ជាតិ
«សត្វដាយណូស័រ» ជាប្រធានបទនៃគម្រោងតុក្កតាយក្សឆ្នាំទី១៣
10, Feb 2024 , 11:59 am        
រូបភាព
ការដង្ហែតុក្កតាឬទីងមោងយក្សនៅឆ្នាំ២០២៣។
ការដង្ហែតុក្កតាឬទីងមោងយក្សនៅឆ្នាំ២០២៣។
សៀមរាប៖ គម្រោងតុក្កតាយក្ស បានក្លាយជាព្រឹត្តិការណ៍សិល្បៈប្រចាំឆ្នាំនៅខេត្តសៀមរាប។ នេះជាឆ្នាំទី១៣ហើយ ដែលគម្រោងនេះបានរៀបចំតាំងពីឆ្នាំ២០០៧មក​ក្នុងន័យបំផុសការលើ កស្ទួយសិល្បៈទី​ងមោង​  ហើយក្នុងឆ្នាំនេះដែរ ក្រុមការងារបានជ្រើសរើស ពពួកសត្វដាយណូស័រ ជារូបទីងមោងឬតុក្កតា​ដើម្បីដំឡើងសម្រាប់ពិធីដង្ហែនៅចុងខែកុម្ភៈនេះ។

 
នៅដើមសប្ដាហ៍កន្លងទៅ សិស្សានុសិស្ស និងក្រុមសិល្បករ កំពុងមមាញឹកក្នុងការដំឡើងរូបទីងមោង ដោយប្រើប្រាស់រពាក់ និងឫស្សី កាត់ បិទ និងពត់ឱ្យចេញជារូបរាងតាមរូបសត្វនីមួយៗ។ 
 
សហប្រធានគម្រោងតុក្កតាយក្សឬទីងមោង លោក អ៊ុន សាវ៉ាន់ បានឱ្យដឹងថា ដូចរាល់ឆ្នាំសិក្ខាសាលាមុន ព្រឹត្តិការណ៍ដង្ហែទីងមោងយក្ស ត្រូវបានរៀបចំឡើងមុន២សប្ដាហ៍ ដែលផ្តល់ឱកាសដល់យុវជន និងកុមារ ជាសិស្សានុសិស្សមកពីសាលាអង្គការ សាលារដ្ឋ និងសាលាឯកជន បានរៀនសូត្រពីគម្រោងមួយនេះ។ លោកបញ្ជាក់ថា កុមារទាំងអស់នឹងទទួលបានបំនិនជីវិត ដោយផ្សារភ្ជាប់ជាមួយសិល្បៈ។ 
 


ខុសពីរាល់ឆ្នាំ ដែលទីងមោងមានជារូបបុគ្គលល្បីៗ រូបស្រ្តីជាម្ដាយ និងពពួកសត្វស្លាបដែលជិតផុតពូជ​នៅកម្ពុជា​ សម្រាប់ប្រធានបទឆ្នាំនេះ គឺផ្តោលើសត្វស្ថិតក្នុងអម្បូរណាយណូស័រ សរុប៩រូប ដែលសម្រិតសម្រាំងដោយក្រុមការងារ។ លោក សាវ៉ាន់ ពន្យល់ថា មូលហេតុដែលក្រុមការងារជ្រើសរើស​យកសត្វ​ដាយណូស័រ សម្រាប់កម្មវិធីដង្ហែឆ្នាំនេះ ដោយសារចង់ឱ្យប្លែក និងបង្ហាញថា សត្វទាំងនោះ​ធ្លាប់​មានវត្តមាននៅលើភពផែនដី​រាប់លានឆ្នាំមុន គឺមុនកំណើតនៃមនុស្ស។ 
 
ក្នុងនោះដែរ ដើមរពាក់ប្រមាណ២ម៉ឺនដើម សម្រាប់ដំឡើងរូបទីងមោង។ ទីងមោង ឬតុក្កតាមួយៗ​អាចប្រើរពាក់ ដែលគម្រោងបានទិញពីអ្នកភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ពី១៣០០ទៅ​១៥០០ដើម។ នេះជាការលើកឡើងរបស់លោក សាវ៉ាន់ ដែលមានបទពិសោធន៍ឆ្អិន​លើការងាររៀបចំនេះ។ 
 


ឆ្នាំនេះ កម្មវិធីទីងមោងនឹងកាន់តែពិសេស ស្របពេលដែលក្រសួងពាណិជ្ជកម្មរៀបចំពិព័រណ៍ ភូមិមួយផលិតមួយ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ កុម្ភៈ។ លោក សាវ៉ាន់ រំពឹងថា ព្រឹត្តិការណ៍តុក្កតាយក្ស នឹងជំរុញកំណើនទេសចរមកទស្សនាខេត្តសៀមរាបថែមមួយកម្រិតទៀត។ លោកបន្តថា៖« ឆ្នាំនេះរំពឹងថា អាចមានអ្នកចូលរួមលើសឆ្នាំមុនៗ ព្រោះចៃដន្យក្រសួងពាណិជ្ជកម្មរៀបចំ​ពិព័រណ៍ផលិតផលខ្មែរ និងបន្លែ យើងសម្រេចបញ្ចូលគ្នា ដែលនេះជាព្រឹត្តិការណ៍ធំប្រចាំខែកុម្ភៈ»។ 
 
លោក សាវ៉ាន់ បន្ថែមថា៖« យើងចង់និយាយថា ព្រឹត្តិការណ៍នេះមួយតំណាងសៀមរាប ហើយបើនិយាយពីចំណាត់ថ្នាក់ គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់សិល្បៈកុមារ។ ឡាវ ថៃ វៀតណាម ភូមា (មីយ៉ាន់ម៉ា) អត់មានទេ មានតែនៅខ្មែរ ជាកម្មវិធីដែលធ្វើជាមួយ​សហគមន៍កុមារ»។
 

សិល្បករ លោក លឹម លាងឆាយ មកពីខេត្តបាត់ដំបង កំពុងញាប់ដៃដំឡើងរូបទីងមោង ដែលរៀបចំនៅបរិវេណវត្តដំណាក់ ក្រុងសៀមរាប។ សិល្បកររូបនេះបានចូលរួមរៀបចំកម្មវិធីតុក្កតាយក្ស​ពីឆ្នាំ២០១៣មក និងរីករាយដែលបានជួយឱ្យគម្រោងនេះមានសកម្មភាពជាបន្តបន្ទាប់។ លឹមឆាយ បានឱ្យដឹងថា រូបតុក្កតាឆ្នាំនេះមានទំហំធំៗជាងរាល់ឆ្នាំ ដែលរូបសត្វមួយមានទទឹងពី៤ម៉ែត្រ និងបណ្ដោយពី១០ទៅជិត២០ម៉ែត្រ។ 
 
សូមបញ្ជាក់ថា កម្មវិធីដង្ហែទីងមោងយក្ស នឹងចាប់ផ្តើមពេលល្ងាចម៉ោង៧តទៅ នាថ្ងៃទី២៤ កុម្ភៈ ដោយចេញដំណើរពីបរិវេណខាងមុខវត្តដំណាក់ ឆ្លងកាត់តាមផ្លូវមាត់ស្ទឹងសៀមរាប និងបញ្ចប់គោលដៅនៅសួនច្បារ​ព្រះរាជដំណាក់។ ទីងមោងទាំងអស់ នឹងតាំងបង្ហាញនៅទីនោះ២យប់ ឬអាចលើសពីនេះ ដើម្បីឱ្យសាធារណជន​បានទស្សនា មុននឹងយកទៅដាក់តាមសណ្ឋាគារ ឬក្រុមហ៊ុនណាមួយ ដែលបានឧបត្ថម្ភរូបទាំងនោះ៕



Tag:
 គម្រោងតុក្កតាយក្សឆ្នាំទី១៣
  អ៊ុន សាវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com