អន្តរជាតិ
ព្រឹទ្ធសភា​អាម៉េរិក​អនុម័ត​ជំនួយ​អ៊ុយក្រែន​ អុីស្រាអ៊ែល និងតៃវ៉ាន់សរុប៩៥​ពាន់​លាន​ដុល្លារ
14, Feb 2024 , 7:29 pm        
រូបភាព
ព្រឹទ្ធសភាអាម៉េរិកដែលដឹកនាំដោយបក្សប្រជាធិបតេយ្យនាថ្ងៃទី១៣ ខែកុម្ភៈ បាន អនុម័តកញ្ចប់ជំនួយចំនួន៩៥,៣៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និង តៃវ៉ាន់។ យ៉ាងណាមិញ កញ្ចប់ជំនួយនេះ ត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅជំហាន បន្ទាប់ក្នុងសភាតំណាងដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។

 
សមាជិកព្រឹទ្ធសភា បានអនុម័តសំណើកញ្ចប់ជំនួយសម្រាប់សម្ព័ន្ធមិត្តទាំង៣ អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ដោយសំឡេងគាំទ្រ ៧០ និងសំឡេងប្រឆាំង២០ និងបញ្ជូនសំណើបន្តទៅកាន់សភាតំណាងរាស្ត្រ។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ២២នាក់ បានចូលរួមជាមួយ​ បក្សប្រជាធិបតេយ្យដើម្បីគាំទ្រសេចក្តីព្រាងច្បាប់នេះ។
 
«វាពិតជាមានរយៈពេលជាច្រើនឆ្នាំ ប្រហែលជារាប់ទសវត្សរ៍មកហើយ ចាប់តាំងពីព្រឹទ្ធសភា បានអនុម័តច្បាប់ដែលជះឥទ្ធិពលយ៉ាងខ្លាំងមិនត្រឹមតែសន្តិសុខជាតិរបស់យើង មិនត្រឹមតែ សន្តិសុខនៃសម្ព័ន្ធមិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិសុខនៃលទ្ធិប្រជាធិបតេយ្យ លោកខាងលិច»។ មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភា លោក Chuck Schumer បានលើកឡើងបែបនេះ។
 
ក្រោមច្បាប់នេះ ជំនួួយ៦១ពាន់លានដុល្លារផ្ដល់ឱ្យអ៊ុយក្រែន ១៤ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ និង៤,៨៣ពាន់លានដុល្លារសម្រាប់ គាំទ្រដៃគូនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ និងទប់ស្កាត់ការឈ្លានពានរបស់ចិន។ ច្បាប់នេះ ក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន៩,១៥ពាន់លានដុល្លារដល់ជនស៊ីវិល នៅតំបន់កាហ្សា ត្រើយខាងលិច អ៊ុយក្រែន និងតំបន់ជម្លោះផ្សេងទៀតនៅជុំវិញពិភពលោក។
 
ទោះមិនទាន់មានការសម្រេចពីសភាតំណាងក្ដី ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀ ហ្សេលេនស្គី បានសាទរចំពោះការអនុម័តច្បាប់នេះនៅព្រឹទ្ធសភាអាម៉េរិក។ លោកសរសេរតាមបណ្ដាញសង្គម X ថា  ជំនួយរបស់អាម៉េរិកនាំមកនូវសន្តិភាពនៅក្នុងអ៊ុយក្រែនកាន់តែច្រើន និងស្តារស្ថិរភាពពិភពលោកឡើងវិញ។
 
សភាទាំងពីរត្រូវតែអនុម័តច្បាប់នេះ មុនពេលប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន អាចចុះ ហត្ថលេខាដាក់ប្រើប្រាស់ជាផ្លូវការ។
 
យ៉ាងណាមិញ ជំហានទៅមុននៅមិនច្បាស់នោះឡើយ។  ប្រធានរដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson មិនទាន់ច្បាស់ថា នឹងនាំយកច្បាប់នេះទៅបោះឆ្នោតឡើយ ដែលលោកបានចោទប្រកាន់ថា នៅខ្វះបទប្បញ្ញត្តិទប់ស្កាត់លំហូរជនចំណាកស្រុកឆ្លងកាត់ព្រំដែនអាម៉េរិក-ម៉ិកស៊ិកដែលជាបញ្ហាមួយដ៏សំខាន់ផងដែរ៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com