោកត្រូវបានក្បត់ដោយកីឡាករ ដែលបង្ហាញទម្រង់លេងខ្សោយ ហើយជាហេតុផលមួយដែលនាំឱ្យលោកបាត់តំណែង។
 
Roma នៅចំណាត់ថ្នាក់លេខ៩ មុនពេល Mourinho ត្រូវបណ្តេញចេញ ហើយបច្ចុប្បន្នវីរបុរសក្លិប Daniele de Rossi បានចូលកាន់តំណែងជំនួស ហើយដឹកនាំក្រុមឈ្នះ ៣ប្រកួតជាប់ៗគ្នា ជំរុញឱ្យក្រុមឡើងដល់ចំណាត់ថ្នាក់លេខ៥ វិញ។
 
បុរសវ័យ៦១ឆ្នាំ បានចូលរួមជាមួយនឹង Roma ក្នុងឆ្នាំ២០២១ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ ហើយបានជួយ Roma ឈ្នះពាន Conference League ក្នុងឆ្នាំ២០២១-២០២២ ដែលជាពានរង្វាន់អឺរ៉ុបលើកដំបូង។ រដូវកាលបន្ទាប់លោកដឹកនាំ Roma ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League តែបានត្រឹមចំណាត់ថ្នាក់លេខ២។
 
តាមរយៈពេលការផ្សាយរបស់ Daily Mail ដដែល បានបង្ហើបថាលោក Mourinho មានបំណងចង់វិលត្រលប់ទៅកាន់ក្រុម Manchester United វិញ ដោយប្រភពដ៏ជិតស្និទ្ធទៅនឹងអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ថា លោកនៅមិនទាន់បញ្ចប់ការងាររបស់លោកឡើយ ចាប់តាំងពីចាកចេញក្នុងឆ្នាំ២០១៨៕
 

Tag:
 Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com