ជាតិ
សុខភាព
កម្ពុជា រកឃើញបុរសម្នាក់ទៀតកើតជំងឺអុតស្វា ដែលជាករណីទី១០
13, Feb 2024 , 9:29 am        
រូបភាព
ភ្នំពេញ៖ បុរស​ម្នាក់ ដែល​មានទី​លំនៅនៅខណ្ឌ​ដង្កោ រាជធានីភ្នំពេញ កើតជំងឺអុតស្វា (Mpox) ដែលជាករណីទី១០ ​នៅកម្ពុជា។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ​បញ្ជាក់ពី​ករណីនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤។ ​នេះបើតាមសេចក្តីប្រកាស ព័ត៌មានរបស់​ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែកុម្ភៈ ដែលបានបន្តថាបុរសខាងលើ ត្រូវបានដាក់​ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។

 
​​​«និន្នាការនៃការចម្លងជំងឺអ៊ីមផកនៅ​កម្ពុជា ​មានការកើនឡើង ស្របគ្នានឹងនិន្នាការនៅ​លើ​សកលលោក»​។ ក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះ មុននឹងបង្ហាញទិន្នន័យ​​​យោងពី​អង្គការ​សុខ​ភាពពិភពលោក ដែលថានៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាន និងកំពុងផ្ទុះ​រាលដាល​ក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុប ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់នៅលើពិភពលោក។ 
 
​ក្រសួងសុខាភិបាល​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន និងថែរក្សា សុខភាព​ផ្ទាល់ខ្លួន ​ក្រុមគ្រួសារ ដើម្បីបង្ការ​ការរីករាលដាលជំងឺអុតស្វាជាចង្កោម ឬទ្រង់ទ្រាយធំ ដោយ​ត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់។
 
វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាម​ការរួមភេទគ្រប់ទម្រង់ជា​មួយ​អ្នក​ជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។ វីរុសនេះ ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ឹមផក៕

Tag:
 អុតស្វា
  Mpox
© រក្សាសិទ្ធិដោយ thmeythmey.com