កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ancelotti ថា Real នឹងបង្ហាញទម្រង់លេងកាន់តែខ្លាំងនៅ UCL ទោះមានបញ្ហាកីឡាកររបួស
13, Feb 2024 , 3:29 pm        
រូបភាព
លោក Carlo Ancelotti បាននិយាយថា ក្រុម Real Madrid នឹងបន្តការប្រកួតកាន់តែខ្លាំងបន្ថែមទៀត ទោះបីជាក្រុមមានកីឡាករសំខាន់ៗ ដូចជា Jude Bellingham កំពុងតែរងរបួសក្តី។ ការប្រកួតជុំទីមួយវគ្គ ១៦ក្រុម UEFA Champions League រវាងក្រុមរហស្សនាមអធិរាជស ទល់នឹងភ្ញៀវ RB Leipzig គ្មានវត្តមានរបស់កីឡាករយុវជនអង់គ្លេសឡើយ។



អំឡុងពេល Real បំបាក់ក្រុមលេខ ២ Girona លទ្ធផលសរុប ៤-០ នោះ គឺ Bellingham បានរួមចំណែក ២គ្រាប់ មុននឹងរូបគេត្រូវបានប្តូរចេញនៅនាទី៥៧ ដោយសារតែបញ្ហារបួសកជើង។ បើតាមប្រភពដ៏ជិតស្និទ្ធិបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN កីឡាករអន្តរជាតិអង់គ្លេស នឹងត្រូវអវត្តមាន ៣សប្តាហ៍ ពីការប្រកួតនានា។
 
បច្ចុប្បន្ន Bellingham ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅ Real Madrid ដោយរកបាន ២០គ្រាប់ រាល់គ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលដំបូងនេះ ។ ក្នុងនោះ ក៏មានគ្រាប់បាល់ក្នុងការបង្ហាញខ្លួន​ ៥លើក នៅ UCL ដែរ។
 
អវត្តមានខ្សែបម្រើឆ្នើមវ័យក្មេងនេះ ក៏មិនមែនជាបញ្ហាចោទរបស់ក្រុមឡើយ។ លោក Ancelotti និយាយថា ក្រុមមិនញញឺតឡើយ ក្នុងការប្រកួតប្រជែងជាមួយក្រុមដទៃទេ។
 
«បើគ្មាន Bellingham យើងឈ្នះប្រកួតចំនួន ៤ ក្នុងរដូវកាលនេះ អ្នកដែលបានជំនួសគេធ្វើបានល្អ មិនថា Brahim (Diaz) ឬ Joselu នោះទេ។ ពិតណាស់ Bellingham ជាកីឡាករល្អខ្លាំងម្នាក់ ដូចជាអ្នកចាំទី Courtois, Militao និង Alaba ជាដើម។ តែថ្ងៃស្អែក វាជាឱកាសមួយដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ។»។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
 
RB Leipzig ក៏ជាក្រុមខ្លាំងមួយរបស់អាល្លឺម៉ង់ ដែលតែងតែបង្ហាញវត្តមាន ក្នុងការប្រកួតពានអឺរ៉ុប រយៈកាលប៉ុន្មានឆ្នាំចុងក្រោយមកនេះ៕
 

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com