ជាតិ
ក្រសួងការងារព្យាករថា ការងារក្នុងវិស័យកសិកម្ម នឹងបន្តថយចុះ
14, Feb 2024 , 6:59 pm        
រូបភាព
លោក ពួច វ៉ា កសិករគំរូដាំណាំតាសក់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ពួច វ៉ា កសិករគំរូដាំណាំតាសក់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ភ្នំពេញ៖ អ្នកបំពេញការងារក្នុងវិស័យកសិកម្ម បានធ្លាក់ចុះជាបន្តបន្ទាប់ ពី៣,២លាននាក់ នៅឆ្នាំ២០១៨ មកត្រឹម ២,៩លាននាក់ នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 
របាយការណ៍ដដែល បានបញ្ជាក់ថា ចំនួនអ្នកមានការងារនៅកម្ពុជា កាលពីឆ្នាំ២០២២ ចាប់ពីអាយុ១៥ ទៅ៦៤ឆ្នាំ មាន៩,១លាននាក់ ហើយចំនួននេះ បានកើនឡើងដល់ ៩,៣លាននាក់ ឬកើន២,៧ភាគរយ ក្នុងឆ្នាំ២០២៣ ។ របាយការណ៍ បានបន្ថែមថា នៅឆ្នាំ២០២៣ ចំនួនអ្នកមានការងារធ្វើ ក្នុងវិស័យកសិកម្ម ថយចុះ២,៣ភាគរយ ខណៈវិស័យឧស្សាកម្ម និងសេវាកម្ម បានរក្សាកំណើនការងារពី ៣,២ភាគរយ ទៅ ៦,៦ភាគរយ។ 
 
សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងការងារព្យាករថា ​អ្នកមានការងារក្នុងវិស័យកសិកម្មនេះ នឹងរក្សាបានកំណើន ២,៣ភាគរយ ឬកើនឡើងបន្ថែម២២ម៉ឺននាក់។ ដោយឡែក វិស័យកសិកម្មត្រូវបានព្យាករថា ថយចុះ៣,៩ភាគរយ ដែលស្មើនឹង១១,២ម៉ឺននាក់។  
 
ក្នុងរបាយការណ៍ក្រសួងការងារ បានបកស្រាយយ៉ាងដូច្នេះ៖ «និន្នាការនេះ ឆ្លុះឱ្យឃើញពីជម្រើសមុខរបរនិងការងារកាន់តែប្រសើរ សម្រាប់ពលរដ្ឋ ដោយប្ដូរការងារពីវិស័យកសិកម្ម ដែលមានចំណូលទាប ទៅចាប់យកឱកាសការងារថ្មី ដែលមានចំណូលប្រសើរជាងមុន ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម»។ 
 
ក្រសួងការងារចាត់ទុកវិស័យកសិកម្ម ជាវិស័យសំខាន់ ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច នៅពេលមានវិបត្តិកន្លងមក ស្របពេលផលិតផលក្នុងស្រុកសរុប(ផ.ស.ស) របស់វិស័យកសិកម្ម បានថយចុះពី១៨ភាគរយ នៅឆ្នាំ២០១៨ ដល់ ១៥,៦ភាគរយ នៅឆ្នាំ២០២៣៕

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com