អន្តរជាតិ
ការ​វិនិយោគ​របស់​អាល្លឺម៉ង់​នៅ​ចិន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត
15, Feb 2024 , 10:59 am        
រូបភាព
ក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន។ រូបភាព Xinhua
ក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន។ រូបភាព Xinhua
ទិន្នន័យផ្លូវការរបស់ធនាគារកណ្តាលអាល្លឺម៉ង់ Bundesbank ដែលវិភាគដោយវិទ្យាស្ថាន IW បានបង្ហាញ នៅថ្ងៃទី១៤ ខែកុម្ភៈថា ការវិនិយោគដោយផ្ទាល់របស់អាល្លឺម៉ង់នៅចិនបានកើនឡើង ៤,៣ ភាគរយ ពោលគឺដល់កម្រិតខ្ពស់បំផុត ១២,៧ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។

 
តាមរបាយការណ៍របស់វិទ្យាស្ថានIW ទិន្នន័យបានបញ្ជាក់ពីការព្រួយបារម្ភថា ក្រុមហ៊ុនអាល្លឺម៉ង់បន្តវិនិយោគយ៉ាង ច្រើននៅចិន បើទោះបីជារដ្ឋាភិបាលបានទទូចឱ្យក្រុមហ៊ុនទាំងនោះកាត់បន្ថយការរកស៊ីនៅចិន និងការ កាត់បន្ថយយ៉ាងខ្លាំងក្នុងការធានាការវិនិយោគនៅចិនក៏ដោយ។ ការវិនិយោគក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គឺស្ថិតក្នុងកម្រិតខ្ពស់ដូចកាលពីប្រាំមួយឆ្នាំមុន។
 
ការវិនិយោគរបស់អាល្លឺម៉ង់នៅប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរក្នុងរយៈពេល ៤ ឆ្នាំចុង ក្រោយនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានទាំងស្រុងដោយប្រាក់ចំណេញដែលយកទៅវិនិយោគឡើងវិញ ខណៈក្រុមហ៊ុនមួយចំនួន ក៏បានដកដើមទុនដែរ។
 
«យើងអាចសន្មត់ថានៅតែមានការខុសប្លែកពីគ្នារវាងក្រុមហ៊ុនធំៗមួយចំនួន និងសហគ្រាសធុនតូច និងមធ្យមភាគច្រើន»។ សេដ្ឋវិទូរបស់ IW លោក Juergen Matthes លើកឡើងនៅក្នុង របាយការណ៍ខាងលើបែបនេះ រួចបន្តថា អាជីវកម្មខ្នាតតូច និងមធ្យមមួយចំនួនកំពុងស្វែងរកដើម្បីកាត់បន្ថយការរកស៊ីនៅចិន ឬចេញពីចិនទាំងស្រុងតែម្តង។ 
 
ស្រដៀងគ្នានេះ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាឡឺម៉ង់នៅចិនដែលបានចេញផ្សាយនៅខែមុនថា សមាមាត្រនៃក្រុមហ៊ុនអាល្លឺម៉ង់ដែលចាកចេញពីទីផ្សារចិន ឬកំពុងពិចារណាចេញពីចិន បានកើនឡើងទ្វេដងដល់​ ៩ភាគរយក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
 
ការវិនិយោគ នៅចិនជាចំណែកនៃការវិនិយោគរួមរបស់អាល្លឺម៉ង់នៅបរទេសបានកើន ឡើងកាលពីឆ្នាំមុនដល់ ១០,៣ ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤ ខណៈ ដែលការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់នៅកន្លែងផ្សេងទៀតដូចជានៅអាស៊ី នៅទ្រឹង ដោយមាន 
ប្រហែល ៨ភាគរយ៕ 

Tag:
 អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com