RFI
អន្តរជាតិ
ទីភ្នាក់ងារ​​ចារកិច្ច​ន័រវែសលើកឡើងថា រុស្ស៊ីកំពុងតែមានប្រៀបផ្នែក​កងទ័ព ​​លើអ៊ុយក្រែន
14, Feb 2024 , 7:59 am        
រូបភាព
ភ្លើងឆាប​ឆេះ​នៅ​អគារផ្ទះសម្បែង​ក្នុង​​ទីក្រុងកៀវ បន្ទាប់ពីរង​ការវាយ​ប្រហារ​របស់រុស្ស៊ី ថ្ងៃទី​១០​កុម្ភៈ ២០២៤ AP - Yevhen Titov
ភ្លើងឆាប​ឆេះ​នៅ​អគារផ្ទះសម្បែង​ក្នុង​​ទីក្រុងកៀវ បន្ទាប់ពីរង​ការវាយ​ប្រហារ​របស់រុស្ស៊ី ថ្ងៃទី​១០​កុម្ភៈ ២០២៤ AP - Yevhen Titov
ដោយ៖ម៉ម ពិសី/ /RFI ខេមរភាសា
 
សង្គ្រាម​នៅអ៊ុយក្រែន ដែល​រុស្ស៊ី​បានបញ្ឆេះឡើង បានអូសបន្លាយ​ជិត២ឆ្នាំ​ហើយ នៅបាំងតែជាង​១០ថ្ងៃទៀតប៉ុណ្ណោះ។ ផ្អែកតាម​របាយការណ៍​ថ្មីមួយ របស់​ទីភ្នាក់ងារចារកិច្ច​ន័រវែស គឺ​រុស្ស៊ី​កំពុងតែឈានទៅ​​មានប្រៀប​លើ​អ៊ុយក្រែន​។ ដើម្បីអាចសង្ឃឹម​យកឈ្នះបាន គឺអ៊ុយក្រែនត្រូវការជាចាំបាច់ នូវជំនួយសព្វាវុធដ៏ច្រើនសន្ធឹក​ ពីបញ្ចឹម​លោក​។

 
លោក Nils Andreas Stensones នាយកទីភ្នាក់​ងារចារកិច្ច​ន័រវែស បាន​ធ្វើបទបង្ហាញចំពោះមុខអ្នកកាសែត នូវ​​របាយការណ៍​ប្រចាំឆ្នាំ​ ស្តីពីការវាយ​តម្លៃទៅលើ​បញ្ហាប្រឈម​ផ្នែកសន្តិសុខ នៅថ្ងៃទី​១២កុម្ភៈ​។ យោងតាម​របាយការណ៍នេះ ទីភ្នាក់​ងារចារកិច្ច​ន័រវែស យល់ឃើញថា កងទ័ពរុស្ស៊ី​កំពុងតែឈានទៅ​មានប្រៀប​លើអ៊ុយក្រែន​។
 
លោក​បាន​លើកឡើងថា ស្ថានការណ៍​នៅសមរភូមិនៅពេលនេះ គឺរុស្ស៊ី​កំពុងមានប្រៀប ខុសពី​ឆ្នាំទៅមិញ។ លោក​បានពន្យល់ថា មានកត្តាជាច្រើនដែល​បង្ហាញ​ថារុស្ស៊ី​មានប្រៀប​លើអ៊ុយក្រែន។ ​រុស្ស៊ីមានលទ្ធភាព​អាចកេណ្ឌប្រមូលកម្លាំងទាហាន​​មកបន្ថែម ចំនួន​១គុណជា​៣​ បើប្រៀបធៀបទៅខាងអ៊ុយក្រែន​។ ទាក់ទិននឹងទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​ក្រុម​ប្រទេសលោកខាងលិចបានដាក់ទៅលើរុស្ស៊ីវិញ គឺរុស្ស៊ី​នៅតែមានផ្លូវដើរ អាចសម្របខ្លួន​បាន​យ៉ាងល្អ​លើសពី​ការប៉ាន់ស្មានទុក។ អ្វីដែលគួរឲ្យ​កត់សំគាល់ទៀតនោះ គឺវិស័យឧស្សាហកម្មរុស្ស៊ីត្រូវបានពង្រឹងសមត្ថភាព ឈានទៅអាចផលិត​គ្រាប់ ផលិតគ្រឿង​អាវុធ យានជំនេះកងទ័ព រថក្រោះ ដ្រូន មីស៊ីល ដើម្បីអនុញ្ញាតឲ្យ​កងទាហាន អាច​ឈរជើងបានយូរនៅសមរភូមិ។
 
លោក​នាយកទីភ្នាក់​ងារចារកិច្ច​ន័រវែស បានអះអាងទៀតថា រុស្ស៊ី​បានទទួលជំនួយ​ពីកូរ៉េខាងជើង បេឡារុស អ៊ីរ៉ង់ និង​ចិន​ចិន​ជាពិសេស។ យោងតាម​ព័ត៌មាន​ដែលគេប្រមូលបាន គឺចិនមិន​​បាន​ផ្តល់​ឲ្យ​រុស្ស៊ី នូវ​អាវុធមែន តែចិន​បានឲ្យ​រុស្ស៊ី នូវ​ម៉ាស៊ីន គ្រឿងចក្រ គ្រឿងយន្ត រថយន្តដឹកជញ្ជូន គ្រឿងផ្សំអេឡិកត្រូនិក និង​គ្រឿងបន្លាស់​ច្រើនមុខទៀត ដែលចាំបាច់​​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​សព្វាវុធ​របស់​រុស្ស៊ី។
 
សម្រាប់លោក​នាយកទីភ្នាក់​ងារចារកិច្ច​ន័រវែស ប្រសិន​បើគេចង់​ឲ្យ​​អ៊ុយក្រែន ឈ្នះក្នុងសង្គ្រាមនេះ គឺទាល់តែ​ក្រុមប្រទេសលោក​ខាងលិច ជួយផ្តល់​គ្រឿងសព្វាវុធចាំបាច់ និងក្នុងទំហំច្រើនបំផុត ទៅឲ្យ​អ៊ុយក្រែន​។ គ្រឿងសព្វាវិធ​​ចាំបាច់ទាំងនោះ គឺមានជាអាទិ៍ គ្រាប់កាំភ្លើង មីស៊ីលចម្ងាយឆ្ងាយ ប្រព័ន្ធខែលមីស៊ីល​ផ្លូវអាកាស រថក្រោះ រថពាសដែក និង​យន្តហោះចម្បាំងជាដើម​។
 
សូមបញ្ជាក់ថា ន័រវែស ​ដាណឺម៉ាក និងហូឡង់ គឺជាប្រទេស​អឺរ៉ុប​ដែល​បាន​ប្រកាសសន្យា ថាផ្តល់យន្តហោះចម្បាំង F-16 ទៅ​ឲ្យ​អ៊ុយក្រែន​។ យន្តហោះចម្បាំង​ដ៏ទំនើប​នេះ ត្រូវបាន​អ៊ុយក្រែនទាមទារសុំ​ ជាយូរ​មកហើយ ដើម្បី​យកឈ្នះ​លើ​កម្លាំងសង្គ្រុប នៃ​សមត្ថភាពផ្លូវអាកាសរបស់​រុស្ស៊ី​។ គួរកត់សំគាល់ដែរថា ថ្វីបើសហរដ្ឋអាមេរិក​ជាអ្នកបានជួយផ្តល់​ប្រាក់ច្រើនជាងគេដល់អ៊ុយក្រែន ប្រមាណ​ជិត​២ឆ្នាំមកនេះ តែ​ឥឡូវនេះ សភាខុនហ្ក្រេស​អាមេរិក​មិនអា​ចស្វែងរកមតិរួម​ ដើម្បីសម្រេច​ផ្តល់ថវិកាជំនួយថ្មីទៅឲ្យ​អ៊ុយក្រែនឡើយ​។ ជាងនេះទៀត មានការបារម្ភកាន់តែខ្លាំង ថាលោក​ដូណាល់ ត្រាំ​ អាចនឹងឈ្នះឆ្នោតត្រឡប់​មកធ្វើប្រធានាធិបតី​អាណត្តិថ្មី ដែលមានន័យថា​អ្វី​ៗ​អាចនឹងកាន់តែលំបាក​សម្រាប់អ៊ុយក្រែន​៕

© រក្សាសិទ្ធិដោយ thmeythmey.com