ជាតិ
និស្សិតកសិកម្មព្រែកលៀប បង្កើតប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ តាមដានសត្វចង្រៃ និងជី
11, Feb 2024 , 11:09 am        
រូបភាព
ភ្នំពេញ៖ និស្សិតមួយក្រុម មកពីមហាវិទ្យាល័យបច្ចេកវិទ្យានិងវិស្វកកម្ម នៃវិទ្យាស្ថានកសិកម្មព្រែកលៀប ទទួលបានជោគជ័យលើការបង្កើត «ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ»។ ប្រព័ន្ធនេះ អាចផ្លាស់ប្តូរវិធីសាស្រ្តស្រោចស្រពកសិកម្មបែបប្រពៃណីទៅទំនើប ដែលចំណេញពេលវេលា និងកាត់បន្ថយថ្លៃដើមផលិត តាមរយៈមុខងារ បិទ-បើកទឹកស្វ័យប្រវត្តិ ការកំណត់ពេលវេលាស្រោចស្រពពីចម្ងាយដោយការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ (App) ការតាមដានសកម្មភាពសត្វចង្រៃបំផ្លាញដំណាំ។ ពិសេសវាមានសមត្ថភាពគណនា និងបំពេញបន្ថែមរាល់តម្រូវការជីដែលដំណាំខ្វះខាត។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ឡុង ទូច ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកវិទ្យានិងវិស្វកកម្ម នៃវិទ្យាស្ថានកសិកម្មព្រែកលៀប បានលើកឡើងថា​ ការបង្កើតប្រព័ន្ធស្រោចស្រពឆ្លាតវៃនេះ ធ្វើឡើងក្នុងគោលបំណងជួយកាត់បន្ថយការចំណាយថ្លៃផលិត ដូចជា ទឹក អគ្គិសនី និងចំណេញពេលវេលាដល់កសិករ។  
 
ប្រព័ន្ធស្រោចស្រពនេះ ត្រូវបានដំណើរការដោយថាមពលកកើតឡើងវិញ ដូចជា ផ្ទាំងសូឡា (Solar) និងកម្លាំងបានពីខ្យល់ជាដើម។ ប្រព័ន្ធនេះមានបំពាក់នូវ Sensor ជាច្រើន ដើម្បីជួយគ្រប់គ្រងកសិដ្ឋាន និងផ្ដល់ប្រសិទ្ធភាពដល់ការស្រោចស្រព។ បច្ចេកវិទ្យានេះ អាចជួយដល់ការសន្សំសំចៃទឹក តាមរយៈការកំណត់វេលាស្រោចស្រពត្រឹមត្រូវ និងការកម្រិតកម្លាំងទឹកបានច្រើនប្រភេទ។  
 
បើតាមលោក ឡុង ទូច បច្ចេកវិទ្យានេះ មានមុខងារចាប់យក​ទិន្នន័យ​ពី​ដី និងសីតុណ្ហភាព​ស្ងួត ឬ​សើម ហើយបើក-បិទទឹក ដោយស្វ័យប្រវត្តិតាមស្ថានដី និងដំណាំនីមួយៗ។ ក្នុងករណី ផ្ទះសំណាញ់ក្ដៅ ប្រព័ន្ធនេះក៏អាចស្រូបខ្យល់ចេញ ឬចូល ដើម្បីបន្ធូបន្ថយកម្ដៅផងដែរ។ 
 
មិនតែប៉ុណ្ណោះ វាអាចកំណត់ពេលវេលាស្រោចស្រពពីចម្ងាយ តាមរយៈការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ (App) ការតាមដានសកម្មភាពសត្វចង្រៃបំផ្លាញដំណាំ ជាពិសេសវាមានសមត្ថភាពគណនា និងបំពេញបន្ថែមរាល់តម្រូវការជីដែលដំណាំខ្វះខាត។ លោក ទូច បន្ថែម។ 
 
ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកវិទ្យានិងវិស្វកកម្ម នៃវិទ្យាស្ថានកសិកម្មព្រែកលៀប ប្រាប់ដូច្នេះថា ៖«នៅក្នុងប្រព័ន្ធនេះមានមុខងារច្រើន ប៉ុន្តែ អ្វីដែលយើងធ្វើបានជោគជ័យនោះ គឺអាចបញ្ជាឱ្យវាឱ្យបិទ-បើកទឹកដោយស្វ័យប្រវត្តិ។ មួយទៀត វាអាចតាមដានលើជី N-P-K ដែលត្រូវបានកំណត់រួចស្រេចក្នុង Sensor ដូច្នេះ ក្នុងករណី រងដំណាំខ្វះជី N-P-K វានឹងជួយបំពេញទៅតាមតម្រូវការរបស់ប្រភេទបន្លែនីមួយៗ។ ឧបករណ៍នេះ ក៏មានប្រព័ន្ធតាមដានសត្វល្អិតចង្រៃ ដែលស៊ីដំណាំដែរ ព្រោះថាយើងបានបំពាក់កាមេរា ក្នុងការត្រួតពិនិត្យលើសត្វចង្រៃទាំងអស់ ហើយផ្ដល់ព័ត៌មានមកឱ្យអ្នកប្រើប្រាស់វិញ»។ 
 
បើតាមសាស្រ្តាចារ្យបច្ចេកវិទ្យា និងវិស្វកកម្មរូបនេះ ការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមនុស្សផ្លាស់ប្ដូរពីការធ្វើកសិកម្ម ដែលពឹងផ្អែកធម្មជាតិ ទៅទំនើបវិញ។ ដូច្នេះ ​ច្ចេកវិទ្យាស្រោចស្រព ដែលនិស្សិតរបស់លោកផលិតនៅពេលនេះ នឹងក្លាយជាចំណែកដ៏សំខាន់ ក្នុងការជួយដល់ការងារកសិកម្មរបស់កសិករខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព ភាពងាយស្រួល និងចំណេញពេលវេលា។  
 
ការបង្កើតប្រព័ន្ធស្រោចស្រពឆ្លាតវៃនេះ មានការចូលរួមពីនិស្សិតជាង១០នាក់ ដែលភាគច្រើនជានិស្សិតឆ្នាំទី២ ទី៣ និងទី៤។ ការសិក្សាបង្កើតប្រព័ន្ធនេះមិនងាយស្រួលនោះទេ ដោយនិស្សិតត្រូវចំណាយពេលវេលាប្រមាណ១ឆ្នាំ ក្នុងការសរសេរ Code, Programming និងការបង្កើត Hardware ប្លង់ចរនា និងប្រមូលរាល់ទិន្ន័យរបស់រុក្ខជាតិនីមួយៗ ដើម្បីយកទៅវិភាគ និងព្យាយាមធ្វើដោយខ្លួនឯងស្ទើរទាំងអស់។ នេះបើតាម លោក ឡុង ទូច។ 
 
លោក ប្រាប់ដូច្នេះថា៖«ប្រព័ន្ធស្រោចស្រពនេះ និស្សិតចំណាយពេលធ្វើប្រហែល១ឆ្នាំ ដោយដំបូងយើងសរសេរCode ធ្វើយ៉ាងម៉េចឱ្យវាត្រូវតាមបរិបទដំណាំទាំងអស់នេះ។ ដូច្នេះ យើងត្រូវសិក្សា និងប្រមូលទិន្ន័យច្រើនពីដំណាំ ហើយយកមកវិភាគ ដើម្បីឱ្យត្រូវចំណុច។ អ្វីដែលសំខាន់ គឺពួកគេព្យាយាមធ្វើអ្វីដោយខ្លួនឯង»។  
 
បើតាម លោក ឡុង ទូច បច្ចុប្បន្ន ប្រព័ន្ធស្រោចស្រពនេះ ត្រូវបានបង្កើត សាកល្បងដោយជោគជ័យ ហើយក្រុមនិស្សិតរបស់លោក គ្រោងផលិតប្រព័ន្ធស្រោចស្រពនេះឱ្យបាន១០០គ្រឿង ដើម្បីបំពេញតម្រូវរបស់កសិករ៕

Tag:
 កសិកម្ម
  វិទ្យាស្ថានកសិកម្មព្រែកលៀប
  មហាវិទ្យាល័យបច្ចេកវិទ្យា និងវិស្វកកម្ម
  ឡុង ទូច
© រក្សាសិទ្ធិដោយ thmeythmey.com