ជាតិ
ពីសម័យបុរាណមក ទីណាមានវត្ត តែងតែមានសាលារៀន?
11, Feb 2024 , 7:59 am        
រូបភាព
សៀមរាប៖ ហេតុអ្វីសាលារៀនភាគច្រើនមាននៅក្នុងបរិវេណ ឬក្បែរវត្តអារាម? តួយ៉ាងដូចជា​សាលាបឋមសិក្សាវត្តបូព៌ សាលាបឋមសិក្សាវត្តលលៃ សាលាបឋមសិក្សាវត្តព្រះឥន្ទកោសីយ សាលាបឋមសិក្សាវត្តពោធិលង្កា និងសាលាបឋមសិក្សាវត្តចក នៅក្នុងខេត្តសៀមរាប។ បើតាមសាស្រ្តាចារ្យ និងជាអ្នកបុរាណវិទ្យា លោក អ៊ឹម សុខរិទ្ធី ក្រៅពីដើរតួយ៉ាងសំខាន់ ក្នុងវិស័យសាសនា  វត្តអារាម ក៏ជាកន្លែងបណ្ដុះធនធានមនុស្សផងដែរ។



សម្រាប់អ្នកជំនាញរូបនេះ វត្តអារាមជាមរកតវប្បធម៌ពីបុរាណមក។
 
ដើម្បីជ្រាបច្បាស់ពីដំណើររឿងនេះ សូមស្ដាប់ និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី ដូចតទៅ៖ 



 
អ៊ីសា រ៉ហានី៖ លោកសាស្រ្តាចារ្យអាចជួយពន្យល់ពីដើមទង ឬមូលហេតុដែលធ្វើឱ្យមានការបង្កើត​សាលារៀននៅក្នុងបរិវេណវត្ត ឬក្បែរៗវត្តអារាមបានទេ ថាតើមានហេតុផលបែបណា និងកកើត​តាំងពីពេលណាមក? 
 
អ៊ឹម សុខរិទ្ធី៖ យើងនិយាយអំពីសាច់រឿងមួយដែលមានសារសំខាន់ សម្រាប់ប្រទេសកម្ពុជាយើង ដែលជាមរតកវប្បធម៌មួយមិនអាចកាត់ថ្លៃបាន ដែលមានតម្លៃខ្ពង់ខ្ពស់ ស៊ីវិល័យនៃអារ្យធម៌ខ្មែរផង ទាក់ទងនឹងប្រវត្តិនៃការអប់រំ។ 
 


ប្រវត្តិនៃការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស បង្កើតពូជមនុស្សចេះដឹង គឺចាប់តាំងពីយើងកកើតនៃរដ្ឋ មួយមក ទើបយើងបង្កើតឱ្យមានស្ថាប័ននៃការអប់រំ។ យើងមានសាលាមានកន្លែងបណ្ដុះបណ្ដាលអប់រំ តរហូតដល់បច្ចុប្បន្ន។ 
 
តាមតឹងតាងដែលយើងមានផ្នែកបុរាណវិទ្យាផង ផ្នែកសិលាចារឹកផង ហើយនិងបេតិកភណ្ឌរស់ បានន័យថា របស់ហ្នឹងបន្តដល់បច្ចុប្បន្នផង យើងឃើញតៗគ្នាមិនដាច់។ ភស្ដុតាងយកមកនិយាយគឺមិនអស់ទេ។ សិលាចារឹកដែលយើងឃើញតាំងពីសម័យមុនអង្គរ សម័យអង្គរ គឺបានបង្ហាញ និយាយជាទូទៅខ្លះៗអំពីទីតាំង ទីកន្លែងនៃការអប់រំបណ្ដុះបណ្ដាល។ ទីតាំងនៃការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស ពូជមនុស្សសម្រាប់ធ្វើការក្នុងរាជការ ក្នុងការបម្រើការក្នុងវិស័យផ្សេងៗ សម្រាប់ដឹកនាំស្រុក​​ សម្រាប់កសាងស្រុក គឺតែងតែភ្ជាប់ខ្លួនជាមួយអារាមសាសនា។ 
 
សិលាចារឹកច្រើនបានឱ្យទិន្នន័យអំពីប្រាសាទផ្សេងៗ ទាំងធំទាំងតូច មានតួនាទី ភ្ជាប់ជាមួយការអប់រំ ការបណ្ដុះបណ្ដាល គឺតែងតែឃើញនៅតាមប្រាសាទផ្សេងៗ ហើយប្រាសាទខ្លះរហូតដល់កម្រិត​នៃឧត្តមសិក្សា ប្រៀបដូចសម័យបច្ចុប្បន្នគឺបង្កើតធនធានមនុស្សនៅក្នុងកម្រិតសាកលវិទ្យាល័យ។ យើងមានដូចជាប្រាសាទតាព្រហ្ម បន្ទាយក្ដី ព្រះខ័ន។ល។ ប្រាសាទធំទាំងអស់ហ្នឹង មានតួនាទីប្រៀប​ដូច​ជាសាកលវិទ្យាល័យអ៊ីចឹង។ ហើយដែលការស្រាវជ្រាវកន្លងមកយើងឃើញ ទាំងភស្ដុតាងបុរាណវិទ្យា​ក៏យើងឃើញ តាមការកំណាយកាយដីផ្សេងៗនៅក្នុងប្រាសាទតាព្រហ្ម និងដទៃទៀត គេឃើញមានភស្ដុតាងនៃអាគារមនុស្សស្នាក់នៅ នៃកន្លែងដែលមនុស្សស្នាក់នៅយ៉ាងច្រើន ដែលនៅក្នុងប្រាសាទមួយៗ ហើយជាពិសេសសិលាចារឹកបានឱ្យទិន្នន័យចំនួនសិស្ស ចំនួនគ្រូ។ល។ 
 


ហើយក្រៅពីហ្នឹង ក៏យើងមានទិន្នន័យពីសិលាចារឹកគឺបានឱ្យយើងដឹងអំពីជំនួយឧបត្ថម្ភផ្សេងៗ របស់រាជការ របស់រដ្ឋឱ្យទៅសិស្ស ជាអាហារូបករណ៍ដល់សិស្ស ឱ្យកន្លែងស្នាក់នៅ អាហារូបត្ថម្ភ ហើយនិងសម្ភារសិក្សាផង។ រឿងនេះហើយដែលធ្វើឱ្យធនធានមនុស្ស អ្នកចេះអ្នកដឹងអ្នកប្រាជ្ញ កកើតច្រើននៅសម័យបុរាណ ដែលបង្កើតឱ្យមានអារ្យធម៌មួយ វិស័យមួយដ៏ខ្ពង់ខ្ពស់ ដែលជាតិសាសន៍ដ៏ខ្ពង់ខ្ពស់ អាចធ្វើអង្គរវត្តបាន ធ្វើបាយ័ន ធ្វើអង្គរធំ។ល។ សម្បូរបែបយ៉ាង ធ្វើមន្ទីរពេទ្យព្យាបាលជំងឺ ផលិតឧស្សាហកម្មស្លដែក។ល។ វិស័យទាំងមូលដែលរុញឱ្យចក្រភពខ្មែរ​ថ្កុងរុងរឿងនៅតំបន់អាស៊ី ហើយបន្តដល់អាស៊ីដីគោកស្ទើរទាំងមូលនេះ គឺដោយសារ​រាជការនៅសម័យអង្គរ បង្កើតនូវការវិនិយោគយ៉ាងសំខាន់ទៅលើវិស័យអប់រំ​បណ្ដុះបណ្ដាលធនធានមនុស្ស គឺភ្ជាប់ជាមួយអារាមសាសនា។ 
 
បន្តបន្ទាប់ក្រោយមកទៀត ប្រវត្តិនៃការអប់រំហ្នឹងក៏មិនដាច់ពីអារាមសាសនា។ មកដល់សម័យកណ្ដាល ដែលជាសម័យនៃពុទ្ធសាសនា អារាមសាសនាគឺនៅតែបង្កើតឱ្យមានសាលា ហើយគ្រូជាព្រះសង្ឃ ជាអាចារ្យដែលចេះដឹងនៅសាលាក៏បានមកបង្រៀនឡើងវិញនៅសាលា ហើយបន្តរហូតដល់សម័យ​អាណានិគម សម័យទំនើប រហូតដល់បច្ចុប្បន្ន។ បច្ចុប្បន្នយើងនៅតែ​ឃើញមាន គឺតួនាទីអារាមសាសនា ព្រះសង្ឃ នៅក្នុងអារាមនីមួយៗក៏ចូលរួមក្នុងការអប់រំធនធានមនុស្ស ហើយផ្តល់ទីតាំងក្នុងអារាម​ឱ្យទៅជាកន្លែងអប់រំ ដូចជានៅវត្តលលៃ វត្តពោធិលង្កា វត្តលើ(ព្រះឥន្ទកោសីយ) វត្តក្រោម (ព្រះឥន្ទកោសា)។ល។ មិនត្រឹមនៅសៀមរាបទេ វត្តទូទាំងប្រទេសគឺមានតួនាទីបែបហ្នឹង។ ទោះបីបច្ចុប្បន្ន សាលាបានចេញទៅក្រៅវត្តក៏ដោយ ក៏នៅតែដាក់ឈ្មោះ នៅតែឈ្មោះសាលា [ភ្ជាប់ឈ្មោះវត្តអារាម] ជានិច្ច។ 
 
នេះហើយដែលឱ្យយើងដឹងថា វាជាបេតិកភណ្ឌបុរាណមួយ ដែលនៅរស់តពីបុរាណមក។ ប្រវត្តិវិស័យអប់រំប្រៀបដូចបុរាណវត្ថុមួយដែរ។ ជាបេតិកភណ្ឌរស់មួយ ដែលយើងតមរតកតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្នដែលយើងឃើញមានសព្វថ្ងៃ។ ការផ្សារភ្ជាប់គ្នារវាងសាសនា ហើយនិងសាលាគឺមានជានិច្ច។ ហើយរបៀបនេះមិនមែនមានតែនៅ​ស្រុកខ្មែរទេ គឺស្រុកគេដទៃទៀត ដែលទទួលឥទ្ធិពលសាសនាផ្សេងៗ មានសាសនាអ៊ីស្លាម មានសាសនាគ្រិស្ដ។ល។ ក៏ដូចគ្នាដែរ គឺថាអារាមសាសនាមានតួនាទីលើសពីរឿងសាសនា អប់រំ រឿងធម៌ រឿងទស្សនវិជ្ជា រឿងសីលធម៌។ល។ គឺតែងមានភ្ជាប់ជាមួយជានិច្ច អំពីរឿង ហើយនិងការអប់រំ​ធនធានមនុស្ស​ តជានិច្ច។ 
 


ភស្ដុតាងលើសពីនេះដែលយើងអាចនឹងឃើញ គឺនៅតាមចម្លាក់ប្រាសាទបាយ័ន ប្រាសាទដទៃទៀតក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ យើងតែងឃើញរូបចម្លាក់តូចធំអំពីការបង្រៀន ដែលដើរតួបង្រៀនជានិច្ចកាលសុទ្ធតែជាព្រាហ្ម សុទ្ធតែជាព្រះសង្ឃ។ ដូច្នេះហើយរយៈពេល៤០០​ទៅ៥០០ឆ្នាំចុងក្រោយ ចាប់ពីសតវត្សទី១៦ ដល់២១ ជារួម៥០០ឆ្នាំតមកនេះ គឺព្រះសង្ឃមានតួនាទី​សំខាន់ណាស់ ក្រៅតែពីរឿងកិច្ចការព្រះពុទ្ធសាសនាបរិសុទ្ធ ធម៌អាថ៌បរិសុទ្ធ ក្រៅពីហ្នឹងព្រះសង្ឃ​ដើរតួអប់រំយ៉ាងសម្បើប។ នេះហើយដែលធ្វើឱ្យពុទ្ធសាសនានៅស្រុកខ្មែរ​មានអ្វីលើសគេលើសឯងក្រៅពីពុទ្ធសាសនាដទៃ។ 
 
វាទៅជាប្រពៃណីពុទ្ធសាសនានៅខ្មែរ មិនត្រឹមតែរឿងការផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសមណគោតមទេ ក្រៅពីហ្នឹងរឿងអប់រំ រឿងសង្គម រឿងដោះស្រាយវិបត្តិ​ផ្សេងៗនៅក្នុងចំណុះជើងវត្ត រឿងជំងឺ រឿងសុខភាព រឿងអីផ្សេងៗទាំងអស់ក្នុងសង្គមទាំងមូល គឺថាព្រះសង្ឃ វត្តមានតួនាទីធំ លើសពីគេដទៃទៀត លើសពីកិច្ចសាសនាសុទ្ធ។ នេះហើយ វាទៅជាប្រពៃណីពុទ្ធសាសនារបស់ប្រទេសកម្ពុជា ដែលព្រះសង្ឃ​ដើរតួនាទីមិនត្រឹមរឿងផ្សព្វផ្សាយព្រះធម៌ទេ គឺរឿងអប់រំ រឿងសុខភាព រឿងជំងឺអីផ្សេងៗ រឿងបង្រ្កាបឧបទ្រពចង្រៃ រឿងយុត្តិធម៌ រកខុសរកត្រូវតែងប្ដឹងលោកឪ រឿងពិគ្រោះយោបល់ ក្នុងសង្គម កិច្ចការខ្លះផ្នែកសេដ្ឋកិច្ច កិច្ចការខ្លះសង្គមធ្វើមិនកើត គឺតែងតែពិគ្រោះជាមួយព្រះសង្ឃ។ ដូច្នេះហើយព្រះសង្ឃមានតួនាទីមិនត្រឹម ផ្សព្វផ្សាយសាសនាទេ តែកិច្ចការច្រើនណាស់ផ្នែកស្មារតី ផ្នែកសន្តិសុខផង ផ្នែកសុខុមាលភាពផង ផ្នែកយុត្តិធម៌ផង នៅក្នុងសង្គមទាំងមូល នៃសហគមន៍នៅក្នុងជនបទលើសពីការអប់រំទៅទៀត។ ក្រៅពីការអប់រំ គឺតួនាទីរបស់វត្ត​មានច្រើនសន្ធឹក។ 
 
កិច្ចការសព្វថ្ងៃ កិច្ចការខ្លះតុលាការដោះស្រាយអត់ចេញ ដោះស្រាយអត់ស្រឡះ អត់យុត្តិធម៌ មនុស្សទៅរកវត្ត ទៅរកលោក ដើម្បីដោះស្រាយ។ ដូច្នេះហើយបង្ហាញថា ព្រះពុទ្ធសាសនាគឺមានអ្វី លើសពីត្រឹមតែសីលធម៌ ត្រឹមតែធម៌ ទ្រឹស្ដីបន្សល់ពីព្រះពុទ្ធ តែលើសពីហ្នឹង។ ដូច្នេះហើយ ពុទ្ធសាសនាយើងមិនមានត្រឹមតែមួយ ប៉ុន្តែមានមរតកផ្សេងៗ កិច្ចការសង្គមទាំងមូល៕

Tag:
 ការអប់រំសម័យបុរាណ
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com