កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami សុំទោសអ្នកគាំទ្រហុងកុង ចំពោះអវត្តមាន Messi ដោយសាររបួស
09, Feb 2024 , 5:29 pm        
រូបភាព
ក្លិប Inter Miami ចេញមុខសុំទោស ជំនួសមុខឱ្យ Lionel Messi ចំពោះការមិនបានចូលលេងនៅក្នុងជំនួបមិត្តភាពទល់នឹងក្រុមហុងកុង ដែលបង្កឱ្យអ្នកគាំទ្រហុងកុងខឹងសម្បារ និងអ្នករៀបចំការប្រកួតខកចិត្ត។ ក្លិបស្ថិតក្នុងលីគកំពូលអាម៉េរិក MLS សារភាពថាខ្លួនពិតជាមិនដាក់ Messi ចូលលេងបានឡើយដោយសារបញ្ហារបួស។



អំឡុងស្ថិតក្នុងទឹកដីហុងកុង ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួនកាលថ្ងៃហ្វឹកហាត់មុនការប្រកួតចំពោះមុខអ្នកគាំទ្រជាង ៤ម៉ឺននាក់ ប៉ុន្តែដល់ថ្ងៃនៃការប្រកួតតារាបាល់ទាត់ម្ចាស់ពាន Ballon d’Or ៨សម័យ បែរជាមិនមានវត្តមានហាត់សមកម្តៅសាច់ដុំមុនការប្រកួត ហើយថែមទាំងមិនបានចូលរួមប្រកួតថែមទៀត។ អវត្តមាន Messi ធ្វើឱ្យអ្នកគាំទ្រជិត ៤ម៉ឺននាក់នៅថ្ងៃប្រកួត ផ្ទុះកំហឹង ហើយទាមទារការបកស្រាយ។
 
ក្រោយចប់ការប្រកួតភ្លាមៗ លោក Gerardo Martino ជាគ្រូបង្វឹកក៏បានអះអាងដែរថា Messi មានបញ្ហារបួសសាច់ដុំទើបមិនអាចបង្ហាញខ្លួនក្នុងការប្រកួតបាន។
 
មកដល់ពេលនេះក្រោយពេលដែល Inter Miami បានបញ្ចប់ការប្រកួតមិត្តភាពនៅក្នុងប្រទេសជប៉ុនរួមមក ក្លិបស្ថិតក្នុងលីគ MLS បានចេញមុខសុំទោសចំពោះអ្នកគាំទ្រហុងកុង ចំពោះអវត្តមានរបស់ ​Messi។
 
«ទោះបីយើងមានបំណងល្អបំផុតក៏ដោយ យើងយល់ថាមានការខកចិត្តចំពោះអវត្តមានរបស់ Lionel Messi និង Luis Suarez ក្នុងការប្រកួតកាលពីសប្តាហ៍មុន ហើយយើងមានការសោកស្តាយដែលកីឡាករទាំងពីរមិនអាចចូលរួមបាន។ យើងទទួលស្គាល់ថាការសម្រេចចិត្តយឺតយ៉ាងបានបង្កឱ្យមានការខកចិត្តក្នុងចំណោមអ្នកគាំទ្រហុងកុងរបស់យើង និងអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍ Tatler Asia។ យើងមានអារម្មណ៍ថាចាំបាច់ដើម្បីបង្ហាញថារបួសគឺជារឿងដ៏សំខាន់ ព្រមទាំងសុខភាពរបស់កីឡាករត្រូវបានគិតគូមុនជានិច្ច។»។ នេះបើតាមការប្រកាសរបស់ក្លិប Inter Miami។
 
Inter Miami បានអះអាងថែមថា ពួកគេបានគិតពីការសម្រេចចិត្តក្នុងម៉ោងប្រកួត ដែលចង់ដាក់ឱ្យកីឡាករទាំង ២ ចូលលេងនៅនាទីចុងម៉ោង ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រ ប៉ុន្តែមិនអាចធ្វើទៅបាន ជាពិសេស Messi ដែលស្ថិតនៅក្នុងស្ថានភាពរបួស។
 
ទោះជាយ៉ាងណាពេលដែល Miami ប្រកួតទល់ក្រុម Vissel Kobe របស់ជប៉ុន តារាបាល់ទាត់អាហ្សង់ទីន បានចូលលេងដោយប្តូរចូលនៅនាទី៦០ ខណៈអ្នកគាំទ្រមិនបានចូលរួមទស្សនាពេញកីឡដ្ឋានជាតិរបស់ជប៉ុនឡើយ។ អ្នកគាំទ្រជប៉ុនប្រមាណត្រឹមតែ ២៨,៦១៤នាក់ ប៉ុណ្ណោះចូលរួមទស្សនាការប្រកួត បើធៀបទៅអ្នកគាំទ្រហុងកុងមានជិត ៤ម៉ឺននាក់ទន្ទឹងចង់ឃើញ Messi លេង។
 
បើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗ (MSEC) បានផ្តល់ប្រាក់ចំនួន ១៥លានដុល្លារហុងកុង (១,៩២លានដុល្លារ) សម្រាប់រៀបចំការប្រកួតរវាងក្រុមហុងកុង ទល់នឹង Inter Miami៕
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com