RFI
អន្តរជាតិ
កសិករ​ឥណ្ឌា​​ធ្វើ​បាតុកម្មទាមទារបង្កើត​ច្បាប់​ការពារតម្លៃ​ទិន្នផល
14, Feb 2024 , 5:29 pm        
រូបភាព
កសិករឥណ្ឌាធ្វើដំណើរសំដៅរដ្ឋធានី ដើម្បីធ្វើបាតុកម្មទាមទារបង្កើតច្បាប់ការពារតម្លៃទិន្នផល AP
កសិករឥណ្ឌាធ្វើដំណើរសំដៅរដ្ឋធានី ដើម្បីធ្វើបាតុកម្មទាមទារបង្កើតច្បាប់ការពារតម្លៃទិន្នផល AP
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
 
កសិករ​ឥណ្ឌា​រាប់​ពាន់​នាក់​បាន​នាំគ្នា​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ​ធានី​ញូវដេលី ដើម្បីតវ៉ា និង​​ទាមទារ​បង្កើត​ច្បាប់​ការពារ​តម្លៃ​ទិន្នផល​​។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​រារាំង​មិន​ឱ្យ​ក្បួន​ត្រាក់ទ័រ​និង​បាតុកម្ម​ចូល​ក្រុង​ទេ ឬ​ប្រមូល​ផ្តុំ​គ្នា​បោះ​ទី​តាំង​ប្រឆាំង នៅ​ជុំ​វិញ​រដ្ឋធានី​ បាន​ដូច​កាលពី​ឆ្នាំ​២០២០-២០២១ទៀតទេ។ រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​និង​កង​ស្វ័យត្រាន​ តាម​ច្រក​ចូល​ក្រុង។

 
កសិករ​ឥណ្ឌា​ចង់​ឱ្យ​​រដ្ឋាភិបាល​បង្កើត​ច្បាប់ទូទៅ ថ្នាក់​ជាតិ​​កំរិត​តម្លៃអប្បបរិមា​​នៃ​​ទិន្នផល​កសិកម្មសំខាន់ៗ ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​អនុវត្ត​តែ​នៅ​តាម​រដ្ឋខ្លះៗ​ និង​ច្បាប់​​សោធននិវត្តន៍សម្រាប់​ពួកគេ។ ប៉ុន្តែ​ដោយការ​​ចរចាជាមួយ​រដ្ឋាភិបាល​​មិន​បាន​ជោគជ័យ​ កសិករ​ឥណ្ឌា​រាប់​ពាន់​នាក់​នៃ​តំបន់​ភាគ​ខាងជើង​ប្រទេស Pendjab Haryana Uttar Pradesh បាន​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​រដ្ឋធានី តាម​ត្រាក់ទ័រដែល​មាន​សណ្តោង​រម៉កដឹក​ស្បៀង​និង​សម្ភារៈ​​ប្រើប្រាស់យ៉ាងច្រើន។ មាន​ន័យ​ថា​​​គម្រោង​ធ្វើ​កូដកម្ម​និង​បោះទីតាំង ​អាច​នឹង​អូស​បន្លាយ​ពេល​​យូរ​ខែ​ថ្ងៃ។ លើក​មុន ក្នុង​បាតុកម្មប្រឆាំង​នឹង​កំណែទម្រង់​វិស័យ​កសិកម្ម (បើក​សេរី​ទីផ្សារ​កសិកម្ម) កាលពី​ខែ​វិច្ឆិកា​២០២០​​ កសិករ​ឥណ្ឌា​បានមក​​តវ៉ា​​បោះ​ទីតាំងក្នុង​រដ្ឋ​ធានី​អស់​ជាង​មួយ​ឆ្នាំ និង​ស្លាប់​ជាង​៧០០នាក់​ ទម្រាំ​ព្រម​ដក​ថយ​ទៅ​វិញ​។
 
ហេតុដូច្នេះ​ហើយ​បាន​ជានៅ​លើក​នេះ ​អាជ្ញាធរ​សម្រេច​ចាត់​វិធានការ​រារាំង​ក្បួន​បាតុករ​កសិករ​តាំង​ពី​ដំបូង និង​ដោយ​ប្រើ​មធ្យោបាយ​ធំ ដោយ​បិទ​ផ្លូវ​​ ដាក់រនាំង​លួស​បន្លា ផ្ទាំងថ្ម​​ស៊ីម៉ង់ធំៗឃាំង នៅ​តាម​​ច្រក​ផ្លូវ​សំខាន់ៗ កុំ​ឱ្យ​ក្បួន​បាតុករ​ចូល​ក្រុងបាន។ រដ្ឋាភិបាល​បាន​បញ្ចេញ​ និង​ពង្រាយ​កម្លាំង​ប៉ូលិស កម្លាំង​ការពារ​សន្តិសុខ កង​ស្វ័យត្រាណ​ ជា​អតិបរិមា​ និង​ហាមឃាត់​រាល់​ការ​ប្រមូល​ផ្តុំ​តាម​ទី​សាធារណៈ​ លើស​​ពី​៥​នាក់​ឡើង​ទៅ នៅ​រដ្ឋធានី​ញូវដេលី​ទៀត។
 
ទូរទស្សន៍​ជាតិ​បាន​បង្ហាញ​រូបភាព​ផ្សែង​យ៉ាង​ក្រាស់​​នៃ​គ្រាប់​បែក​ផ្សែង​ ខ្លះ​បាញ់​ចេញ​ពី​ដ្រូន​ផង ដើម្បី​បង្អាក់​ក្បួន​បាតុករ​ ដែល​កំពុង​មក​ដល់រដ្ឋ​ធានី​​ញូវដេលី​មុន​គេ និង​ដែល​បាន​ប្រើ​យាន​យន្ត​របស់​ពួកគេ​ ទម្លុះ​ទម្លាយ​រនាំងបាំង​ផ្លូវ។ នៅទីណា​ដែល​កសិករ​មិន​អាចទៅ​រួច ក្បួន​ត្រាក់ទ័រ​បាន​បើក​ឆ្លង​តាម​ចំការ។ បាតុករ​កសិករ ដែល​រៀប​ក្បួន​ដោយ​សន្តិវិធី​តែ​បាន​ទទួល​ការស្វាគមន៍​ជា​​គ្រាប់​បែក​ផ្សែង បាន​ប្តេជ្ញា​​ធ្វើ​សកម្មភាព​រហូត​ដល់​តែ​រដ្ឋាភិបាល​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ពួកគេ។
 
កសិករ​ឥណ្ឌា​មានទម្ងន់​នយោបាយ​ខ្លាំង​ណាស់​ ព្រោះ​ពួកគេ​មាន​ចំនួន​ច្រើន ដល់​ទៅ​ប្រមាណ​២ភាគបី​នៃ​ប្រជាជន​សរុប១៤០០​លាន​នាក់ និង​តំណាង​ឱ្យ​ជិត​មួយភាគ​៥​នៃ​ផលិតផលសរុប​ជាតិ។ នេះ​បើ​តាម​តួលេខ​ផ្លូវការ។ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំៗ​​មាន​កសិករ​រាប់​ពាន់​នាក់​បាន​សម្លាប់​ខ្លួន ដោយ​ហេតុ​ភាព​ក្រីក្រ ជំពាក់​បំណុល និង​ទិន្នផលទាប​ដែល​ជា​ឥទ្ធិពល​នៃការ​ប្រែប្រួល​អាកាសធាតុ។ បាតុកម្មកសិករ​នេះប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ការ​បោះឆ្នោតសភា​​ជាតិ​ខែ​មេសាកាន់​តែ​ខិត​មក​ដល់៕ ​

© រក្សាសិទ្ធិដោយ thmeythmey.com