ជាតិ
ដាក់ឱ្យដំណើរការអគារសម្ភពទី២មន្ទីរពេទ្យជ័យវរ្ម័នទី៧ តម្លៃ៣លានដុល្លារ
15, Feb 2024 , 8:59 am        
រូបភាព
អគារសម្ភពទី២មន្ទីរពេទ្យជ័យវរ្ម័នទី៧
អគារសម្ភពទី២មន្ទីរពេទ្យជ័យវរ្ម័នទី៧
សៀមរាប៖ អគារសម្ភពទី២ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញតម្រូវការសេវាព្យាបាលក្នុងមន្ទីរពេទ្យ។ អគារនេះមានតម្លៃ៣លានដុល្លារអាមេរិក និងអាចដាក់គ្រែចំនួន១២០។

 
ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្រ្ដាចារ្យ យ៉ៃ ចន្ទនា លើកឡើងថា អគារសម្ភពទី១​​របស់មន្ទីរពេទ្យ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០០១ បន្ទាប់ពីមន្ទីរពេទ្យ​បើកសម្ពោធ​នៅឆ្នាំ១៩៩៩។ អគារនេះ អាចជាអគារសម្ភពទីមួយដំបូងគេ ដែលត្រូវបានសាងសង់ និងដំណើរការ ក្នុងមន្ទីរពេទ្យកុមារកម្ពុជា។ ពីមួយថ្ងៃទៅមួយថ្ងៃ កំណើនប្រជាពលរដ្ឋមកទទួលសេវាមានការកើនឡើង ក្នុងនោះផ្នែកសម្ភពមានស្រ្តីសម្រាលកូនជាមធ្យមពី៧០ទៅ៨០នាក់ក្នុងមួយថ្ងៃ។ នេះជាការលើកឡើង​របស់លោក យ៉ៃ ចន្ទនា នាពិធីសម្ពោធអគារសម្ភពទី២ កាលពី​ថ្ងៃទី១៤ កុម្ភៈ។
 
ដូច្នេះដើម្បីឆ្លើយតបតាមតម្រូវការខាងលើ ពិសេសផ្នែកស្រ្តីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្រេចសាងសង់អគារសម្ភពទី២បន្ថែមទៀត ដែលចាប់ផ្តើមសាងសង់នៅ ខែមីនា ឆ្នាំ២០២៣។ អគារនេះមាន៣ជាន់ មានចំនួន១២០គ្រែ ក្នុងនោះ៤០គ្រែ សម្រាប់សង្រ្គោះបឋម ទារកទើបកើត និងមានតម្លៃ២,៥លានដុល្លារអាមេរិក និងបំពាក់សម្ភារបរិក្ខាពេទ្យប្រមាណ៥០ម៉ឺនដុល្លារ​។ តាមរបាយការណ៍របស់ប្រធានមន្ទីរពេទ្យ អគារនេះមានផ្ទៃក្រឡាប្រមាណ ១៥០០ម៉ែត្រការ៉េ ដែលសង់នៅប៉ែកខាងត្បូង ជាប់របងសណ្ឋាគារសូហ្វីតែ អង្គរ។ របាយការណ៍ដដែល បានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងទៅ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានស្រ្តីមានផ្ទៃពោះចំនួន ជាង១០ម៉ឺនករណី និងសម្រាលកូនបានចំនួន ២៥,៥៨០នាក់ ក្នុងអត្រាកើតដោយវះកាត់ចំនួន ២០ភាគរយ។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
 
ថ្លែងនាពិធីនោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបង្ហាញក្ដីនឹករឭកដល់ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា គឺលោក បេអាត រីចឈ្នឺ ដែលប្រឹងប្រែងបង្កើតមន្ទីរកុមារនេះឡើង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសុំឱ្យស្មារតីនៃការខិតខំប្រឹងប្រែងកន្លងមក ពិសេសគុណភាពនៃការព្យាបាលក្នុងមន្ទីរពេទ្យ  ដែលអាចចាត់ទុកជាស្ដង់ដារអន្ដរជាតិ បន្តជានិរន្តរទៅ។ 
 
ក្រៅពីនេះ លោក ឈាង រ៉ា ក៏បានផ្តល់អនុសាសន៍ដល់មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដោយត្រូវបន្តការព្យាយាមរៀនសូត្រជានិច្ច អនុវត្តន៍ប្រតិបត្តិឱ្យបានត្រឹមត្រូវ​ និងមានទំនាក់ទំនងល្អ​ជាមួយអ្នកជំងឺនិងគ្រួសារ ,បន្តស្រាវជ្រាវបន្ថែមដើម្បីនវានុវត្តន៍ក្នុងមន្ទីរពេទ្យ និងក្នុងក្របខណ្ឌសុខាភិបាល, ត្រូវចូលរួមបណ្ដុះបណ្ដាលនិស្សិត និងអ្នកជំនាញទូទៅ ដើម្បីឱ្យសកម្មភាពក្នុងពេទ្យក្លាយជាវប្បធម៌ជោគជ័យនៅតាមមន្ទីរពេទ្យ ឬស្ថាប័នផ្សេងទៀត៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យមើលការព្យាបាលនៅក្នុងអគារសម្ភពថ្មី។





Tag:
 មន្ទីរពេទ្យជ័យវរ្ម័នទី៧
  គន្ធបុប្ផាទី៣
© រក្សាសិទ្ធិដោយ thmeythmey.com