អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គុយបា​​ដែលស្និទ្ធកូរ៉េខាងជើង ភ្ជាប់ចំណងការទូតជាមួយ​កូរ៉េ​ខាង​ត្បូងឡើង​វិញក្រោយ៦៥​ឆ្នាំ
15, Feb 2024 , 8:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol (ស្តាំ ) និងប្រធានាធិបតីគុយបា Miguel Díaz Canel ។ រូបភាព AFP និង Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol (ស្តាំ ) និងប្រធានាធិបតីគុយបា Miguel Díaz Canel ។ រូបភាព AFP និង Xinhua
គុយបា ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់កូរ៉េខាងជើង បានប្រកាសពីការស្តារទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូងឡើងវិញ ក្រោយពីបានបញ្ចប់ការទូតនៅឆ្នាំ១៩៥៩។

 
នៅទីក្រុងញូវយ៉កនាថ្ងៃទី១៤ ខែកុម្ភៈ តំណាងប្រទេសគុយបា និងកូរ៉េខាងត្បូងនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានផ្លាស់ប្តូរកំណត់ទូតដោយបញ្ជាក់ពីការបង្កើតទំនាក់ទំនងជាផ្លូវការរវាងប្រទេសទាំងពីរ។ គុយបាបានក្លាយជាប្រទេសទី១៩៣ ដែលបង្កើតទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង។
 
បេសកកម្មកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើងស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្មារតី និងគោលការណ៍នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។ នេះបើតាមសារទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ 
 
គុយបា និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងក្នុងឆ្នាំ ១៩៤៩ ប៉ុន្តែទំនាក់ទំនងទ្វេភាគីនេះបានបញ្ចប់បន្ទាប់ពីលោក Fidel Castro ឡើងកាន់អំណាចនៅឆ្នាំ១៩៥៩ ។ គុយបាបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងចាប់តាំងពីការបង្កើតទំនាក់ទំនងក្នុងឆ្នាំ១៩៦០។
 
ការប្រកាសភ្ជាប់ទំនាក់ទំនងការទូតនេះ ទំនងធ្វើឱ្យទីក្រុងព្យុងយ៉ាងមិនសប្បាយចិត្តឡើយ។ នេះក៏ព្រោះកូរ៉េខាងជើង តែងចាត់ទុកទំនាក់ទំនងជាមួយគុយបា ជាដៃគូដូចបងប្អូន ព្រោះមានជំហររួមគ្នាជាច្រើន ពិសេសការប្រឈមមុខជាមួយអាម៉េរិក។ មេដឹកនាំរដ្ឋកុម្មុយនីស្តទាំង២ ក៏តែងផ្លាស់ប្ដូរការអបអរសាទរគ្នានាឱកាសពិសេសដែរ។
 
បើតាម Yonhap គណៈរដ្ឋមន្រ្តីកូរ៉េខាងត្បូងអនុម័តការបង្កើតទំនាក់ទំនងជាមួយគុយបាកាលពីដើមសប្ដាហ៍នេះ បន្ទាប់ត្រូវបានបញ្ចូលក្នុងរបៀបវារៈប្រជុំភ្លាមៗ។ ទីក្រុងសេអ៊ូល ក៏បន្តបិទព័ត៌មាននេះរហូតដល់ពេលប្រកាសតែម្ដង។
 
យោងតាមការសិក្សាឆ្នាំ ២០២១ របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាគោលនយោបាយអន្តរជាតិ  គុយបា និងកូរ៉េខាងត្បូងមិនមានទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នៅក្នុងវិស័យរថយន្ត ​អេឡិចត្រូនិក និង​ទូរស័ព្ទ​ចល័ត។
 
ក្នុងឆ្នាំ២០០៥ កូរ៉េខាងត្បូងបានបង្កើតការិយាល័យវិនិយោគពាណិជ្ជកម្មនៅទីក្រុងឡាហាវ៉ាន ហើយបានផ្តល់ឥណទានចំនួន ៧០លានដុល្លារដល់គុយបា។
 
បច្ចុប្បន្នមានជនជាតិកូរ៉េប្រហែល ១១០០នាក់រស់នៅគុយបា។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ នៅមុនជំងឺរាលដាលកូវីដ-១៩ ជាមធ្យមប្រជាជនកូរ៉េខាងត្បូងប្រហែល ១៤០០០នាក់បានទៅលេងគុយបាជារៀងរាល់ឆ្នាំ។
 
ក្រោយពីភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយគុយបា ស៊ីរីជារដ្ឋសមាជិកតែមួយគត់របស់អង្គការសហប្រជាជាតិដែលនៅសេសសល់ដោយគ្មានទំនាក់ទំនងការទូតជាមួយទីក្រុងសេអ៊ូល៕

Tag:
 កូរ៉េខាងត្បូង
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com