កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន បញ្ចប់ប្រេស៊ីល ទៅការពារមេដាយមាសអូឡាំពិកនៅប៉ារីស
15, Feb 2024 , 11:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ (U23) មិនអាចឈានទៅការពារមេដាយមាសកីឡាអូឡាំជាលើកទី៣ជាប់ៗគ្នាបានឡើយ បន្ទាប់ពីចាញ់អាហ្សង់ទីន ១-០ នៅវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។



ម្ចាស់មេដាយមាសអូឡំាពិកក្រុង រីយ៉ូ ឆ្នាំ ២០១៦ និងអូឡាំពិកតូក្យូឆ្នាំ ២០២០ ដែលពន្យាពេលដោយសារ កូវីដ-១៩ ត្រូវការត្រឹមស្មើប៉ុណ្ណោះជាមួយគូប្រជែងប្រចាំទ្វីបអាម៉េរិកឡាទីននៅជំនួបចុងក្រោយកាលពីថ្ងៃទី១២ ខែកុម្ភៈ។ ជាអកុសល ប្រេស៊ីល បានចាញ់អាហ្សង់ទីននៅជំនួបដែលធ្វើនៅប្រទេសវេណេហ្ស៊ុយអេឡា។
 
តាមរយៈជ័យជម្នះនេះ បានជួយអាហ្សង់ទីនបានកៅអីទៅប្រទេសបារាំង ដើម្បីស្វែងរកតំណែងមេដាយជាលើកទី៣របស់ខ្លួន បន្ទាប់ពីពួកគេឈ្នះជើងឯកពីរលើករួចមក នៅឆ្នាំ ២០០៤ និង ២០០៨។
 
ដោយឡែក ប៉ារ៉ាហ្គាយបានឈ្នះសំបុត្រទីពីរពីអាម៉េរិកឡាទីនទៅកាន់ទីក្រុងប៉ារីសឆ្នាំ ២០២៤ តាមរយៈជ័យជម្នះ ២-០ លើវេណេហ្ស៊ុយអេឡា។
 
ការប្រកួតជម្រុះវិញ្ញាសាបាល់ទាត់បុរសអូឡាំពិក ក្រុមកីឡាករតម្រូវឱ្យមានអាយុក្រោម ២៣ ឆ្នាំចូលរួមប៉ុណ្ណោះ។ ដោយឡែក នៅវគ្គព្រ័ត្រអូឡាំពិក ត្រូវបានអនុញ្ញាតិក្រុមប្រទេសនីមួយៗអាចបញ្ចូលកីឡាករលើសអាយុចំនួន ៣ នាក់បន្ថែមទៀតទៅជួយក្រុម។
 
ក្រោយទទួលបានកៅអីទៅបារាំង អាហ្សង់ទីនបានព្យាយាមបញ្ចុះបញ្ចូល Lionel Messi ឱ្យទៅជួយក្រុម។ ប្រធានក្រុម វ័យ ៣៦ ឆ្នាំរូបនេះ ធ្លាប់ជួយអាហ្សង់ទីនដណ្តើមបានមេដាយមាសអូឡាំពិក ឆ្នាំ២០០៨ អំឡុងរូបគេបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ 
 
មកទល់ពេលនេះ គេបានរកឃើញក្រុមចំនួន១២ ក្នុងចំណោម១៦កក្រុមហើយ ដែលបានកៅអីទៅកាន់អូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ ទាំង១២ក្រុមនោះរួមមានម្ចាស់ផ្ទះបារាំង រួមជាមួយអាម៉េរិក ដូមីនីក ពីទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប ហៅកាត់ថា (CONCACAF), អេស្ប៉ាញ អ៊ីស្រាអែល និងអ៊ុយក្រែន ពីទ្វីបអឺរ៉ុន ( UEFA), ម៉ារុក អេហ្ស៊ីប និងម៉ាលី ពីទ្វីបអាហ្វ្រិក (Africa), នូវែលសេឡង់ ពីអូសេអានី (OFC) និង អាហ្សង់ទីន ជាមួយប៉ារ៉ាហ្កាយ ពីអាម៉េរិកឡាទីន (CONMEBOL)។ ដោយឡែក ៤ក្រុមទៀត នឹងត្រូវជ្រើសចេញពីតំបន់អាស៊ីចំនួន៣ និង១ក្រុម ពីការប្រកួតជម្រុះរវាងក្រុមលេខ៤ ពី U23 Asian Cup ឆ្នាំ២០២៤ ជាមួយ U23 African Cup ពីតំបន់អាហ្វ្រិក។  
 
ព្រឹត្តិការណ៍កីឡាពិកពិភពលោក អូឡាំពិករដូវក្តៅក្រុងប៉ារីស នឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អត្តពលិកជាង១ម៉ឺននាក់ នឹងចូលរួមប្រកួតប្រជែងក្នុង៣២ប្រភេទកីឡា លើ៣២៩វិញ្ញាសា៕

Tag:
 អូឡាំពិកប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com