ភ្នំពេញ៖ កញ្ញា មីង តាវ គឺជាកម្មការិនីរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ។ កញ្ញា មីង តាយ បានវិវឌ្ឍន៍ខ្លួនពីកម្មការិនីទៅជាអ្នកបកប្រែភាសាចិនក្នុងរោងចក្រ ដែលអាចរកចំណូលបានច្រើនជាងមុន។ បើតាមកញ្ញា មីង តាវ ភាសាចិន ពិតជាមានសារៈសំខាន់ ដែលអាចជួយបង្កើនចំណូល និងមានកិត្តិយសជាងពេលធ្វើកម្មករធម្មតា។
ឈប់រៀនត្រឹមអនុវិទ្យាល័យដោយសារជីវភាពគ្រួសារ កញ្ញា មីង តាវ បានមកធ្វើការរោងចក្រនៅរាជធានីភ្នំពេញ។ មកធ្វើការក្នុងរោងចក្រមុនដំបូង កញ្ញា មីង តាវ ត្រឹមជាកម្មករប៉ុណ្ណោះ។ ប៉ុន្តែហេតុតែស្រឡាញ់ការសិក្សា និងចង់អភិវឌ្ឍន៍ខ្លួន ក្នុងអំឡុងពេលធ្វើការនៅរោងចក្រនោះ កញ្ញា មីង តាវ បានឆ្លៀតពេលទៅរៀនភាសាចិន នៅព្រះវិហារចិនមួយកន្លែង។
«ដោយសារខ្ញុំស្រឡាញ់ការសិក្សាពេក ខ្ញុំគិតថាជ្រើសរើសភាសាណាមួយសម្រាប់រៀន ដើម្បីប្រើប្រាស់បាន។ ពេលធ្វើការនៅរោងចក្រ ខ្ញុំមានទំនាក់ទំនងជាមួយចិនយូរៗទៅ ខ្ញុំក៏ចេះចិនខ្លះៗ។ ខ្ញុំគិតថា ខ្ញុំចេះខ្លះហើយ តែមិនទាន់គ្រប់គ្រាន់ ដូច្នេះបានជាខ្ញុំទៅរៀនចិនបន្ថែម»។ នេះជាការលើកឡើងរបស់កញ្ញា មីង តាវ អ្នកបកប្រែភាសាចិន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយកញ្ញា មីង តាវ អ្នកបកប្រែភាសាចិនដូចតទៅ៖
ក្រោយតស៊ូរៀនភាសាចិន នៅតាមព្រះវិហារ ដោយឥតគិតថ្លៃ និងការប្រាស្រ័យទាក់ទងជាមួយជនជាតិចិន នៅក្នុងរោងចក្រ បានធ្វើឱ្យកញ្ញា មីង តាវ មានសមត្ថភាពអាចបកប្រែភាសាចិនបាន។
កញ្ញា មីង តាវ ដែលជាអ្នកបកប្រែភាសាចិន ១១ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើងជាមនុស្សម្នាក់ដែលមានការសិក្សាទាប ឥឡូវយើងអាចរៀនភាសាចិន និងអាចចេះនិយាយចិន គឺជាមោទកភាពមួយសម្រាប់ខ្ញុំ»។
តាមរយៈការខិតខំប្រឹងប្រែង និងសង្វាតក្នុងការសិក្សាភាសាចិន បាននាំមកនូវផលវិជ្ជមានសម្រាប់កញ្ញា មីង តាវ។ បើតាមកញ្ញា មីង តាវ ការចេះភាសាចិននេះ បានជួយកែប្រែជីវភាពរស់នៅ និងបង្កើនចំណូលផងដែរ។ លើសពីនេះ ក្នុងតួនាទីជាអ្នកបកប្រែ កញ្ញា មីង តាវ ក៏ជួយដោះស្រាយបញ្ហាដែលកម្មករបានជួបប្រទះផងដែរ។
តើភាសាចិន មានតម្លៃយ៉ាងណា? កញ្ញា មីង តាវ ឆ្លើយប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖«វាមានតម្លៃ ព្រោះភាសាចិន អាចទាក់ទាញចំណូលខ្ពស់ អាចធ្វើឱ្យខ្ញុំមានកិត្តិយសជាងកាលពីធ្វើការកម្មករធម្មតា។ ជាពិសេសអាចជួយកម្មករ ពេលមានបញ្ហាជាមួយចិនជាដើម»។
ទោះភាសាចិន មានផលលំបាក តែកញ្ញា មីង តាវ មិនបោះបង់ការប្រឹងប្រែងនោះទេ។ អ្នកបកប្រែរូបនេះ យល់ថាផលលំបាកទាំងនោះ មិនមែនជាឧបសគ្គសម្រាប់កញ្ញាឡើយ ព្រោះភាសានេះ បានជួយបំពេញបន្ថែមចំណុចខ្វះខាតរបស់កញ្ញា។ កញ្ញា មីង តាវ ក៏បានលើកទឹកចិត្តដល់អ្នកជុំវិញខ្លួនឱ្យខិតខំរៀនភាសាចិន សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងជាដើមទុនសម្រាប់មនុស្សម្នាក់ៗ៕