កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Bayern ប៉ះ Lazio ខណៈ PSG ស្វាគមន៍ភ្ញៀវ Sociedad
14, Feb 2024 , 4:29 pm        
រូបភាព
ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលីដើម្បីតទល់ម្ចាស់ផ្ទះ Lazio សម្រាប់ជំនួបវគ្គជម្រុះ ១៦ក្រុម ជើងទីមួយក្នុងពានរង្វាន់ UEFA Champions League វេលាម៉ោង ៣យប់រំលងអាធ្រត្រនា ថ្ងៃទី១៤ ខែកុម្ភៈ។ ចំណែក Paris Saint Germain នឹងត្រូវស្វាគមន៍ភ្ញៀវមកពីប្រទេសអេស្ប៉ាញ Real Sociedad កំពុងមានទម្រង់ធ្លាក់ចុះ។



Bayern Munich ឆ្លងកាត់ការពីវគ្គចែកពូលក្នុងនាមជាក្រុមកំពូលតារាងពូល A មិនដែលចាញ់ការប្រកួតណាមួយឡើយ ខណៈជំនួបក្នុងកីឡដ្ឋាន Stadio Olimpico ក្រុមកំពុងដឹងនាំដោយអ្នកចាត់ការលោក Thomas Tuchel ត្រូវបានមើលឃើញថាមានប្រៀបខ្លាំង ក្នុងការយកឈ្នះ។
 
ក្រុមយក្សមកពីអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅលេខ ២ ក្នុងក្របខណ្ឌ La Liga ចំណែក Lazio បច្ចុប្បន្ននៅចំណាត់ថ្នាក់លេខ ៨ ហើយតែងរងបរាជ័យច្រើនប្រកួតក្នុងលីគកំពូលអ៊ីតាលី Serie A រដូវកាល ២០២៣-២៤។ ប៉ុន្តែមុនការប្រកួតមកដល់ Lazio បានយកឈ្នះការប្រកួតលើក្រុម Cagliari លទ្ធផល ៣-១ ដើម្បីពង្រឹងទឹកចិត្តក្រុមមុនការប្រកួតទល់ជើងខ្លាំង Bayern។
  


ម្ចាស់ជើងឯក Bundesliga ១១លើកចុងក្រោយជាប់ៗគ្នា មុនការប្រកួតពានរង្វាន់អឺរ៉ុបមកដល់ ពួកគេបានរងបរាជ័យក្នុងជំនួបដ៏សំខាន់ដែលត្រូវប្រជែងពិន្ទុ ដោយចាញ់ក្រុមកំពូលតារាង Leverkusen លទ្ធផល ៣-០ ហើយក្រុមកំពុងត្រូវការជ័យជម្នះឡើងវិញ។ 
 
ចំណែកទឹកដីបារាំង Paris Saint Germain នឹងបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ជំនួបជើងទីមួយទល់នឹងក្រុម Real Sociedad មកពីអេស្ប៉ាញ វេលាម៉ោង ៣យប់រំលងអាធ្រាត្រ ម៉ោងនៅកម្ពុជា។
 


PSG ឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុងពូលទាំងលំបាក ខណៈពូល F សម្បូរទៅដោយក្រុមខ្លាំងដូចជា AC Milan, Newcastle និង Dortmund ជាដើម។ ចំណែក Sociedad ចេញពីពូល D ក្នុងនាមជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង។ 
 
ចូលដល់ការប្រកួតវគ្គ ១៦ក្រុម ជើងខ្លាំងលីគកំពូលបារាំង កំពុងតែមានទម្រង់លេងគួរឱ្យកត់សម្គាល់ឡើងវិញ ដោយ ១៦ប្រកួតចុងក្រោយមកនេះ មិនទាន់ចាញ់មួយលើកឡើយនៅគ្រប់ពានរង្វាន់ ហើយចំណោម ៨ប្រកួតចុងក្រោយបង្អស់យកឈ្នះចំនួន ៧លើក។ 
 
Real Sociedad វិញមកកាន់ការប្រកួតរាត្រីនេះ ក្រុមហាក់បីធ្លាក់ទម្រង់លេងយ៉ាងឆាប់រហ័ស ដោយប៉ុន្មានប្រកួតចុងក្រោយពួកគេមិនដែលឈ្នះឡើយ ហើយសប្តាហ៍កន្លងទៅមុនឈានដល់ការប្រកួតថែមទាំងភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Osasuna លទ្ធផល ១-០ ក្នុងជំនួប La Liga៕

Tag:
 UEFA Champions League
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com