សង្គមអន្តរជាតិ​
អន្តរជាតិ
ឆ្នេរអាក្រាតកាយនៅអូស្ត្រាលីប្រឈមនឹងការបិទ
14, Feb 2024 , 8:29 pm        
រូបភាព
ការតវ៉ាប្រឆាំងការហាមប្រាមមិនឲ្យថតស្រាតនៅឆ្នេរ Tyagarah ក្នុងរដ្ឋ New South Wales ក្នុងឆ្នាំ ២០១៨ ។ រូបថត ៖ Mercury
ការតវ៉ាប្រឆាំងការហាមប្រាមមិនឲ្យថតស្រាតនៅឆ្នេរ Tyagarah ក្នុងរដ្ឋ New South Wales ក្នុងឆ្នាំ ២០១៨ ។ រូបថត ៖ Mercury
ឆ្នេរ Tyagarah ជាឆ្នេរដ៏ពេញនិយមសម្រាប់អ្នកចង់អាក្រាតកាយ អាចនឹងត្រូវបិទ បន្ទាប់ពីការបោះឆ្នោតដោយក្រុមប្រឹក្សាតំបន់នៅអូស្ត្រាលី។ ការបិទនេះ ដោយសារ អ្នកអាក្រាតកាយមួយចំនួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដែលរងការរិះគន់ជាបន្តបន្ទាប់។

 
ឆ្នេរ Tyagarah ដែលមានប្រវែង ៨០០ម៉ែត្រនៅភាគខាងជើងនៃ Byron Bay របស់អូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកចាប់ពីថ្ងៃទី៨ ខែមេសា ប្រសិនបើក្រុមប្រឹក្សាតំបន់អនុម័តសម្រេចនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២២ខែកុម្ភៈ ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ភ្ញៀវទៅដល់ទីនោះអាចជ្រើសរើសស្លៀកឈុតងូតទឹក ឬអាក្រាតកាយ។ 
 
Tyagarah ជាឆ្នេរដ៏ល្បីល្បាញសម្រាប់អ្នកស្រឡាញ់អាក្រាតកាយនៅអូស្ត្រាលី និងជុំវិញពិភពលោក។ ឆ្នេរនេះក៏ជាផ្នែកមួយនៃតំបន់អភិរក្សធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋ New South Wales ។ យ៉ាងណាមិញ កាលពីឆ្នាំមុនរដ្ឋាភិបាលរដ្ឋមួយនេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាតំបន់ដោយនិយាយថា ការអាក្រាតកាយសាធារណៈ មិនសមនិងគុណតម្លៃដែលត្រូវបានគ្រប់គ្រង។ 
 
របាយការណ៍របស់ឧទ្យានធម្មជាតិ Tyagarah បានមើលឃើញពីអាកប្បកិរិយាអាសអាភាស ឬប្រឆាំងសង្គមដែលពាក់ព័ន្ធនឹងភ្ញៀវមកកម្សាន្តឆ្នេរអាក្រាតកាយមួយចំនួន។ ប៉ូលីសក្នុងតំបន់តែងតែដោះស្រាយពាក្យបណ្តឹងសាធារណៈ ទាក់ទងនឹងឆ្នេរ Tyagarah នេះ។
 
យ៉ាងណាមិញ មិនមែនគ្រប់គ្នាយល់ស្របនឹងគំនិតនៃការហាមឃាត់ការអាក្រាតកាយនៅឆ្នេរដ៏ល្បីមួយនេះនោះទេ។ Bradley Benham ប្រធាន​ក្រុម​អាក្រាតកាយ Byron Naturists បាន​ដាក់​ញត្តិ​តវ៉ា​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ទៅ​ប្រធាន​ទីភ្នាក់ងារ​បរិស្ថាន​រដ្ឋ។ ញត្តិនេះបានទទួលហត្ថលេខាចំនួន ១១២៥ញត្តិក្នុងការគាំទ្រ។
 
ញត្តិនោះបានសរសេរថា អាក្រាតកាយជារបៀបរស់នៅស្របច្បាប់។ ទីតាំងផ្សេងដែលស្របច្បាប់សម្រាប់អ្នកអាក្រាតកាយនៅរដ្ឋ New South Wales គឺកម្រណាស់ ហើយឆ្នេរនេះត្រូវបានវាយតម្លៃខ្ពស់។
 
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ការ​ស្រាត​នៅ​ឆ្នេរ Tyagarah មាន​ហានិភ័យ​ត្រូវ​បានហាមឃាត់។ នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាតំបន់បានច្រានចោលវិធានការស្រដៀងគ្នានេះ ប៉ុន្តែបានយល់ព្រមដំឡើងកាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅឆ្នេរសមុទ្រ។
 
«ខ្ញុំបានងូតទឹកអាក្រាតកាយនៅលើឆ្នេរនៃ Byron Bay តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ នៅពេលដែលខ្ញុំនៅក្មេង។ ឥឡូវនេះចំនួនប្រជាជនកាន់តែច្រើន ហើយមនុស្សកាន់តែច្រើនកំពុងប្រើប្រាស់ឆ្នេរនេះដើម្បីកម្សាន្ត។ ដូច្នេះយើងត្រូវការកន្លែងដែលវាស្របច្បាប់ក្នុងការងូតទឹកអាក្រាតកាយ»។ សារព័ត៌មាន CNN បានដកស្រង់ការសរសេររបស់ Benham បែបនេះ។

Tag:
 អូស្រ្តាលី
  ឆ្នេរសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com