កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​ម្នាក់​ស្លាប់​ ក្រោយ​ត្រូវ​រន្ទះ​បាញ់ ​ក្នុង​ពេល​ប្រកួត
13, Feb 2024 , 2:29 pm        
រូបភាព
កីឡាករបាល់ទាត់ម្នាក់ បានស្លាប់ភ្លាមៗនៅលើទីលានប្រកួត បន្ទាប់ពីត្រូវបានរន្ទះចាញ់ចំ អំឡុងការប្រកួតនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ។



កីឡាករសញ្ជាតិឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Septain Raharja ត្រូវបានរន្ទះបាញ់មុនពេលដួល នៅលើវាលស្មៅ នាការប្រកួតមិត្តភាពរវាងក្លិប FLO FC Bandung ទល់នឹងក្លិប FBI Subang ក្នុងកីឡដ្ឋាន Siliwangi ។ ហេតុការណ៍នេះ ត្រូវបានគេថតបាន និងផ្សព្វផ្យាយពាសពេញបណ្តាញសង្គម។
 
បើតាមកាសែតឥណ្ឌូណេស៊ី PRFM  ក្រោយត្រូវរន្ទះបាញ់ កីឡាករ Raharja ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន។
 
នេះជាករណីទី៣ហើយ ដែលកីឡាករបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានរន្ទះបាញ់ ។ កាលពីឆ្នាំ ២០២៣ នាអំឡុងការប្រកួតពានរង្វាន់ Soeratin U-13 Cup កីឡាករវ័យក្មេងមួយរូបរស់នៅក្នុងទីក្រុង Bojonegoro នៃខេត្តច្វា ក៏ត្រូវបានរន្ទះបាញ់ចំដូចគ្នា ប៉ុន្តែរូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយជួយសង្គ្រោះទាន់ពេល។
 
ក្នុងឆ្នាំដដែល កីឡាករវ័យ ២១ឆ្នាំ សញ្ជាតិប្រេស៊ីល ឈ្មោះ Caio Henrique ​de Lima Goncalves ក៏ត្រូវបានជួបប្រទះឧបទ្ទវហេតុរន្ទះបាញ់ស្លាប់ ខណៈកីឡាករ ៦ នាក់ផ្សេងទៀត បានរងរបួស៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com