RFI
អន្តរជាតិ
UN-បរិស្ថាន​ ទាញសញ្ញាអាសន្ន ​អំពីការប្រឈមគ្រោះថ្នាក់​បំផុត នៃជីវិត​ពូជសត្វ​បម្លាស់ទី
13, Feb 2024 , 6:59 pm        
រូបភាព
ពូជសត្វស្លាបបម្លាស់ទី រាប់ពាន់​ក្បាល កំពុងស្វែងរកចំណី​​ នៅ​ខេត្ត Jiangxi ប្រទេសចិន។ រូបថត ថ្ងៃទី​៣ ធ្នូ ២០២៣ AFP – STR
ពូជសត្វស្លាបបម្លាស់ទី រាប់ពាន់​ក្បាល កំពុងស្វែងរកចំណី​​ នៅ​ខេត្ត Jiangxi ប្រទេសចិន។ រូបថត ថ្ងៃទី​៣ ធ្នូ ២០២៣ AFP – STR
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
 
ប្រទេស​សមាជិក​នៃសន្ធិសញ្ញាទីក្រុងបូន ស្តីពី​ការអភិរក្ស​ពូជសត្វ​បម្លាស់ទី ត្រូវជួបប្រជុំគ្នា​​ នៅទីក្រុងសាម៉ាកកង់ដ៍ ប្រទេស​អ៊ូសបេគីស្ថាន​ ចាប់ពីថ្ងៃទី​១២កុម្ភៈនេះ​ ដល់ថ្ងៃទី​១៧កុម្ភៈ​។ ស្របពេលនេះដែរ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកបរិស្ថាន​ បាន​ចេញរបាយការណ៍ថ្មី​មួយ ដែលបានទាញសញ្ញាអាសន្នបំផុត ស្តី​ពី​​ការប្រឈមគ្រោះថ្នាក់ផុតពូជ នៃ​សត្វ​បម្លាស់ទី​​ជាច្រើនពូជ នៅទូទាំងពិភពលោក​យើង​។

 
ពូជសត្វបម្លាស់ទីជាច្រើនពូជ កំពុងតែប្រឈម និង​រងគ្រោះដ៏ធ្ងន់ធ្ងរបំផុត។ នេះគឺជាការលើកឡើង របស់​លោក​ស្រី Inger Andersen ប្រធាន​អង្គការសហប្រជាជាតិទទួល​បន្ទុក​បរិស្ថាន​។

យោងតាមរបាយការណ៍ ក្នុងចំណោម​ពូជសត្វបម្លាស់ទី​ទាំងអស់ ដែល​ត្រូវបានកំណត់​ក្នុងសន្ធិសញ្ញាទីក្រុងបូន ឆ្នាំ​១៩៧៩ ថា​ពូជប្រឈមនឹង​គ្រោះថា្នក់ គឺមាន​១ក្នុងចំណោម​៥ ដែល​ប្រឈមនឹងការផុតពូជ ហើយ​មាន​៤៤% ដែល​ចំនួន​បានថយចុះយ៉ាងខ្លាំង​។ ក្នុងចំណោមពូជត្រីចំនួន​៥៨% គឺមាន​៩៧% ពោលគឺសឹងតែគ្រប់ពូជត្រីបម្លាស់ទី​ទាំងអស់​ ដែល​ប្រឈមនឹង​ការផុតពូជ។ ជាក់ស្តែង ដូចជាពូជត្រីឆ្លាមមួយចំនួន​។
 
ផ្អែកតាម​លោកស្រី Amy Fraenkel លេខាប្រតិបត្តិ​នៃ​សន្ធិសញ្ញា​ទីក្រុង​បូន គឺ​ការបម្លាស់ទី​របស់ពូជសត្វទាំងនោះ ដែល​ជួប​គ្រោះថ្នាក់ ដោយកត្តាឧបសគ្គ​ជាច្រើន។ ក្នុងរយៈពេល​៥ថ្ងៃ នៃការជួបប្រជុំនៅទីក្រុងសាម៉ាកកង់ដ៍ ចាប់ពីថ្ងៃទី​១២កុម្ភៈ គឺ​ប្រទេសសមាជិក​សន្ធិសញ្ញាទី​ក្រុង​បូនទាំង​១៣០ប្រទេស នឹងជជែក​គ្នា រកវិធីការពារអនាគតអាយុជីវិត និងនិរន្តភាព នៃ​ពូជសត្វបម្លាស់ទី​ទាំងអស់​ តួយ៉ាងដូចជា សត្វអណ្តើកសមុទ្រ ត្រីបាឡែន ត្រីឆ្លាម ដំរី ឆ្មាព្រៃ​និង​សត្វស្លាបជាច្រើនពូជទៀត។ សត្វទាំងនេះមានទំលាប់ ធ្វើដំណើរផ្លាស់ទីឆ្ងាយៗ ទៅតាមរដូវកាល ដើម្បីស្វែងរកចំណី ឬដើម្បី​ស្វែងរកទីតាំងបង្កកំណើតជាដើម។
 
របាយការណ៍​របស់អង្គការសហប្រជាជាតិ បាន​រំលេចឲ្យឃើញថា គ្រោះថ្នាក់ដែលគំរាម​ពូជសត្វទាំងនេះ គឺសុទ្ធសឹងតែកើតឡើង ឬមានពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្ស​។ ទីតាំងជម្រករបស់សត្វ ត្រូវបាន​បំផ្លាញ ឬកាន់តែរួមតូច ដោយសារតែការធ្វើកសិកម្ម​ខ្លាំងជ្រុល ការបរបាញ់ ការនេសាទ​ និង​កត្តាផ្សេងដែលជាផល​វិបាកបង្កឡើងដោយ​បម្រែបម្រួលអាកាសធាតុ។

មិនត្រឹមប៉ុណ្ណោះទេ សត្វទាំងនោះទទួលរងនូវផល​វិបាកផ្សេងទៀត បណ្តាល​មកពីសារធាតុពុលគីមី ដូចជាថ្នាំសម្លាប់សត្វល្អិត និង​កាកសំណល់ប្លាស្ទិកជាដើម។
 
លោកស្រី  Inger Andersen អះអាងថា សកម្មភាពមនុស្ស​ដែល​គ្មានចរិកលក្ខណៈនិរន្តរភាព​ គឺជាការ​​គំរាម​ដោយ​ផ្ទាល់​ ទៅលើអាយុជីវិតនិងអនាគត​របស់​ ពូជសត្វបម្លាស់ទី។ លោកស្រីបានគូសបញ្ជាក់ថា សត្វ​បម្លាស់ទីដើរតួនាទីសំខាន់ណាស់ នៅក្នុង​ការ​អភិរក្សការពារ​ប្រព័ន្ធជីវចម្រុះឲ្យគងវង់ ទូទាំងភពផែនដី​។ សត្វទាំងនេះ ជួយច្រើនខ្លាំងណាស់ ព្រោះវាមានតួនាទី​ជាអ្នកនាំ​កេសរផ្កាអនុញ្ញាតឲ្យ​មានការបង្កកំណើត កើតចេញជាផ្លែ។ សត្វខ្លះទៀតមាននាទីនាំគ្រាប់យកទៅពង្រាយ​ដើម្បី​ដុះជាដើម ជាក់ស្តែង​ដូចសត្វ​ប្រចៀវ សត្វជ្រឹង ដែល​នាំគ្រាប់​កោងកាង​និង​គ្រាប់​ល្ហុង​ជាដើមយកទៅពង្រាយ​។
 
គួរបញ្ជាក់ថា កិច្ចប្រជុំនៅ​សាម៉ាកកង់ដ៍នៅពេលនេះ គឺធ្វើឡើងក្នុងបរិបទ​ក្រោយ​កិច្ចព្រមព្រៀងគុនមីង-ម៉ុងរ៉េអាល់ ឆ្នាំ​២០២២ ដែល​បានកំណត់កម្មវត្ថុអភិរក្ស​ឲ្យ​បាន នូវ​ផ្ទៃដី​៣០%ជុំវិញផែនដី ពីនេះ​ដល់ឆ្នាំ​២០៣០។ កម្មវត្ថុ​អាទិភាព គឺ​កំណត់មុខសញ្ញាការពារ គ្រប់គ្រងតំបន់​អភិរក្ស​ប្រយុទ្ធប្រឆាំងនឹង​ការ​ប្រម៉ាញ់ខុសច្បាប់ ព្រមទាំង​កាត់​បន្ថយ​កត្តាបំពុល​ផ្សេងៗ ដូចជា​ពន្លឺអគ្គីសនី សំឡេងថ្លង់ កាកសំណល់​ប្លាស្ទិក និង​សារធាតពុលគីមីជាដើម​។
 
របាយការណ៍​បាន​ស្នើងផងដែរ ឲ្យ​ប្រទេសសមាជិក ពង្រីក​បញ្ជីឈ្មោះពូជសត្វ​បម្លាស់ទី​ដែលប្រឈមគ្រោះថ្នាក់។ យ៉ាងហោចណាស់ មានសត្វ​ចំនួន​៤០០ពូជទៀត ដែលប្រឈមគ្រោះថ្នាក់ ហើយ​ដែល​មិនត្រូវបានចាត់បញ្ចូល​នៅ​ក្នុងបញ្ជី​ឈ្មោះរបស់​សន្ធិសញ្ញាទី​ក្រុង​បូន​នោះទេ តួយ៉ាងដូចជា សត្វខ្ទីងអាមេរិក ខ្ទីងអឺរ៉ុប និង​ត្រីដូហ្វាំង​អាំងឌុសជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com