អន្តរជាតិ
ហេតុអ្វីចិននិយមប្រារព្ធពិធីលោតម៉ុងសាយ?
10, Feb 2024 , 8:29 am        
រូបភាព
រូបភាពxinhua
រូបភាពxinhua
ពិធីលោតម៉ុងសាយ (Lion Dance) ជាទំនៀមទំលាប់ដ៏សំខាន់មួយ ដែលចិនតែងនិយមធ្វើ ដើម្បីបណ្តេញគ្រោះមិនល្អ និងនាំមកវិញនូវលាភសំណាង។ ជាញយៗ ពិធីលោតម៉ុងសាយ តែងត្រូវបានសម្តែងនៅក្នុងពិធីចូលឆ្នាំប្រពៃណីចិន-វៀតណាម ការបើកហាងថ្មី និងពិធីបុណ្យសែននំព្រះខែជាដើម។

 
មានប្រវត្តិជាច្រើនពាន់ឆ្នាំមកហើយ ពិធីលោតម៉ុងសាយ តែងត្រូវបានប្រជាជនចិននិយមធ្វើឡើង ដើម្បីនាំរឿងល្អចូលមកក្នុងផ្ទះ និងបណ្តេញរឿងរ៉ាវមិនល្អចេញ។ នៅក្នុងវប្បធម៌ចិន ដែលមិនខុសពីបណ្តាប្រទេសមួយចំនួនឡើយ សត្វតោតំណាងឱ្យអំណាច ប្រាជ្ញា និងឧត្តមភាព។ ហេតុនេះ ពិធីលោតម៉ុងសាយ ជាការសម្តែងដ៏សំខាន់ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិន ពិធីបុណ្យផ្សេងទៀត ក៏ដូចជាពិធីឡើងគេហដ្ឋានថ្មី ឬហាងថ្មីជាដើម ដើម្បីទទួលលាភសំណាង។ 
 
ជាការពិត ពិធីលោតម៉ុងសាយ មិនត្រឹមមានតែនៅចិនប៉ុណ្ណោះទេ ប៉ុន្តែវាមាននៅបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ដូចជា សិង្ហបុរី, វៀតណាម, អឺរ៉ុប, កម្ពុជា, កូរ៉េខាងត្បូង, ម៉ាឡេស៊ី និងជប៉ុនជាដើម។ 
 
ជាការសម្តែងដ៏ជក់ចិត្តមួយ ការលោតម៉ុងសាយមានក្បាច់សម្តែងផ្សេងៗគ្នាទៅតាមតំបន់ ដូចជាការសម្តែងនៅតំបន់ភាគខាងត្បូងចិន, ការសម្តែងនៅភាគខាងជើងចិន និងនៅក្នុងតំបន់ក្រៅពីចិនជាដើម។ ជាក់ស្តែងការសម្តែងម៉ុងសាយនៅតំបន់ភាគខាងជើងរួមទាំងក្រុងប៉េកាំង គឺមានភាពសកម្ម និងហក់លោតខ្លាំង។ ការសម្តែងនៅក្នុងតំបន់នេះ ក៏មានបញ្ចូលក្បាច់គុនកុងហ្វូ (Kung-fu)។ បន្ថែមពីនេះ ការសម្តែងម៉ុងសាយនៅតំបន់ភាគខាងជើង តែងមានម៉ុងសាយជាច្រើនចូលរួម។
 
ចំណែកនៅតំបន់ភាគខាងត្បូង ដូចជាក្នុងក្រុង Guangdong និងហុងកុង ជាដើម ការសម្តែងម៉ុងសាយ គឺដូចនឹងជីវភាពរបស់សត្វតោជាក់ស្តែង និងលេងជាមួយវត្ថុអ្វីមួយជាដើម។ ការសម្តែងម៉ុងសាយ គឺអមជាមួយភ្លេង ដែលមានឧបករណ៍ដូចជាស្គរ, cymbals និងគង៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com