ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ៖ ការងារអធិការកិច្ច ជួយដល់អភិក្រម៤ មុនឈានដល់វះកាត់
13, Feb 2024 , 4:29 pm        
រូបភាព
សម្រាប់សម្ដេច ហ៊ុន ម៉ាណែត ការងារអធិការកិច្ច គឺជួយដល់អភិក្រមរដ្ឋាភិបាល មុននឹងឈានដល់ការសម្រេចវះកាត់ ឬដកមន្ត្រីចេញពីមុខតំណែង និងតួនាទី។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ កុម្ភៈ។



សម្តេចនាយករដ្ឋមន្រ្តី បានស្នើក្រសួង អង្គភាព និងស្ថាប័ននានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ ដោយមិនត្រូវខ្លាច ហើយគេចវេះពីការធ្វើអធិការកិច្ចឡើយ។ សម្ដេច ហ៊ុន ម៉ាណែត ក៏ស្នើឱ្យស្ថាប័នទាំងនោះ កុំគិតបែបអវិជ្ជមានថា ក្រសួងអធិការ ជាអង្គភាពចាប់កំហុសលើការងាររបស់ខ្លួន ព្រោះក្រសួងអធិការជាសេនាធិការ និងជាភ្នែកចម្រុះរបស់រដ្ឋាភិបាល។ បើតាមប្រមុខរដ្ឋាភិបាល ការងារអធិការកិច្ច ជួយដល់អភិក្រម៤ មុនឈានដល់វះកាត់។
 
«ខ្ញុំបញ្ជាក់ថា អភិក្រមយើងទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ការតាមដានត្រួតពិនិត្យ ជាការងារស្ទូលរបស់រដ្ឋាភិបាលនីតិកាលទី៧នេះ ដែលត្រូវកែទម្រង់ ,ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតស្អំ។
 
តាមរបាយការណ៍ជាង១០នាទី ដែលលោក ហួត ហាក់ បានអានយ៉ាងលម្អិត ជម្រាបប្រាប់នាយករដ្ឋមន្រ្តីនោះ បានលើកឡើងថា មេដឹកនាំក្រសួង អង្គភាព និងស្ថាប័នរដ្ឋ ដែលរងការធ្វើអធិការកិច្ចនោះ ហាក់មិនសប្បាយចិត្តឡើយ ដោយពួកគេបានលើកឡើងពីទស្សនបែបអវិជ្ជមាន ហើយយល់ច្រឡំមកលើការងារអធិការនេះ។
 
«អង្គសន្និបាតក៏បានលើកឡើងពីបញ្ហាប្រឈម ដែលក្នុងចំណោមនោះ ពាក់ព័ន្ធនឹងទស្សនខុសឆ្គងមួយចំនួន លើការងារអធិការកិច្ច ដែលក្រុមការងារ(ក្រសួង អង្គភាព និងស្ថាប័នរដ្ឋ) រងអធិការកិច្ច យល់ដោយភ័ន្តច្រឡំថា ការធ្វើអធិការកិច្ច ទី១ ចាំតែចាប់កំហុស, ទី២ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អង្គភាពខ្លួន, ទី៣ ធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងទី៤ គឺធ្វើឱ្យរំខានដល់ការងាររបស់អង្គភាពរងអធិការកិច្ច»។ នេះបើតាមលោករដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
 
ទន្ទឹមនឹងទស្សនទានបែបអវិជ្ជមាននេះ ក្រុមការងារអធិការកិច្ច រកឃើញភាពអវិជ្ជមាន និងមិនប្រក្រតីវិញថា ក្រសួង និងអង្គភាពខ្លះ បានលាក់បាំងការពិត ចំពោះរដ្ឋាភិបាល ជាពិសេសស្វែងរកអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានអំណាច នៅពេលរងការធ្វើអធិការកិច្ចម្ដងៗ។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង អង្គភាពនានា លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា​ អង្គភាពរងអធិការមួយចំនួនតូច បានធ្វើសកម្មភាពនានា ដើម្បីបញ្ចៀសចំណុចខ្វះខាតរបស់ខ្លួន មុនពេលប្រតិភូអធិការកិច្ច ចុះទៅត្រួតពិនិត្យ៖ ក្នុងនោះរួមមាន ទី១ (អង្គភាព) ខ្លះប្រជុំផ្ទៃក្នុងជាមុន ក្នុងគោលបំណងលាក់បំបាំងការពិត, ទី២ អង្គភាពខ្លះ ផ្ដល់ឯកសារមិនគ្រប់គ្រាន់ និងមិនផ្ដល់កិច្ចសហការល្អ ឬយកលេស ដើម្បីពន្យាពេល ដូចជាបញ្ចៀសមុខសញ្ញា ដែលត្រូវរងអធិការកិច្ច ឱ្យទៅបំពេញបេសកកម្មនៅក្រៅអង្គភាព, ខ្លះទៀត បានណែនាំ ឬឈានទៅដល់ការបំភិតបំភ័យមន្ត្រីរងអធិការកិច្ច តាមរយៈការហៅសាកសួរ ក្នុងគោលបំណងមិនធ្វើសហការល្អ ជាមួយមន្រ្តីអធិការកិច្ច, ខ្លះទៀត រកហេតុផលណាមួយ ដើម្បីផ្ទេរ ឬសម្រួលភារកិច្ចមន្រ្តី ដែលដឹងរឿងរ៉ាវច្រើន ហើយជាមុខសញ្ញាអធិការ ដែលអាចផ្ដល់ព័ត៌មានពិត មកដល់មន្រ្តីអធិការកិច្ចជាដើម៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  អធិការកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com