កីឡាអន្តរជាតិ
អន្តរជាតិ
លោក Park Hang-seo ក្លាយជាទីប្រឹក្សាក្លិប Bac Ninh នៅលីគទី២វៀតណាម
10, Feb 2024 , 5:59 pm        
រូបភាព
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានក្លាយជាទីប្រឹក្សាជាន់ខ្ពស់របស់ក្លិបអ្នកមានដែលទើបបង្កើតថ្មី Bac Ninh FC ក្នុងលីគលំដាប់ទី២របស់វៀតណាម Vietnamese Second Division។



ចាប់តាំងពីចាកចេញពីតំណែងគ្រូវៀតណាមនៅដើមឆ្នាំ២០២៣ លោក Park ទទួលបានការ​ចាប់អារម្មណ៍ច្រើនពីបណ្តាក្លិបនៅតំបន់អាស៊ីអាគ្នេយ៍ ​ក្នុងការនាំបុរសវ័យ៦៦រូបនេះទៅដឹកនាំ។ ក្លិបនៃលីគកំពូល​ឥណ្ឌូណេស៊ី សិង្ហបុរី និង​ម៉ាឡេស៊ី សុទ្ធតែបានដាក់សំណើរ ប៉ុន្តែ​លោក Park ​បាន​បដិសេធ​​ទាំង​អស់។
 
មិនទៅណាឆ្ងាយពីបាល់ទាត់វៀតណាម គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ នៅថ្ងៃទី៦ ខែកុម្ភៈ ត្រូវបានក្លិបអ្នកមានថ្មី Bac Ninh FC ប្រកាសតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់។ ក្លិប Bac Ninh FC ដែលទើបបង្កើតថ្មីស្ថិតនៅលីគលំដាប់ទី២វៀតណាម ដោយដាក់ប្រាក់វិនិយោគប្រចាំដល់ទៅ១០លានដុល្លារអាម៉េរិក ​បាន​ជួសជុល​កីឡដ្ឋាន Tu Son ​នឹងគ្រោង​សាងសង់កីឡដ្ឋាន​ថ្មី​មួយ​ទៀត សម្រាប់ក្រុមថ្នាល និងយុវជន។
  


ក្នុងតំណែងជាទីប្រឹក្សាជាន់ខ្ពស់ លោក Park ត្រូវទទួលខុសត្រូវ លើការគូសវាសទិសដៅអនាគតរបស់ក្លិប Bac Ninh គាំទ្រដល់ការអភិវឌ្ឍន៍យុវជន និងជួយក្លិបឱ្យដំណើរការទៅតាមស្តង់ដារអន្តរជាតិ។ គោលដៅចម្រងដំបូងបំផុត គឺធ្វើយ៉ាងណានាំក្រុម Bac Ninh ឡើងទៅកាន់លីគកំពូលវៀតណាម V-League 1 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 
Bac Ninh FC ដែលមានមូលដ្ឋានក្នុងខេត្ត Bac Ninh ភាគខាងកើតក្រុងហាណូយ ត្រូវបានគ្រប់គ្រងដោយលោក Ngo Quang Truong អតីតគ្រូបង្វឹកក្រុម Song Lam Nghe An នៃលីគកំពូលវៀតណាម។ ថ្មីៗនេះលោក Ngo Quang Truong បាននាំយកកីឡាករល្បីៗជាច្រើនរូប ដែលភាគច្រើនធ្លាប់លេងឱ្យក្រុម U23 វៀតណាម និងក្រុមឈុតធំ ដូចជា Nguyen Quang Tinh, Dao Duy Khanh, Nguyen Minh Nhut, Dao Nhat Minh, Au Van Hoan, Le Sy Minh, Nguyen Ngoc Thang និង Nguyen Hong Son ដើម្បីពង្រឹងក្រុមសម្រេចគោលដៅ។
 
លោក Park Hang Seo ឡើងកាន់តំណែងគ្រូវៀតណាម ទាំងឈុតធំ និង U23 នៅឆ្នាំ២០១៧។ រយៈពេល ៥ឆ្នាំ វៀតណាមជាក្រុមមកពីអាស៊ីអាគ្នេយ៍ដែលបន្តគ្រងចំណាត់ថ្នាក់ទាំង១០០លំដាប់ពិភពលោក របស់ FIFA Ranking និងជួយ U23 ឈ្នះមេដាយមាសស៊ីហ្គេមពីរលើកជាប់គ្នានៅឆ្នាំ២០១៩ និង២០២១៕

Tag:
 Park Hang-seo
© រក្សាសិទ្ធិដោយ thmeythmey.com