កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអុីតាលី បោះឆ្នោតប្រឆាំងការបន្ថយចំនួនក្រុម ក្នុងលីគ Serie A
13, Feb 2024 , 8:19 pm        
រូបភាព
ក្លិបបាល់ទាត់ស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A បាននាំគ្នាបោះឆ្នោតប្រឆាំងការកាត់បន្ថយចំនួនក្រុមប្រកួត មកនៅត្រឹមតែ ១៨ក្រុម ។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគអ៊ីតាលី នាថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីប្រជុំជាមួយដៃគូភាគហ៊ុន ក្នុងទីក្រុង Milan រួចមក។



ក្នុងចំណោមក្លិបទាំង ២០ នៅលីគ Serie A នោះ មានត្រឹមតែ ៤ក្រុមប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រការសម្រេចឱ្យកាត់បន្ថយក្លិប មកនៅសល់ត្រឹមតែ ១៨ក្រុម ។ ក្នុងនោះរួមមាន Juventus, Inter Milan, AC Milan ព្រមទាំង Roma។ 
 
តែយ៉ាងណាមតិភាគតិច មិនឈ្នះមតិភាគច្រើនឡើយ រូបមន្តនៃការប្រកួតនឹងបន្តនៅចំនួន ២០ក្លិបដដែល ខណៈរូបមន្តនេះ បានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៤-០៥ មកម្ល៉េះ។
 
ក្លិបកំពូលៗរបស់អ៊ីតាលី បានជំរុញឱ្យមានការកាត់ក្លិបចេញខ្លះ ដើម្បីកាត់បន្ថយចំនួនការប្រកួត និងបង្កើនគុណភាពនៃបាល់ទាត់ ប៉ុន្តែការកែប្រែនេះ ត្រូវការសម្លេងភាគច្រើន ដើម្បីអាចកែរូបមន្តប្រកួតនោះបាន។
 
ការព្យាយាមទាមទារឱ្យមានការកាត់បន្ថយក្លិបពីសំណាក់ Juventus, Inter Milan, AC Milan និង Roma ជាដើម ត្រូវបានរងការរិះគន់ខ្លាំងៗពីប្រធានក្លិប និងនាយកក្លិបដទៃផងដែរ។
 
«ខ្ញុំគិតថាអាកប្បកិរិយារបស់ដែលកំពុងតែចោទសួរគឺខុស។ ខ្ញុំនឹងននិយាយថាអ្វីដែលពួកគេចង់ធ្វើ ហាក់ដូចជាលីគកំពូលថ្មីមួយទៀត។»។ នេះបើតាមសម្តីរបស់លោក Urbino Cairo ប្រធានក្លិប Torino និយាយប្រាប់ទៅកាន់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំ។
 
សំណើរនៃកែប្រែរូបមន្តថ្មី ក៏ត្រូវបានអនុម័ត មុននឹងបង្ហាញនៅមហាសន្និបាតវិសាមញ្ញនៃសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) នៅក្នុងខែមីនា។ លីគអ៊ីតាលី ក៏កំពុងជំរុញឱ្យមានស្វ័យភាពបន្ថែមទៀត ពី FIGC ស្រដៀងទៅនឹងក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេស៕
 

Tag:
 Serie A
© រក្សាសិទ្ធិដោយ thmeythmey.com