RFI
សុខភាព
អន្តរជាតិ
ស្នេហា​មាន​ឥទ្ធិពល​លើ​សុខភាព​យ៉ាងណា?
14, Feb 2024 , 10:59 pm        
រូបភាព
ស្នេហាមានឥទ្ធិពលលើសុខភាពយ៉ាងណា
ស្នេហាមានឥទ្ធិពលលើសុខភាពយ៉ាងណា
ដោយ៖អៀង សុខម៉ិញ/ /RFI ខេមរភាសា
 
១៤​កុម្ភៈ ​ជា​ថ្ងៃ​បុណ្យ​សង្សា ឬ​ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ តើ​សេចក្តី​ស្រលាញ់ ឬ​សេ្នហា ​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​សុខភាព​? ស្នេហាជា​អ្វី ? ហើយជីវិត​ស្នេហា​​ដោយ​មាន​អាពាហ៍​ពិពាហ៍​ពិត​ជា​ល្អ​សម្រាប់​សុខភាព​មែន​ឬយ៉ាងណា?
 
សូម​កុំ​រង់​ចាំ​តែ​ថ្ងៃ​ទី​១៤​កុម្ភៈ ចាំ​បង្ហាញ​ សម្តែង និងផ្តល់​សេចក្តី​ស្នេហា ដើម្បី​ដូរ​យក​​ផ្កា​កូលាប​មួយ​ទងអី។ ក្តី​ស្រលាញ់ ការ​រួម​រក្ស​ស្នេហា ជា​ប្រធានបទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​ច្រើន និង​បន្ត​នៅ​ជា​ប្រធានបទ​សិក្សា​វិភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​ជានិច្ច។
 
ស្នេហា​អាច​ជួយ​បញ្ចុះ​កាឡូរី សេ្នហា​អាច​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន សេ្នហា​អាច​ជួយ​សម្រួល​ដំណេកឱ្យ​គេង​លក់​ស្រួល ស្នេហា​អាច​ជួយ​បន្ធូរបន្ថយ​ការ​ឈឺ​ចុក​ចាប់ ស្នេហា​អាច​ជួយ​បំប៉ន​ការ​ចង​ចាំ​ ស្នេហា​ជា​ថ្នាំដ៏​មាន​ប្រសិទ្ធភាព​​ប្រឆាំងនឹង​​ស្ត្រេស ស្នេហា​ផ្តល់​ភាព​រីករាយ ស្នេហា​ជួយ​ឱ្យ​នៅ​ក្មេង​បាន​យូរ ... នេះ​ជា​​គុណប្រយោជន៍នៃ​ការ​រួម​រក្ស​សេ្នហា។
 
ទាក់ទង​នឹង​ជីវិត​ស្នេហ៍​​អាពាហ៍ពិពាហ៍វិញ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​២០២៣ ​លោក​វេជ្ជបណ្ឌិត​និង​អ្នក​កាសែត​ទូរទស្សន៍​ជាតិ​បារាំង Damien Mascret បាន​ពន្យល់​ថា​​ជីវិត​អាពាហ៍ពិពាហ៍​ទំនង​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព ព្រោះ​មាន​​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ជា​អាទិ៍​ថា ស្ត្រីនៅ​លីវ​វ័យ​​ពី​៤៥​ឆ្នាំទៅ​៦៤​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​មរណៈ​មួយ​គុណ​នឹង​១,៣៧។ កាន់​តែ​អាក្រក់​ខ្លាំងទៅ​ទៀត សម្រាប់​បុរស នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល ដែល​អះអាង​ថា បុរស​គ្មាន​ប្រពន្ធ​ រស់​តែ​ម្នាក់​ឯង វ័យ​៤៥ទៅ​៦៤​ឆ្នាំ មាន​ហានិភ័យ​មរណៈកាន់​តែ​ខ្ពស់ខ្លាំង​ទៅ​ទៀត ​គឺដល់​ទៅ​​មួយ​គុណនឹង​១,៨៥ ក្នុង​ខណៈ​ដែល​បុរសចំណាស់​អាយុ​ពី​​៦៥ឆ្នាំ​ទៅ​៨៩​ឆ្នាំ មាន​ប្រពន្ធ​មើល​ថែ​គ្នា​ មាន​អត្រាហានិភ័យ​​មរណៈ​ត្រឹម​មួយ​គុណ​១,១៧ ​ប៉ុណ្ណោះ។ សម្រាប់​លោក​វេជ្ជបណ្ឌិត Damien Mascret នៅពេល​ណា​មនុស្ស​រស់​នៅ​តែ​ម្នាក់​ឯង​ គេ​​មិន​សូវ​យក​ទុក​ដាក់​លើ​ខ្លួន​ឯង​ទេ។
 
ជីវិត​គូ​ផ្តល់​អាយុ​យឺនយូរហើយ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​សរសៃ​ឈាម​បេះ​ដូង​ទៀត។ ការ​សិក្សា​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​Harvard ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា​​មនុស្ស​ទូទៅ​ធម្មតា (ដោយ​មិន​គិត​ពី​រឿង​រៀប​ការឬ​មិន​រៀប​ការ)​ ​​មាន​ហានិភ័យ​កើត​ជំងឺ​ភ្លេច​ភ្លាំង​ កើន​ឡើង​ខ្ពស់ ចាប់​ពី​​អាយុ​៥២​ឆ្នាំ​ឡើង​ទៅ។ ​ប្រសិនបើ​ជា​ពោះម៉ាយ ឬ​មេម៉ាយ ហានិភ័យ​នោះ​នឹងកើន​​ឡើង​​១,៥ដង។ បើ​មិន​ដែល​មាន​ជីវិត​គូ​សោះ​ ហានិភ័យ​ឡើង១,៧​ដង តែសម្រាប់​អ្នកបាន​​លែង​លះ​គ្នា​វិញ​ ហានិភ័យ​ឡើង​ខ្ពស់​ខ្លាំងដល់​ទៅ​២,៦​ដង។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល។
 
មាន​ន័យ​ថា​ ​​គុណប្រយោជន៍ចំពោះ​​សុខភាពសរសៃ​ឈាម​បេះ​ដូង នៃ​ជីវិត​អាពាហ៍ពិពាហ៍ត្រូវ​មាន​ស្នេហា​រីករាយ​រស់​​ល្អូនល្អើន​នឹង​គ្នា ទើបប្រសើរ​ជាង​ភាព​នៅ​លីវ នៅ​​ម្នាក់​ឯង។ ប៉ុន្តែ​បើ​ជីវិត​ប្តី​ប្រពន្ធ​មិនចុះ​សម្រុង​គ្នា​ទេ គ្មាន​ស្នេហាទេ​ គួរ​តែ​នៅ​លីវ ឬ​រស់នៅ​​ម្នាក់​ឯង​ប្រសើរ​ជាង។​
 
តើ​ស្នេហាជា​អ្វី ហេតុ​អ្វី​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ខ្លាំង​យ៉ាង​ដូច្នេះ?
ដោយ​មិន​និយាយ​អំពី​គុណប្រយោជន៍នៃ​​​ការ​រួម​រក្ស ស្នេហា​​​​តាម​ផ្លូវ​មនោសញ្ចេតនា ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ និង​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​ដែរសម្រាប់​សុខភាព។ ​ស្នេហា​ជាមនោសញ្ចេតនា ជា​​ចំណង​អារម្មណ៍ ជា​ចិត្ត​ស្រលាញ់ ​ដ៏​ស្មុគស្មាញ​ជាងអ្វី​ដែល​យើង​ធ្លាប់​គិត​ឆ្ងាយណាស់។
 
បើ​តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត កាទ្រីន សូឡាណូ គ្រូពេទ្យ​ជំនាញ​ផ្លូវភេទនៅប្រទេស​បារាំង សេ្នហា​មិនមែន​គ្រាន់​​តែ​រឿង​រួម​រក្ស ​​រឿង​កាមគុណ​ទេ។ ស្នេហាមាន​បី​ទម្រង់។
 
ទីមួយ ស្នេហា​ ជា​ ​តណ្ហា។ តណ្ហាដែល​​​ជា​កម្លាំងទាក់ទាញ​ដែល​​រុញ​ច្រាន​មនុស្សម្នាក់​​ឱ្យទៅ​រក​ម្នាក់​ទៀត និង​ជា​កម្លាំង​​​ផ្លូវភេទដ៏​ខ្លាំងក្លា​។ ប៉ុន្តែ​ជា​ទូទៅ​គេ​ច្រើន​តែ​យល់​ច្រលំ​រវាង​ស្នេហា​និង​តណ្ហា។ ស្នេហានិង​តណ្ហា​ មិន​ដូច​គ្នា​ទេ។ តណ្ហា​អាច​ត្រឹម​តែ​អារម្មណ៍​ទាក់ទាញ​ដោយ​រូបសម្ផស្ស តែ​មិន​ប្រាកដ​ជា​ការ​ស្រលាញ់​ស្នេហាពិតឡើយ។ ស្នេហា​និង​តណ្ហា​អាច​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា មាន​ការ​ទាក់ទាញ​សម្រាប់​អ្នក​នេះ តែ​មាន​ស្នេហា​ស្រលាញ់​ពិត​លើ​អ្នក​នោះ។ ដៃគូដែល​ស្រលាញ់​គ្នា​ ល្អូន​ល្អើន​ ត្រូវ​គ្នា​ខ្លាំង ​ស្និទ្ធស្នាល​នឹង​​គ្នា​រហូត​មិន​ទាមទារ​ ​​ តណ្ហាច្រើន​ទេ។
 
ទម្រង់​​ទីពីរ​នៃ​ស្នេហា​គឺ​ចំណង។ ជា​អារម្មណ៍​ជាប់​ជំពាក់​លើ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​សំខាន់​។ ខុស​ពី​តណ្ហា អារម្មណ៍​​នេះ​រីក​លូត​លាស់​ធំធាត់​ជា​លំដាប់​។ ចំណង​នេះ​មិន​កំរិត​ត្រឹម​អារម្មណ៍​ទេ តែ​ជា​ប្រតិកម្ម​បែប​គីមីវិទ្យា​ទៀត។
 
ទម្រង់​ចុងក្រោយ​គឺ​ស្នេហាជា​មនោសញ្ចេតនា​ផុសចេញ​ពី​បេះ​ដូង គ្មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ភេទ។ ជា​ស្នេហា ​កើត​ឡើង​ពីការ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ មើល​ការ​ខុស​ត្រូវ​ ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ សេ្នហា​នេះ​អាច​កើត​ឡើង​ដោយ​ងាយ​បំផុត ដោយ​គ្រាន់​តែ​អ្នក​សម្រេច​ចិត្ត​ផ្តល់​សេចក្តី​ស្រលាញ់​​ឱ្យ​បាន​ច្រើន។ ជា​ក្តី​ស្រលាញ់​​ តាម​រយៈ​កាយវិការ ឬ​ការ​គិត​រើស​មើល​តែ​កន្លែង​ល្អ​របស់​ដៃគូ។ ការ​គិត​តែ​វិជ្ជមានជា​ប្រភព​ស្នេហា​ដ៏​ធំធេង​។
 
ទម្រង់​សេ្នហាទាំង​​បី​នេះ​ អាច​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​មក ដើម្បី​ឱ្យ​ជីវិត​គូ​មាន​ដំណើរការ​ទៅ​បាន​ល្អ​និង​យូរ​អង្វែង។
 
ទោះក្នុង​ទម្រង់​ណា​ក៏​ដោយ ក៏​ទឹក​ចិត្ត​ស្រលាញ់ ឬ​សេចក្តី​សេ្នហា ជា​ការ​​ពាំនាំ​មក​នូវ​ភាព​រីក​រាយ ព្រោះអារម្មណ៍​ស្រលាញ់​នរណា​ម្នាក់​ឬ​ទទួលបាន​​ការ​ស្រលាញ់​ពី​នរណា​ម្នាក់ ​នឹងទៅ​ភ្ញោច​បញ្ចេញ​អ័រមូន​ហ្វេនីឡេទីឡាមីន Phényléthylamine។ ​ជាប់​ឈ្មោះ​ជា​អ័រមូន​តណ្ហា​ អ័រមូន​​នេះមាន​តួនាទីជាមូលេគុល​គីមី​​ត​ភ្ជាប់​សារ​ពីប្រព័ន្ធប្រសាទ​មួយ​ទៅ​ប្រព័ន្ធ​ប្រសាទ​មួយ​ ​ពិសេសទៅ​ប្រព័ន្ធ​ប្រសាទ​ពាក់​ព័ន្ធ​នឹង​ផាសុក​និង​ភាព​រីករាយ​ភ្លាម។
 
ក្រោយ​​សកម្មភាពដ៏​ស្វាហាប់​​របស់​​អ័រមូន​ហ្វេនីឡេទីឡាមីន ​អ័រមូន​សុភមង្គល​ដូប៉ាមីននិង​អ័រមូន​អូស៊ីតូស៊ីន (អ័រមូន​ជាប់ជំពាក់​ចិត្ត​ស្នេហ៍) ក៏​ចាប់​សាយ​ភាព​ចេញ​មក​ដែរ។
និយាយ​ដោយ​ខ្លី ​អ័រមូនដូប៉ាមីន និង​អូស៊ីតូស៊ីន ជា​ថ្នាំ​ធម្មជាតិ​ប្រឆាំង​នឹង​​​អាការៈ​​ស្តេ្រស​និង​ការ​ថប់​បារម្ភ ដែល​ជួយ​បញ្ចុះ​សម្ពាធ​តាន​តឹង និង​សម្ពាធ​ឈាម។
 
អ័រមូន​ដូប៉ាមីន​ ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​មានចាប់​មាន​​ចំណង​ស្នេហ៍​ជាប់ជំពាក់​ចិត្ត​ និង​ពេល​បាន​ជួប​ស្នេហ៍ស្មោះ​ភក្តី។ អ័រមូន​អូស៊ីតូស៊ីន បញ្ចេញដោយ​ឯងៗ​​ដោយ​ខួរ​ក្បាល​ ​នៅ​ពេល​សម្រាល​និង​បំបៅ​បោះ​កូន​ ពេល​រួម​រក្ស និង​ពេល​បាន​ទទួល​ការ​បបោស​អង្អែល​ថ្នាក់ថ្នម​។ ការ​ប្រសូត​កូន និង​បំបៅ​ដោះ​កូន ជា​ពេល​វេលាដែល​សរីរាង្គ​កាយ​បញ្ចេញ​អ័រមូន​អូស៊ីតូស៊ីន​យ៉ាង​ច្រើន​បំផុត។ អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ជា​ម្តាយ​ជំពាក់​ចិត្ត​ស្រលាញ់​កូន​ទើប​នឹង​កើត​ខ្លាំង។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត​ កាទ្រីន សូឡាណូដដែល ដែល​បញ្ជាក់​ថា​ដូច​គ្នា​នេះ​ដែរ នៅ​ពេល​រួម​រក្ស​ ក៏​មាន​ការ​បញ្ចេញ​អ័រមូន​អូស៊ីតូស៊ីន​យ៉ាង​ខ្លាំង​ពេល​ដៃ​គូ​មាន​​សំរើបសម្រេច​កាម​។ មាន​ន័យ​ថា បើ​ដៃគូ​ពីរ​នាក់​រួម​រក្ស​គ្នា​ជា​ញឹកញយ​ ជា​ប្រចាំជា​មួយ​ដៃគូ​ដដែល​យូរឆ្នាំទៅ ដៃគូទាំងពីរ​នឹង​មាន​ចំណង​ជំពាក់​ចិត្ត​គ្នា​កាន់​តែ​ស្អិត​ល្មួត​ឡើងៗ។ ការ​ថើប​អង្អែល​ ប៉ះពាល់​គ្នា​ជា​ជួយ​សម្រួលការ​បញ្ចេញ​​អ័រមូន​អូស៊ីតូស៊ីន​ដែរ។
 
អ័រមូន​នេះ​ជា​ប្រភព​នាំមក​នូ​វ​អារម្មណ៍​ធូរ​ស្បើយ​ ទាក់ទាញ ជាប់​ជំពាក់​នឹង​មនុស្ស​ម្នាក់​ទៀត ហើយ​ក៏​ជា​ថ្នាំ​ដ៏​មាន​មហិទ្ធិរិទ្ធ​សម្រាប់​​​បំបាត់​​ស្តេស​ និង​បំប៉ន​ប្រព័ន្ធ​ការពារសរីរាង្គកាយ។
អ័រមូន​ដូប៉ាមីន អូស៊ីតូស៊ីន បញ្ចេញ​សាយភាយក្នុង​បរិមាណ​ដ៏​ច្រើន​​ពេញ​សរីរាង្គកាយ ពេល​មាន​ស្នេហា ដែល​លាត​ត្រដាង​ដោយ​​អារម្មណ៍​ល្អ​ ​​រីករាយ​ ពោរពេញ​ដោយ​ក្តី​សុខ​។​ តែនៅ​​ពេល​បែក​បាក់​ព្រាត់​ប្រាសស្នេហ៍ ផលិត​កម្ម​អ័រមូន​ត្រូវ​ធ្លាក់​ចុះ​ទើប​យើង​មាន​អារម្មណ៍មិន​ល្អ ​​​កើត​ទុក្ខ និង​ឈឺ​ចាប់៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com