កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែន ទូលពិត IOC មានអត្តលិកអូឡាំពិកប៉ារីស គាំទ្រសង្គ្រាម​រុស្ស៊ីលើអ៊ុយក្រែន
09, Feb 2024 , 8:29 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន (UOC) បានអះអាងថា អត្តពលិកមួយចំនួនមិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ ឡើយ ដោយសារតែពួកគេគាំទ្រចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។



អត្តពលិករុស្ស៊ី និងបេឡារុស ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៤ ត្រូវបានអនុញ្ញាតឱ្យចូលរួមជាអព្យាក្រឹត និងប្រកួតប្រជែងដោយគ្មានទង់ជាតិ និមិត្តសញ្ញា ឬភ្លេងជាតិនៃប្រទេសរបស់ពួកគេ។
 
នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) UOC បាននិយាយថា អត្តពលិករុស្ស៊ីមួយចំនួន គាំទ្រ និងចាត់ទុកការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ជារឿងត្រឹមត្រូវ។ UOC ក៏បានផ្តល់ជាភស្តុតាងទៅ IOC ដែលបញ្ជាក់ថាអត្តពលិកជាច្រើននាក់បានបង្ហាញការគាំទ្ររុស្ស៊ី និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីការគាំទ្រចំពោះសង្គ្រាមនៅអ៊ុយក្រែន។
 
ក្នុងលក្ខខណ្ឌអូឡាំពិកមួយចំនួន ដើម្បីប្រកួតប្រជែងនៅអូឡាំពិកក្រុងប៉ារីស ប្រទេសបារាំង អត្តពលិកអព្យាក្រឹតត្រូវតែបំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមានការមិនបង្ហាញការគាំទ្រចំពោះសង្គ្រាម។ ក្នុងករណីនេះ UOC បានដឹងថាអត្តពលិកដែលបង្ហាញការគាំទ្រចំពោះសង្គ្រាមមួយចំនួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតរដូវក្តៅនេះរួចហើយ ដូច្នេះសុំឱ្យ IOC យកចិត្តទុកដាក់ជាពិសេសចំពោះទង្វើរបស់អត្តពលិកទាំងនោះ។
 
យ៉ាងណាក៏ដោយ នៅក្នុងលិខិតផ្ញើជូនលោក Thomas Bach ប្រធាន IOC លោក Vadym Guttsait គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន បង្ហាញការព្រួយបារម្ភ អំពីការកើនឡើងចំនួនអត្តពលិកដែលហាក់ដូចជាបំពានលក្ខខណ្ឌទាំងនេះ ចាប់តាំងពីការប្រកួតវគ្គជម្រុះអូឡាំពិកកាលពីឆ្នាំមុនមកម្លេះ។
 
អត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ដោយឡែក IOC អះអាងថា ការអនុញ្ញាតឱ្យអត្តពលិកទាំងពីរប្រទេសនេះមួយចំនួនចូលរួមអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយសារ ការគោរពសិទ្ធិមនុស្ស៕

Tag:
 IOC
  UOC
  សង្គ្រាមអ៊ុយក្រែម
© រក្សាសិទ្ធិដោយ thmeythmey.com