ជាតិ
វីដេអូ
ផ្ទះចាស់សង់កាលពី​៩០ឆ្នាំមុន នៅក្បែរស្ថានីយរថភ្លើងរាជធានីភ្នំពេញ
13, Feb 2024 , 9:09 am        
រូបភាព
ភ្នំ​ពេញ៖ នៅបណ្តោយមហាវិថី​សហព័ន្ធ​រុស្ស៊ី នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ មាន​ផ្ទះ​បុ​រាណ​​មួយ​ខ្នង ដែលជាអតីតផ្ទះរបស់មន្ត្រីស្ថានីយរថ​ភ្លើង។ វាត្រូវបានសង់នៅអំឡុងឆ្នាំនៅ​​ឆ្នាំ​១៩៣០ ដំណាលគ្នា​នឹងការ​​សង់ផ្លូវរថភ្លើងពីភ្នំពេញ- បាត់ដំបង - ប៉ោយប៉ែតព្រំដែន​កម្ពុជា-ថៃ ដែលមានប្រវែង ៣៨៥,០៥គីឡូម៉ែត្រ។ កាល​​​​នោះ កម្ពុជាមាន​ខ្សែ​រថភ្លើង​តែ​មួយគត់​។ តាមពិតផ្ទះ​រចនាបថ​បែប​នេះ ​មានច្រើនដែរនៅតាម​ស្រុក​ភូមិ និង​ក្នុង​ទី​ក្រុង​មួយ​ចំនួន​ទៀត​ដែលស្ថិតនៅបណ្តោយខ្សែ​រថភ្លើងនេះ ដូច​ជា​ពោធិ៍សាត់ និង​បាត់ដំបង។  ផ្ទះអតីត​​មន្ត្រី​ស្ថានីយ​រថភ្លើង ដែលស្ថិតនៅមហាវិថី​សហព័ន្ធ​រុស្ស៊ីនេះ ​ស្ថាបនាឡើង​តាម​បែប​បថ​បារាំង ក៏ប៉ុន្តែ​មិន​មែន​​រចនាបថ​អាណានិគម​ទេ។ ​​ឥឡូវនេះ វាក្លាយមកជា​គេហដ្ឋាន​ឯកជន​វិញ ហើយនៅមាន​ស្ទើរតែឥដ្ឋប៉ុណ្ណោះ​ ដែល​នៅសល់​ពី​ដើម។ ផ្នែកផ្សេងទៀត​ដូចជា ទ្វារ ​បង្អួច​ ដំបូល​ និងថ្នាំពណ៌ គឺ​​ត្រូវបាន​ផ្លាស់ប្តូរអស់ហើយ។

ដើម្បីជ្រាបលម្អិត សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
សូមជម្រាបថា ផ្លូវដែកពីភ្នំពេញ - បាត់ដំបង - ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៥,០៥ គីឡូម៉ែត្រ ត្រូវបានសាងសង់ជា៣ដំណាក់កាល គឺ៖ ​ផ្លូវរថភ្លើងភ្នំពេញ -ពោធិ៍​សាត់ សាងសង់ពីឆ្នាំ ១៩២៩ ដល់ ១៩៣១ ប្រវែង ១៦៦ គីឡូម៉ែត្រ។ ​ផ្លូវរថភ្លើងពោធិ៍សាត់-មង្គលបូរី សាងសង់ពីឆ្នាំ ១៩៣១ ដល់ ១៩៣៣ ប្រវែង ១៦៤ គីឡូម៉ែត្រ និងផ្លូវរថភ្លើងពី មង្គលបូរី-ប៉ោយប៉ែត សាងសង់ពីឆ្នាំ ១៩៣៣ ដល់ ១៩៤២ ប្រវែង ៥៥,០៥ គីឡូម៉ែត្រ។
 
ផ្លូវដែកពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ ត្រូវបានសាង សង់ឡើងក្រោមស្នាព្រះហត្ថព្រះបរមរតនៈកោដិ ដែលការសាងសង់​ចែកចេញបីដំណាក់​កាល គឺផ្លូវដែកភ្នំពេញ-តាកែវ សាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៦ ប្រវែង ៧៥ គីឡូម៉ែត្រ។ ផ្លូវដែកតាកែវ-កំពត ​សង់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ ប្រវែង ៩២ គីឡូម៉ែត្រ និងផ្លូវដែក​​ កំពត-ស្ថានីយ៍ខេត្តព្រះសីហនុ និងដល់កំពង់ផែព្រះសីហនុ សាងសង់ពីឆ្នាំ​១៩៦៧ ដល់ ១៩៦៩ ប្រវែង ៩៩គីឡូម៉ែត្រ។

​កម្ពុជា បាន​បិទ​ដំណើរការការដឹកជញ្ជូនតាមផ្លូវដែកទាំងស្រុងនៅឆ្នាំ២០០៦ ហើយប្រកាស​បើក​ដំណើរការ​ឡើង​វិញ នៅ​ឆ្នាំ២០១៨។ 
 
​តាម​ពិតខ្សែ​រថភ្លើង​ដំបូងបង្អស់ត្រូវបាន​បើក​ឆ្នាំ​១៨៩៥។ វា​ចេញ​ពី​កំពង់​ផែមាត់​ពាម ទៅ​ដល់​​ក្រុង​សៀមរាប។ ដោយ​ឡែក មិន​សល់​អ្វី​សោះ​ពី​ផ្លូវដែក ៨គីឡូម៉ែត្រ​នោះទេ៕
 
 

Tag:
 ផ្ទះបុរាណ
  ស្ថានីយរថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com