អន្តរជាតិ
ហូឡង់ចូលរួមជាមួយអង់គ្លេស ដើម្បីផ្គត់ផ្គង់ដ្រូនទំនើបដល់អ៊ុយក្រែនឱ្យទាន់ពេលវេលា
15, Feb 2024 , 9:59 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
រដ្ឋមន្ត្រីការពារជាតិហូឡង់ នៅថ្ងៃទី១៤ ខែកុម្ភៈ បានលើកឡើងថា ហូឡង់កំពុងចូលរួមសម្ព័ន្ធមិត្ត រួមទាំងអង់គ្លេសដែលនឹងមានគោលបំណងផ្គត់ផ្គង់អ៊ុយក្រែន​ ជាមួយនឹងបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់ដែលនឹងពង្រឹងសមត្ថភាពវាយលុកក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។


ក្រៅពីសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង F-16 កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ហូឡង់បានប្រកាសផ្ដល់បច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់សម្រាប់អ៊ុយក្រែនដែលកំពុងត្រូវ ការសព្វាវុធសំខាន់ៗសម្រាប់វាយបកលើរុស្ស៊ី។ 
 
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kasja Ollongren បានលើកឡើងថា សម្រាប់ហូឡង់ ប្រហែលជាមានការចំណាយបន្ថែមលើថវិកាចំនួន ២,១ ពាន់លានដុល្លារដែលបានកំណត់រួចហើយសម្រាប់ឆ្នាំ ២០២៤។ 
 
«​យើង​ដឹង​ច្បាស់​ថា​ ដ្រូនមាន​សារសំខាន់​ខ្លាំង​ក្នុង​សង្គ្រាម​ប្រឆាំងរុស្ស៊ី»​។ ប្រមុខការពារជាតិហូឡង់ បានថ្លែងបែបនេះ រួចបន្តថា នោះហើយជាមូលហេតុដែលហូឡង់ចូលរួមជាមួយសម្ព័ន្ធដ្រូន ដែលអ៊ុយក្រែនបានចាប់ផ្តើមរួមគ្នាជាមួយឡាតវី និងប្រទេសដទៃទៀតដើម្បីបង្កើនការផលិត និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតដែលចាំបាច់សម្រាប់អ៊ុយក្រែន។
 
ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសពីការចូលរួមរបស់អង់គ្លេសកាលពីខែមុនផងដែរ។ ទាំងអង់គ្លេស និងហូឡង់បានជួយអ៊ុយក្រែនរួចហើយ ក្នុងការបង្កើតកងកម្លាំងដ្រូនរបស់ខ្លួន។
 
ប្រមុខការពារជាតិហូឡង់រូបនេះ បានសង្កត់ធ្ងន់ផងដែរថា សម្ព័ន្ធដ្រូនដែលបង្កើតថ្មីនេះនឹង អាចឆ្លើយតបក្នុងរយៈពេលខ្លីទៅនឹងការទាមទារថ្មីរបស់អ៊ុយក្រែនស្របពេលដែលការប្រយុទ្ធកំពុងអភិវឌ្ឍនៅជួរមុខ។ ក្នុងការជ្រោមជ្រែងនេះ ហូឡង់នឹងផ្ដល់ជាអ្នកជំនាញបច្ចេកវិទ្យាខ្ពស់ពីវិស័យពាណិជ្ជកម្ម ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេស ឬហិរញ្ញវត្ថុ នៅឡើយ។
 
ការលើកឡើងនេះធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធយោធាណាតូរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែលនឹងចាប់ផ្តើមនៅថ្ងៃ១៥ ខែកុម្ភៈ។
 
ដ្រូនបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រក្នុងសង្គ្រាមរបស់អ៊ុយក្រែន និង រុស្ស៊ីសម្រាប់ការឈ្លបយកការណ៍ និងគោលដៅវាយប្រហារ ដោយសារការចំណាយទាប របស់ឧបករណ៍មួយនេះ។ បច្ចុប្បន្នភាគីទាំងពីរ កំពុងប្រើប្រាស់ដ្រូនតូចៗរាប់ពាន់គ្រឿង ហើយកំពុងបង្កើនចំនួនដ្រូនដែលមានទំហំធំ អាចហោះហើរបានកាន់តែឆ្ងាយ មានកាមេរ៉ាកាន់តែធ្ងន់ ឬអាចផ្ទុកគ្រឿងផ្ទុះបានប្រសើរជាងមុន៕

Tag:
 ហូឡង់
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com