សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទោះនាំចេញអាវុធលំដាប់ទីបួនលើលោក ចិននៅមានចំណែកទីផ្សារតូច
10, Feb 2024 , 10:39 am        
រូបភាព
កាំជ្រួច DF-31A ដែលផលិតឡើងសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរចិន ត្រូវបានគេឃើញក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីលានធានអានមេនក្នុងទីក្រុងប៉េកាំង។ រូបភាព ៖ Xinhua
កាំជ្រួច DF-31A ដែលផលិតឡើងសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរចិន ត្រូវបានគេឃើញក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីលានធានអានមេនក្នុងទីក្រុងប៉េកាំង។ រូបភាព ៖ Xinhua
ចិន ជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយរបស់ពិភពលោក ដោយឈរនៅលំដាប់ទីបួន បន្ទាប់ពីអាម៉េរិក រុស្ស៊ី និងបារាំង។ យ៉ាងណាមិញ ទីផ្សារលក់អាវុធចិន នៅទាបខ្លាំង ស្របពេលក្រុងប៉េកាំង កំពុងធ្វើទីផ្សារលក់អាវុធរបស់ខ្លួនឱ្យបានកាន់តែច្រើនជាងមុន។ អតិថិជនថ្មីរបស់ចិន មាននៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិកឡាទីន។

 
តាមស្ថិតិចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល(SIPRI) ចេញផ្សាយក្នុងឆ្នាំ២០២៣ ការនាំចេញអាវុធរបស់ចិនបានថយចុះ ២៣ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺក្នុងចន្លោះឆ្នាំ២០១៨-២០២២ បើធៀបទៅនឹងចន្លោះឆ្នាំ ២០១៣-២០១៧។ 
 
អ្នកនាំចេញអាវុធធំទី៤ លើពិភពលោក 
 
បច្ចុប្បន្នចិនជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសនាំចេញអាវុធធំជាងគេលើលោក ប៉ុន្តែមិនអាចដណ្ដើមចំណែកទីផ្សារបានធំឡើយ បើធៀបអាម៉េរិកដែលជាប្រទេសនាំចេញអាវុធធំជាងគេមានទំហំ៤០ភាគរយនៃការនាំចេញអាវុធសរុបទូទាំងពិភពលោក។ ប្រទេស​តាម​ពី​ក្រោយ​ គឺរុស្ស៊ី និង​បារាំង។
 
មានការពន្យល់ជាច្រើនជុំវិញចំណែកទីផ្សារធ្លាក់ចុះរបស់ចិន។ ទីមួយ ការថយចុះនៃការនាំចេញអាចជាសញ្ញាមួយដែលថា តម្រូវការក្នុងស្រុកកំពុងកើនឡើង ជាពិសេសក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅអ៊ុយក្រែន រវាងចិន និងឥណ្ឌា ឬក្នុងតំបន់បញ្ហាតៃវ៉ាន់។ លើសពីនេះ គោលនយោបាយបិទផ្លូវដ៏តឹងរ៉ឹងដោយសារកូវីដ-១៩ ក៏អាចរំខានដល់ការផ្គត់ផ្គង់អាវុធពីចិនដែរ។
 
ទន្ទឹមនេះ ការរក្សាបាននូវឃ្លាំងអាវុធដ៏ធំក៏បង្ហាញឱ្យឃើញដែរថា ចិនជាប្រទេសមួយក្នុងចំណោមប្រទេសនាំចូលអាវុធធំជាងគេទាំង៥ ក្នុងរយៈពេល ២០១៨-២០២២ រួមជាមួយឥណ្ឌា អារ៉ាប៊ីសាអូឌីត កាតា និងអូស្ត្រាលី។ 
 
បើតាមរបាយការណ៍របស់វិទ្យាស្ថាន SIPRI បរិមាណនាំចូលអាវុធរបស់ចិនក្នុងអំឡុងឆ្នាំ ២០២០-២០២២ បានថយចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ ២០១៨-២០២០។ របាយការណ៍របស់ SIPRI បានលើកឡើងថា ចិនបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលអាវុធពីរុស្ស៊ី ដោយបានបង្កើនសមត្ថភាពផលិតអាវុធធុនធំទំនើបៗក្នុងស្រុក។
 
មូលហេតុទីពីរដែលនាំឱ្យការនាំចេញអាវុធរបស់ចិនធ្លាក់ចុះ មកពីការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមអ្នកផ្គត់ផ្គង់ និងការព្រួយបារម្ភអំពីគុណភាព ជាពិសេសជាមួយនឹងអាវុធប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ សព្វាវុធរបស់ចិនក៏ត្រូវបានគេមើលឃើញថា ខ្វះការសាកល្បងក្នុងតំបន់ជម្លោះដែលជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់អ្នកទិញ។ 
 
បើតាមលោក Nicholas Heras នាយកជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងការច្នៃប្រឌិតនៅវិទ្យាស្ថាន New Lines ទីក្រុង Washington DC ប្រព័ន្ធផលិតអាវុធរបស់អាម៉េរិក អឺរ៉ុប រុស្ស៊ី និងសូម្បីតែតួកគីសុទ្ធតែមានបទពិសោធន៍ប្រយុទ្ធជាក់ស្តែងនៅសមរភូមិជាងប្រទេសចិន។ លើសពីនេះ ភាពស៊ីគ្នាខាងបច្ចេកវិទ្យានៃសព្វាវុធរបស់ចិន ជាមួយនឹងប្រព័ន្ធដែលមានស្រាប់របស់ប្រទេសបញ្ជាទិញនៅតែចោតជាបញ្ហាជាច្រើន។
 
ការកសាងទំនុកចិត្តជាមួយអតិថិជនចាស់ៗ
 
ចិនបានកសាងទំនុកចិត្តជាមួយអតិថិជនចាស់ៗតាមរយៈសារកត្តានយោបាយ និងសេដ្ឋកិច្ចជាច្រើន ដើម្បីទាក់ទាញប្រទេសនានាឱ្យបន្តទិញអាវុធរបស់ខ្លួន។ ប្រទេសមួយចំនួនមានទំនាក់ទំនងនយោបាយមិនល្អជាមួយអ្នកនាំចេញអាវុធសំខាន់ៗរបស់បស្ចិមប្រទេស ដែលធ្វើអោយមានការលំបាកទទួលបានការផ្គត់ផ្គង់ទាំងនេះ។ សព្វាវុធ​របស់​ចិន​​មាន​ទំនោរ​​ត្រួត​ពិនិត្យ​តិច​តួច​ ហើយតម្លៃក៏ថោកជាងអ្នកនាំចេញធំៗដទៃទៀត។ 
 
តាមរបាយការណ៍ ​​SIPRI​ ដដែល ប្រមាណ ៨០ភាគរយនៃចំណែកទីផ្សារនាំចេញអាវុធរបស់ចិនមកពីប្រទេសដែលធ្លាប់ស្គាល់មួយចំនួននៅអាស៊ី និងអូសេអានី។ អត្រា ១៧ភាគរយនៃអាវុធត្រូវបាននាំចេញទៅកាន់ទ្វីបអាហ្រ្វិក ហើយ ៣ភាគរយទៀតត្រូវបានលក់ទៅកាន់ផ្នែកផ្សេងទៀតនៃពិភពលោក។ 
 
ចិនបានលក់អាវុធទៅឱ្យប្រទេសចំនួន៤៦ ចន្លោះឆ្នាំ ២០១៨-២០២២ ដែលច្រើនជាងគេគឺលក់ទៅបាគីស្ថានប្រមាណ ៥៤ភាគរយ។ បង់ក្លាដែស និងស៊ែប៊ី គឺជាអ្នកទិញអាវុធធំជាងគេបន្ទាប់ដែលមានចំណែក ១២ភាគរយ និង៤,៥ភាគរយរៀងគ្នា។
 
ចិនបានចាត់ទុកប៉ាគីស្ថានថាជាមិត្តគ្រប់រដូវ និងជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ និងលទ្ធកម្មអាវុធជិតបំផុតរបស់ខ្លួន។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការអភិវឌ្ឍអាវុធធុនធ្ងន់ដូចជាយន្តហោះ JF-17 និងនាវាពិឃាដ Type 054AP ដែលចិនកំពុងសាងសង់សម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹកប៉ាគីស្ថាន។
 
សម្រាប់បង់ក្លាដែសវិញ បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ CSIS របស់អាម៉េរិក ប្រទេសចិនបានគាំទ្រសកម្មភាពលទ្ធកម្មអាវុធរបស់ប្រទេសនេះតាមរយៈប្រាក់កម្ចីសប្បុរស និងតម្លៃប្រកួតប្រជែង។ កិច្ចព្រមព្រៀងបញ្ចុះតម្លៃរួមមានការផ្ទេរនាវាមុជទឹកប្រភេទ Ming Type-035G ពីរគ្រឿងដែលបានប្រើក្នុងឆ្នាំ ២០១៣ មានតម្លៃត្រឹមតែជាង ១០០លានដុល្លារក្នុងមួយគ្រឿង។
 
ចំណែកមីយ៉ាន់ម៉ា ដែលជាទីផ្សារនាំចេញអាវុធធំទី៣ របស់ចិននៅអាស៊ី ភាគច្រើនជាប្រភេទអាវុធធម្មតា។ ប្រភេទសព្វាវុធដែលមានតម្លៃខ្ពស់រួមមានយន្តហោះ JF-17 ចំនួន ១៧គ្រឿង យន្តហោះគ្មានមនុស្សបើក Rainbow ចំនួន ១២គ្រឿង យន្តហោះដឹកជញ្ជូន Y-8 ចំនួន២គ្រឿង នាវាពិឃាត Type-43 ចំនួន២គ្រឿង និងរថពាសដែក Type-92 ចំនួន៧៦គ្រឿង។ លើសពីនេះ យោងតាមសារព័ត៌មានលោកខាងលិច កងទ័ពមីយ៉ាន់ម៉ាធ្លាប់បានពង្រាយ UAV យុទ្ធសាស្ត្រ CH-3A ដែលផលិតដោយចិន ដើម្បីតាមដានការតវ៉ា បាតុកម្មផ្សេងៗ។
 
ការពង្រីកទីផ្សារនាំចេញអាវុធរបស់ចិន 
 
ចិនកំពុងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដល់បណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួន។ តម្លៃប្រកួតប្រជែង និងសមត្ថភាពឧស្សាហកម្មជាចំណុចខ្លាំងនៃការលក់អាវុធចិនទៅកាន់អតិថិជនថ្មីទាំងនេះ។ 
 
សម្រាប់អតិថិជននៅមជ្ឈិមបូព៌ា ការទិញសព្វាវុធចិនអាចជួយពួកគេកាត់បន្ថយការពឹងផ្អែកនយោបាយពីអាមេរិក និងអឺរ៉ុប។ ដោយ​មើលឃើញ​ពី​ចំណុច​នេះ ចិន​បាន​បង្កើន​ទីផ្សារនាំចេញ​អាវុធ​ជាមួយ​ប្រទេស​ក្នុង​តំបន់។ នៅក្នុងការតាំងពិពណ៌ការពារជាតិអន្តរជាតិនៅទីក្រុងអាប៊ុយដាប៊ី ចិនមានស្តង់ដ៏ធំបំផុតមួយដែលមានសម្ភារៈជាង ៥០០គ្រឿង រួមទាំងយន្តហោះដ្រូនខ្នាតតូច Fengniao ម៉ាកថ្មីផងដែរ។
 
នៅក្នុងតំបន់អាហ្រ្វិក ក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធចិនក៏កំពុងពង្រឹងការឈរជើងរបស់ពួកគេនៅក្នុងទីផ្សារមួយចំនួន ដូចជាប្រទេសអាល់ហ្សេរី។ ជាច្រើនឆ្នាំមកនេះ​រដ្ឋាភិបាលលោកខាងលិចបានព្រមានថា អាវុធរបស់ចិនកំពុងត្រូវបានប្រើប្រាស់នៅក្នុងជម្លោះនយោបាយ និងជនជាតិភាគតិចតាមតំបន់ជាច្រើននៅទូទាំងទ្វីប រួមទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ កូតឌីវ័រ ស៊ូដង់ និងសូម៉ាលី។ របាយការណ៍ខែកុម្ភៈឆ្នាំ២០២២ របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកបានកត់សម្គាល់ថា  បន្ថែមពីលើការលក់អាវុធ ចិនបានគាំទ្រការបណ្តុះបណ្តាលផ្នែកយោធា និងបច្ចេកទេសសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិកដែរ។
 
នេះ​ជាការបោះ​ជំហានមួយរបស់ចិន ​មិន​ខុស​ពី​អ្វី​ដែល​អាម៉េរិកដែល​បាន​និង​កំពុង​ធ្វើ​ជាមួយ​ប្រទេសនានា​​ជុំវិញ​ពិភពលោកនោះទេ។ ការស្រាវជ្រាវរបស់វិទ្យាស្ថាន RAND Corporation បង្ហាញថា ឥទ្ធិពលរបស់ចិននាពេលបច្ចុប្បន្នបានលាតសន្ធឹងពាសពេញអាស៊ី អាហ្វ្រិក និងចូលទៅដល់អាម៉េរិកឡាទីន (អាហ្សង់ទីន បូលីវី និងវេណេស៊ុយអេឡា)។
 
ទន្ទឹមនេះ កាសែត Wall Street Journal របស់អាម៉េរិកធ្លាប់បានរាយការណ៍ថា ការនាំចេញបន្ទះមីក្រូឈីប គ្រឿងបន្លាស់អេឡិចត្រូនិច និងវត្ថុធាតុដើមផ្សេងទៀតរបស់ចិនទៅកាន់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើង។ 
 
ការណ៍នេះ ដោយសារតែរុស្ស៊ីត្រូវបានហ៊ុមព័ទ្ធលើផលិតផលបច្ចេកវិទ្យារបស់លោកខាងលិច ហើយត្រូវងាកទៅរកចិន។ ប្រសិនបើការនាំចេញរបស់ចិនទទួលបានជោគជ័យនៅក្នុងទីផ្សារដ៏ធំនេះ វានឹងបង្ហាញពីគុណភាពរបសព្វាវុធចិន ដែលអាចមានកន្លែងច្រើនដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយផ្សេងៗគ្នានៃពិភពលោក៕ 
 

Tag:
 ចិន
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com