ជាតិ
ម្ហូបចិនទាំង ១០មុខ ដែលពេញនិយមនៅខ្មែរ!
10, Feb 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ ម្ហូបចិន មានរាប់សិបមុខ  និងសម្បូរបែបមិនចាញ់ប្រទេសដទៃឡើយ។ ម្ហូបនីមួយៗ មានច្រើនសណ្ឋានដូចជា ស្ល ឆា ចៀន ចំហ៊ុយ ស្ងោរជាដើម និងមានរសជាតិឆ្ងាញ់ប្លែកៗពីគ្នា។ ក្រៅពីជនជាតិចិន ក្នុងនោះក៏មានប្រជាជនខ្មែរជាច្រើន និយមបរិភោគអាហាររបស់ចិនផងដែរ។ ថ្ងៃនេះសារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកមុខម្ហូបចំនួន ១០មុខ ដែលពេញនិយមជាងគេរាប់ចាប់ពីសម្លស្ងោរចាប់ឆាយ នំប៉ាវ គាវ ស៊ុបស៊ីឈ័ន សាច់ចង្កាក់បែបចិន  មីចិន ឆាមីសួ ត្រីចៀនជួន ឌីមសាំ ​​ឆាខ្វៃ។



សម្លចាប់ឆាយ៖ សម្លចាប់ឆាប់ឆាយជាមុខម្ហូបមួយមុខដែលប្រជាជនខ្មែរទូទៅ និយមស្លបរិភោគតាមគេហដ្ឋាន ជាពិសេសនារដូវបុណ្យចូលឆ្នាំចិនជាដើម។ សម្លមួយមុខនេះ មានបន្លែច្រើនមុខណាស់ ឯសាច់វិញ មានដូចជា សាច់ឬឆ្អឹងជំនីជ្រូក សាច់មាន់ជាដើម។ ចំពោះបន្លែសំខាន់ៗរួមមាន ស្ពៃបូកគោ ការ៉ុត ផ្សិតខ្មៅ ពពុះសណ្តែក ឆៅថាវ ស្បែកជ្រូក រួមទាំងគ្រឿងផ្សំជាច្រើនមុខទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ពលរដ្ឋខ្មែរ ទម្លាប់ស្លដាក់បន្លែច្រើន  ព្រោះសម្លប្រភេទនេះអាចកម្តៅ និងរក្សាទុកបានយូរ។
 
ឆាមីសួ៖ ឆាមីសួ​ អាចថាជាមុខម្ហូបដែលប្រជាជនខ្មែរចូលចិត្តបរិភោគ ស្ទើរតែគ្រប់វ័យ។ ឆាប្រភេទនេះ ងាយស្រួលចម្អិន ប៉ុន្តែក៏ត្រូវចេះស្រុះសរសៃមីឱ្យទន់ល្អផងដែរ។ ឆាមីសួ គេនិយមយកសាច់ជ្រូកចិញ្ច្រាំ ឬគ្រឿងសមុទ្រដូចជា ក្តាម បង្គាជាដើម ដើម្បីឆាជាមួយ។ សម្រាប់ បន្លែវិញ គឺមិនមានច្រើនឡើយ អ្នកខ្លះចម្អិនជាមួយ ស្ទឹកត្រចៀកកណ្តុរ ពពុះសណ្តែក យីហឺ ការ៉ុត ជាដើម។ ប៉ុន្តែ ម្ហូបមួយមុខនេះ មិនអាចភ្លេចគ្រឿងផ្សំពិសេសមួយទៀតឡើយ នោះគឺម្រេច។ 
  


ត្រីចៀនជួន៖ ត្រីចៀនជួន អាចនិយាយបានថា ជាមុខម្ហូបមួយមុខក្នុងចំណោមម្ហូបផ្សេងទៀត ដែលគេតែងចម្អិន​សម្រាប់ដាក់ក្នុងកម្មវិធីនានា។ សម្រាប់ជនជាតិចិន មុខម្ហូបមួយមុខនេះមិនមានបន្លែច្រើននោះឡើយ ប៉ុន្តែមានគ្រឿងទេសច្រើន។ ចំពោះត្រីមានច្រើនប្រភេទ ដូចជាត្រីក្រហម ត្រីសមុទ្រជាដើម។ ដោយឡែកប្រជាជនខ្មែរ បានក្លាយមុខម្ហូបនេះ ឱ្យមានរសជាតិឆ្ងាញ់ម្យ៉ាងទៀត ដូចជាបន្ថែមបន្លែច្រើនមុខ ដូចជា ការ៉ុត ម្នាស់ ម្ទេសប្លោក ហើយគេក៏អាចចម្អិនជាមួយខ្ញី សៀងផងដែរ។ 
 
គាវ ៖ គាវជាអាហារសម្រន់មួយប្រភេទ ដែលមានភាពល្បីល្បាញជាខ្លាំង។ អ្វីដែលធ្វើឱ្យគាវមានប្រជាប្រិយភាពនោះ ដោយសាររសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា​​ ដែលមានប្រភេទពីប្រទេសចិន។ គាវ គ្រឿងផ្សំគោលនោះគឺសំបកគាវ។ គ្រឿងផ្សំ​ ​មានដូចជា សាច់ជ្រូកចិញ្រ្ចាំ បង្គាចិញ្ច្រាំ ស្លឹកខ្ទឹម ទឹកស៊ីអ៊ីវ ម្សៅឆា សំបលគាវ ប្រេងឆា និងគ្រឿងទេសផ្សេងទៀត។ គាវនេះ មិនអាចភ្លេចបានឡើយនោះគឺ ទឹកជ្រលក់ ដែលមានទឹកម្ទេស ឬទឹកសៀង។



នំប៉ាវ៖ នំប៉ាវ ក៏មិនខុសពីគាវប៉ុន្មានឡើយ ចំពោះនំប៉ាវនេះ មានច្រើនរសជាតិ​ និងច្រើនប្រភេទ ខ្លះមានស្នូល ខ្លះអត់់ស្នូល។ នំប៉ាវ បានសាយភាយគ្រប់ស្រទាប់វណ្ណៈ នៃពលរដ្ឋខ្មែរ។ សម្រាប់គ្រឿងផ្សំមានដូចជា ម្សៅមី សាច់ជ្រូកបីជាន់ ខ្ទឹមបារាំង ស្លឹកខ្ទឹម ប៉ិគក់ ម្រេច​ ទឹកស៊ីអ៊ីវជាដើម។ 
 
ឌីមសាំ៖ ឌីមសាំ ត្រូវបានគេស្គាល់ថាជាអាហារប្រពៃណីរបស់ជនជាតិចិន ដែលគេនិយមបរិភោគ និងចាត់ទុកជាអាហារសម្រន់ នាពេលព្រឹក ឬពេលថ្ងៃត្រង់។ ឌីមសាំ ពេញនិយមខ្លាំងមិនថា នៅប្រទេសចិននោះឡើយ ក្នុងនោះមានទាំងហុងកុង ម៉ាកាវ និងតំបន់ប្រទេសផ្សេងៗទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ​ គេឃើញប្រភេទឌីមសាំនេះ បានដាក់លក់នៅក្នុងហាងនានា ទូទាំងប្រទេស និងទទួលមានការគាំទ្រច្រើន ជាពិសេសយុវវ័យ។ ចំពោះគ្រឿងផ្សំ មានដូចជា សាច់ជ្រូក បង្គា បន្ទះរុំគាវ ការ៉ុត ផ្សិតខ្មៅ ស្លឹកខ្ទឹម ម្សៅពោត ទឹកស៊ីអ៊ីវ ប្រេងខ្យងជាដើម។ 



ស៊ុបស៊ីឈ័ន៖ ស៊ុបស៊ីឈ័ន គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមបរិភោគជុំគ្នា ជាលក្ខណៈគ្រួសារ និងមិត្តភក្តិជាដើម។ ជាទូទៅការញុំាស៊ុបនេះ គឺគេញុំាភ្លាមៗ នៅពេលទឹកស៊ុមកំពុងពុះក្តៅហ៊ុយហ៊ុយ។ ស៊ុបស៊ីឈ័ន មានបន្លែសាច់ច្រើនមុខ និងមានគ្រឿងផ្សំប្រភេទ។ សម្រាប់អ្នកចូលចិត្តហឹរ គឺត្រូវចិត្តតែម្តង ព្រោះគ្រឿងផ្សំ មានជាតិហឹរ ក្តៅ បូកផ្សំជាមួយទឹកជ្រលក់ មានរសជាតិឆ្ងាញ់ កាន់តែធ្វើឱ្យស៊ុបមួយមុខនេះ ទទួលបានការគាំទ្រច្រើនពីអ្នកបរិភោគ។ ដោយឡែក ប្រជាជនខ្មែរ ក៏និយមបរិភោគច្រើនផងដែរ ចំណែកហាងលក់ស៊ុបនេះ ក៏រីកដូចផ្សិតថែមទៀត។ 
 
មីចិនជូរហឹរ៖បច្ចុប្បន្ននេះ​មីចិន កំពុងក្លាយជាអាហារសម្រន់ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ។ មីនេះ មានរសជាតិជូរ និងហឹរល្មម ដែលរសជាតិទាំងនេះ កំពុងជាប់ចិត្តអ្នកបរិភោគជាខ្លាំង។ ចំពោះគ្រឿងផ្សំមានដូចជា សសៃរគុយទាវស្វិត, ទំពាំង,សណ្តែកដី, ពពុះសណ្តែក,ឈាមទា, ត្រកួន,ផ្សិតម្ជុលជាដើម។ 



ទាខ្វៃ៖ ទាខ្វៃ ក៏មិនចាញ់មុខម្ហូបផ្សេងទៀតឡើយ។ វត្តមានមុខម្ហូបនេះ គឺមានយូរណាស់មកហើយ ព្រោះទាខ្វៃ ក្លាយជាមុខម្ហូបមួយ ដែលប្រជាជនខ្មែរនិយមបរិភោគ និងតែងចម្អិនពិសាជួបជុំគ្នា ក្នុងឱកាសកម្មវិធីណាមួយ។ បច្ចុប្បន្ន ទាខ្វៃ ត្រូវបានគេដាក់លក់លើទីផ្សារ រីកដុះដាលដូចផ្សិត និងច្នៃរសជាតិប្លែកផងដែរ។ ចំពោះគ្រឿងផ្សំគោលនោះគឺ ទា, ខ្ញី, ទឹកឃ្មុំ, ទឹកខ្មេះ, ផ្លែសឺរី និងដើមខ្ទឹមផងដែរ។
 
សាច់ចង្កាក់អាំងបែបចិន៖ សាច់ចង្កាក់បែបចិន មិនខុសពីមីចិនឡើយ ព្រោះប្រជាជនខ្មែរចូលចិត្តប្រភេទអាហារទាំងនេះ។ សាច់ចង្កាក់អាំង មានច្រើនប្រភេទដូចជា សាច់គោ សាច់ជ្រូក សាច់ចៀម សាច់មាន់ គ្រឿងសមុទ្រ ដែលគេដោតជាចង្កាក់ ប្រឡាក់គ្រឿង ហឹរ អមជាមួយបន្លែ ត្រកួន ផ្សិត ទំពាំងបារាំងផងដែរ។ ប្រជាជនខ្មែរ និយមបរិភោគនាពេលល្ងាច រាល់ពេលជួបជុំ ដោយមានហាងអាហារបែបចិនជាច្រើន រៀបចំដាក់អាំង ជះក្លិនយ៉ាងឈ្ងុយ។
 
ក្រៅពីមុខម្ហូបប្រមាណ១០មុខខាងលើនេះ ក៏នៅមានមុខម្ហូប​ជាច្រើនមុខទៀត ដែលប្រជាជនខ្មែរនិយមបរិភោគ។ ដោយ មុខម្ហូប និងអាហារសម្រន់ទាំងនេះ គឺមានការគាំទ្រច្រើនជាងគេ មិនថា អ្នកនៅទីក្រុង ឬតាមជនបទនោះឡើយ៕
 

Tag:
 ThmeyThmey
  ម្ហូបចិន
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com