សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ភ្ញៀវទេសចរតៃវ៉ាន់ជិត៣០០នាក់ជាប់គាំងនៅវៀតណាម ដោយសារជម្លោះទូទាត់រវាងក្រុមហ៊ុនទេសចរណ៍
14, Feb 2024 , 9:59 am        
រូបភាព
ភ្ញៀវទេសចរស្តាប់ការបកស្រាយពីភាគីក្រុមហ៊ុន។ រូបភាព ៖ Thanh Nien
ភ្ញៀវទេសចរស្តាប់ការបកស្រាយពីភាគីក្រុមហ៊ុន។ រូបភាព ៖ Thanh Nien
ភ្ញៀវទេសចរតៃវ៉ាន់ជិត ៣០០នាក់បានជាប់គាំងនៅទីក្រុង Phu Quoc ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ដោយសារតែជម្លោះមិនទាន់ដោះស្រាយរវាងក្រុមហ៊ុនទេសចរណ៍តៃវ៉ាន់និងក្រុមហ៊ុនទេសចរណ៍វៀតណាមទាក់ទងនឹងការទូទាត់លុយ។

 
ទីភ្នាក់ងារសារព័ត៌មាន CNA របស់តៃវ៉ាន់បានរាយការណ៍ថា ភ្ញៀវទេសចរតៃវ៉ាន់ចំនួន ២៩២នាក់ មកពីក្រុមទេសចរណ៍ជាច្រើនបានទិញកញ្ចប់ដំណើរកម្សាន្តរយៈពេល៥ថ្ងៃទៅកាន់ទីក្រុង Phu Quoc ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ តាមរយៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅតៃវ៉ាន់ឈ្មោះ We Love Tour ។
 
នៅពេលមកដល់ Phu Quoc អ្នកទេសចរទាំងនេះត្រូវបានក្រុមហ៊ុនទេសចរណ៍វៀតណាមដែលបានចុះកិច្ចសន្យាទទួលភ្ញៀវជាមួយក្រុមហ៊ុនតៃវ៉ាន់ តម្រូវឲ្យភ្ញៀវទេសចរម្នាក់ៗបង់ប្រាក់បន្ថែមចំនួន ៧២០ដុល្លារបន្ថែម។ បើតាមក្រុមហ៊ុនវៀតណាម Winner Vietnam International Travel Co., Ltd. ការទារលុយដោយសារតែក្រុមហ៊ុន We Love Tour មិនទាន់បានបង់ប្រាក់ដល់ក្រុមហ៊ុនខ្លួន។ 
 
CNA បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលទេសចរណ៍តៃវ៉ាន់ថា ភ្ញៀវទេសចរតៃវ៉ាន់ជាង ១០០នាក់ក្នុងចំណោមអ្នកដែលបានជាប់គាំងនៅ Phu Quoc បានយល់ព្រមបង់ប្រាក់បន្ថែមដើម្បីបានធ្វើដំណើរកម្សាន្ត។ អ្នកទេសចរតៃវ៉ាន់ប្រហែលជាមិនអាចត្រឡប់ទៅតៃវ៉ាន់វិញបានទេនៅថ្ងៃទី ១៤ខែកុម្ភៈ ប្រសិនបើការទូទាត់សម្រាប់ជើងហោះហើររបស់ Bamboo Airways ពី Phu Quoc ទៅ Taipei មិនត្រូវបានកក់ជាមុន។
 
រដ្ឋបាលទេសចរណ៍តៃវ៉ាន់បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតដើម្បីកំណត់ថាតើ We Love Tour បានរំលោភលើបទប្បញ្ញត្តិទាក់ទងនឹងប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍ដែរឬទេ?
 
នៅយប់ថ្ងៃទី ១២ ខែកុម្ភៈ ក្រុមហ៊ុនទេសចរណ៍ We Love Tour បានចេញសេចក្តីថ្លែងការណ៍បដិសេធព័ត៌មានរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាមដោយនិយាយថា ក្រុមហ៊ុន បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការលើកដំបូងជាមួយគ្នា។ ក្រុមហ៊ុន We Love Tour បានលើកឡើងថា ក្រុមហ៊ុនទាំងពីរបានព្រមព្រៀងគ្នានៅចំពោះមុខសាក្សីថា ការទូទាត់ទាំងអស់នឹងត្រូវធ្វើឡើងមិនលើសថ្ងៃទី២៦ ខែកុម្ភៈ។ We Love Tour បានបញ្ជាក់ថា ក្រុមហ៊ុនវៀតណាមបានផ្លាស់ប្តូរ និងទាមទារការទូទាត់ពេញលេញ បន្ទាប់ពីភ្ញៀវទេសចរតៃវ៉ាន់ជាច្រើនបានត្អូញត្អែរអំពីការហូបចុកពេលមកដល់វៀតណាម។
 
កាសែត Thanh Nien នាថ្ងៃទី ១៣ ខែកុម្ភៈ បានដកស្រង់សម្តីលោក Ha Tuan Minh នាយកក្រុមហ៊ុន Winner Vietnam International Travel Co., Ltd ថា ក្រុមហ៊ុនមានកិច្ចសន្យាទទួលភ្ញៀវទេសចរក្រុមហ៊ុន We Love Tour លើជើងហោះហើរចំនួន ៣ ចាប់ពីថ្ងៃទី ១០-១៤ ខែកុម្ភៈ ប៉ុន្តែនៅថ្ងៃទី៣១ ខែមករាក្រុមហ៊ុនបានលុបចោលកិច្ចសន្យាដោយសារតែ We Love Tour មិនបានបង់ប្រាក់ដូចដែលបានសន្យា។
 
លោក Minh បានបញ្ជាក់ប្រាប់ Thanh Nien ថា នៅពេលភ្ញៀវតៃវ៉ាន់មកដល់ Phu Quoc ដោយគ្មានឡានក្រុងទទួល ឬសណ្ឋាគារសម្រាប់ស្នាក់នៅ ក្រុមហ៊ុន We Love Tour បានអង្វរក្រុមហ៊ុនវៀតណាមម្តងហើយម្តងទៀតឱ្យជួយរៀបចំ ហើយពេលនោះក្រុមហ៊ុនវៀតណាមបានរៀបចំឡាន និងជួលសណ្ឋាគារដើម្បីបម្រើជូនភ្ញៀវទាំងនោះ។ រហូតដល់ថ្ងៃកំណត់បង់ប្រាក់គឺថ្ងៃទី១១ ខែកុម្ភៈ ក្រុមហ៊ុន We Love Tour នៅតែមិនផ្ទេរប្រាក់មកឲ្យ ដូច្នេះក្រុមហ៊ុនវៀតណាមបានប្រកាសបញ្ចប់កិច្ចសន្យា។
 
តំណាងក្រុមហ៊ុនវៀតណាមម្នាក់បាននិយាយថា ក្រុមហ៊ុនបានធ្វើការជាមួយការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិក្នុងទីក្រុងហូជីមិញ និងរដ្ឋបាលទេសចរណ៍តៃវ៉ាន់ជុំវិញស្ថានភាពក្រុមទេសចរណ៍ និងការរកដំណោះស្រាយ។ បើតាមនោះក្រុមហ៊ុនតៃវ៉ាន់ ត្រូវបង់លុយជូនភ្ញៀវទេសចរវិញ តែយ៉ាងណាមិញភ្ញៀវជាច្រើនមិនយល់ស្របនោះទេ។
 
បើតាមលោក Minh គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ចំពោះភ្ញៀវមិនបានបង់ប្រាក់បន្ថែម និងគ្មានកន្លែងស្នាក់នៅ ភាគីតៃវ៉ាន់បានពឹងក្រុមហ៊ុនវៀតណាមជាលើកទី២ ហើយក្រុមហ៊ុននៅតែជួយរៀបចំជូនភ្ញៀវចំនួន ២៩២នាក់ ដោយស្នាក់នៅសណ្ឋាគារ Sailing Hotel រហូតដល់ថ្ងៃទី១៣ ហើយភ្ញៀវទេសចរបានទៅលេងកន្លែងជាច្រើននៅ Phu Quoc។ លោក Minh បានបញ្ជាក់ថា ក្រុមហ៊ុន We Love Tour បានចុះហត្ថលេខាលើបំណុលដែលត្រូវសងនៅថ្ងៃទី២៦ ខែកុម្ភៈ នៅចំពោះមុខភាគីទាំងអស់តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ ទឹក​ប្រាក់​ដែល​ក្រុមហ៊ុន​វៀតណាម​បាន​ចំណាយ​សម្រាប់ភ្ញៀវទាំង​នេះមានចំនួន​ជាង​៣​ពាន់​លាន​ដុង (១២ម៉ឺនដុល្លារ) ។
 
ជាមួយគ្នានេះ កាសែតក្នុងស្រុកវៀតណាម Tuoi Tre នៅថ្ងៃទី ១៣ ខែកុម្ភៈបានដកស្រង់សម្តីលោក Bui Quoc Thai  ប្រធានមន្ទីរទេសចរណ៍ខេត្ត គៀន យ៉ាង ថាខេត្តនឹងជួយភ្ញៀវទេសចរតៃវ៉ាន់ឱ្យត្រលប់មកផ្ទះវិញតាមកាលវិភាគ៕ 

Tag:
 តៃវ៉ាន់
  វៀតណាម
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com