សង្គមអន្តរជាតិ​
អន្តរជាតិ
តើប្រទេសណាខ្លះ ប្រារព្ធពិធីបុណ្យចូលឆ្នាំស្រដៀងចិន ?
09, Feb 2024 , 9:59 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
បុណ្យចូលឆ្នាំចិន ត្រូវបានគេហៅថា បុណ្យរដូវផ្ការីកដែលមានរយៈពេល ១៥ថ្ងៃ ដោយរាប់ចាប់ផ្តើមពីថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ និងបញ្ចប់នៅថ្ងៃទី១៥ ឬគេហៅថាថ្ងៃពិធីបុណ្យបង្ហោះគោម។ ក្រៅពីចិន ក៏មានប្រទេសមួយចំនួនដូចជា វៀតណាម កូរ៉េខាងត្បូង សិង្ហបុរី និងម៉ុងហ្គោលីជាដើម ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្រដៀងចិន។

 
ចាប់ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ១២តាមច័ន្ទគតិ ប្រជាជន​ចិន​មក​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ ត្រៀមទទួលឆ្នាំថ្មី។ ពួកគេបានជជែកគ្នាលេងយ៉ាងសប្បាយរីករាយ និងធ្វើនំប៉ាវ ដែលជាមុខម្ហូបដែលមិនអាចខ្វះបានសម្រាប់ឆ្នាំថ្មី។ ចំណែកនៅថ្ងៃចូលឆ្នាំប្រពៃណីរបស់គ្រួសារជនជាតិចិន តែងតែអង្គុយញ៉ាំរួមទាំងញាតិមិត្តជិតឆ្ងាយ ហើយអាហារថ្ងៃត្រង់ ដែលមិនអាចខ្វះបាននោះគឺ មាន់ ត្រី សណ្ដែក និងដំឡូង។
 
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី គ្រួសារចិនជាច្រើន តែងបិទប្រយោគសរសេចំនួន២ នៅមាត់ទ្វារខាងមុខរបស់ពួកគេ។ មនុស្សម្នានាំគ្នាបង្ហោះគោមក្រហម និងអ៊ុជកាំជ្រួច ដើម្បីបញ្ចៀសវិញ្ញាណអាក្រក់ និងសំណាងអាក្រក់ចេញឲ្យផុត។ 
 
ខាងក្រោមនេះ ជាបណ្តាប្រទេសមួយចំនួនដែលប្រារព្ធពិធីបុណ្យស្រដៀងចូលឆ្នាំចិន ៖
 
វៀតណាម 
 
បុណ្យចូលឆ្នាំថ្មី ឬគេហៅថា តេត ជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រជាជនវៀតណាម ដែលជាធម្មតាពិធីបុណ្យនេះ មានរយៈពេល ៣ថ្ងៃ។ នៅវៀតណាម បុណ្យតេត ជាឱកាសជួបជុំជាមួយក្រុមគ្រួសារ។ ម្ហូប​ប្រពៃណី​វៀតណាម​ ក្នុង​អំឡុង​ពេល​បុណ្យ​តេត​រួម​មាន បាញ់​តេត បាញ់ជឺង បាញ់គួន បង្គា​ស្ងួត និង​តៅហ៊ូជាដើម។
 
ដូចប្រទេសដទៃទៀតដែរ វៀតណាមមានសំលៀកបំពាក់ប្រពៃណីរបស់ខ្លួនគឺ អាវសាយ ដែលជាសម្លៀកបំពាក់ពេញនិយម និងជាពិសេសត្រូវបានប្រជាជនពាក់ នៅក្នុងឱកាសចូលឆ្នាំថ្មី និងកម្មវិធីបុណ្យផ្សេង!។ 
 
លើសពីនេះ ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី គ្រួសារវៀតណាមនឹងទៅវត្តជាមួយគ្នា ដើម្បីបួងសួងសុំសេចក្តីសុខ សុខភាព និងសំណាងល្អ។ វៀតណាម ក៏មានទំនៀមទម្លាប់សងបំណុលគេ និងបោសសម្អាតផ្ទះមុនចូលឆ្នាំថ្មី និងមិនបោះចោលអ្វីទាំងអស់នៅថ្ងៃដំបូងនៃឆ្នាំ ដើម្បីជៀសវាងសំណាងអាក្រក់។
 
កូរ៉េខាងត្បូង
 
បុណ្យចូលឆ្នាំថ្មីជាថ្ងៃឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់ប្រជាជនកូរ៉េ ដែលត្រូវបានគេស្គាល់ថាពិធីបុណ្យ Seolllal។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​កូរ៉េ មនុស្ស​នឹង​ដុត​គល់​ឫស្សី​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ព្រោះ​សំឡេង​ប្រេះ​របស់ឬស្សីដែលឆេះ នឹង​បណ្តេញ​អំពើ​អាក្រក់ និង​នាំ​មក​នូវ​សុភមង្គល​ក្នុង​ឆ្នាំ​ថ្មី។ លើសពីនេះ ប្រជាជនកូរ៉េ មានទំនៀមទម្លាប់ងូតទឹកក្តៅ មុនពេលចូលឆ្នាំ ដើម្បីលាងជម្រះអំពើអាក្រក់។
 
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រជាជនកូរ៉េតែងតែស្លៀកសំលៀកបំពាក់ប្រពៃណីហៅថា ហាន់បុក ធ្វើពិធីដូនតា លេងល្បែងប្រជាប្រិយ បរិភោគអាហារប្រពៃណី ស្តាប់រឿង និងជួបជុំមនុស្ស។ ក្រៅ​ពី​ប្រាក់​សំណាង​ ប្រជាជនកូរ៉េ​ក៏​ផ្តល់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក យិនស៊ិន ទឹកឃ្មុំ ត្រីសាម៉ុង ឬ​របស់​របរ​ប្រចាំ​ថ្ងៃ​ដូច​ជា សាប៊ូកក់សក់ ថ្នាំដុសធ្មេញជាដើម។ 
 
សិង្ហបុរី 
 
ទំនៀមទម្លាប់ បុណ្យចូលឆ្នាំនៅសិង្ហបុរី មានភាពស្រដៀងគ្នាជាច្រើនទៅនឹងចិន។ មុន​ពេល​ស្វាគមន៍​ឆ្នាំ​ថ្មី ប្រជាជន​សិង្ហបុរី ​ក៏​មាន​ទម្លាប់​សម្អាត និង​តុបតែង​ផ្ទះ និង​ផ្លូវ​ដែរ។ បន្ទាប់ពីទទួលទានអាហារថ្ងៃចូលឆ្នាំជាមួយសមាជិកគ្រួសាររួច ពួកគេបានអង្គុយជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ស្វាគមន៍ឆ្នាំថ្មី។ គ្រួសារ​ខ្លះ​ ទៅ​វត្តហើយ​រង់ចាំ​ពេល​ចូល​ឆ្នាំ​ថ្មី។
 
បុណ្យចូលឆ្នាំថ្មី ជាពិធីបុណ្យដ៏ធំបំផុតមួយនៅសិង្ហបុរី។ នៅថ្ងៃទី៣០ នៃពិធីបុណ្យចូលឆ្នាំ ប្រជាជនសិង្ហបុរី តែងតែធ្វើសកម្មភាពសប្បាយៗជាច្រើនដូចជា ការច្រៀង និងការរាំនៅតាមដងផ្លូវ។ ជនជាតិសិង្ហបុរីភាគច្រើន មានជាប់សែស្រឡាយចិន។ 
 
ម៉ុងហ្កោលី
 
ដូច​ប្រទេស​អាស៊ី​ជាច្រើន​ដែរ បុណ្យចូលឆ្នាំ​ជា​ឱកាស​សម្រាប់​ជនជាតិ​ម៉ុងហ្គោលី​ជួបជុំគ្នា ​និង​ទទួល​ទាន​ម្ហូបអាហារប្រពៃណី។ ពួកគេមានជំនឿ មិនធ្វើអំពើអាក្រក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំឡើយ។ នៅមុនថ្ងៃចូលឆ្នាំ ជនជាតិម៉ុងហ្គោលីលាងចានជាមួយទឹកដោះសេះ និងសម្អាតគ្រប់ជ្រុងនៃផ្ទះ។ នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​មក​ដល់ ប្រជាជន​ម៉ុងហ្គោលី​ធ្វើ​ពិធី​អង្គុយផឹកតែ។
 
មុខម្ហូបបែបប្រពៃណីម៉ុងហ្គោលីក្នុងឱកាសចូលឆ្នាំគឺ នំបញ្ចុក សាច់ចៀម សាច់គោ សាច់សេះ អង្ករដំណើប ប្រហិត...។ 
 
លើសពីនេះ ពួកគេក៏បានដាក់ដុំទឹកកកចំនួនបីនៅខាងក្រៅទ្វារផ្ទះ ដើម្បីថ្វាយទៅដល់ព្រះ Palden Lhamo។ មនុស្សម្នានៅក្នុងគ្រួសារតែងលេងបៀរជាមួយគ្នា អ្នកឈ្នះត្រូវបានចាត់ទុកថាមានសំណាងល្អពេញមួយឆ្នាំ។
 
ក្រៅពីប្រទេសខាងលើ ប្រជាជននៅក្នុងបណ្តាប្រទេសជាច្រើន បានបារព្ធពិធីចូលឆ្នាំប្រពៃណីចិន-វៀតណាម ដោយសារពួកគេមានសែស្រឡាយជាប់។ លើសពីនេះ ប្រមុខរដ្ឋាភិបាលមួយចំនួន ក៏បានអបអរពិធីប្រពៃណីមួយនេះដែរ៕ 
 

Tag:
 ចិន
  ចូលឆ្នាំ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com