ជាតិ
ក្រសួងការងារ៖ ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម នឹងកើនឡើងជាបន្តបន្ទាប់
15, Feb 2024 , 9:59 pm        
រូបភាព
កម្មកររោងចក្រ
កម្មកររោងចក្រ
ភ្នំពេញ៖ ចំនួនអ្នកមានការងារធ្វើ ក្នុងវិស័យឧស្សាកម្មបន្តកើនឡើងជាបន្តបន្ទាប់ ពី២,៤លាននាក់ នៅឆ្នាំ២០១៨ ដល់ ៣,១លាននាក់ ក្នុងឆ្នាំ២០២៥។ ចំណែក វិស័យសេវាកម្មវិញ កើនពី ៣,៤លាននាក់ ទៅ៤លាននាក់ នៅចន្លោះឆ្នាំ២០១៨ ដល់២០២៥។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 
ទិន្នន័យក្នុងរបាយការណ៍ក្រសួង បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចាប់ពីអាយុ១៥ ទៅ៦៤ឆ្នាំ មាន៩,១លាននាក់ ហើយចំនួននេះ បានកើនឡើងដល់ ៩,៣លាននាក់ ឬកើន២,៧ភាគរយ ក្នុងឆ្នាំ២០២៣ ។ ហើយនៅឆ្នាំ២០២៣ ចំនួនអ្នកមានការងារធ្វើ ក្នុងវិស័យកសិកម្ម ថយចុះ២,៣ភាគរយ ខណៈវិស័យឧស្សាកម្ម និងសេវាកម្ម បានរក្សាកំណើនការងារពី ៣,២ភាគរយ ទៅ ៦,៦ភាគរយ។ 
 
នៅចន្លោះឆ្នាំ ២០២៤ ដល់២០២៦ តាមរយៈវិស័យការងារទាំងបីខាងលើ ពិសេស វិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងព្យាករថាកម្ពុជានឹងអាចបង្កើតការងារបន្ថែមដល់ពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ក្រសួងបានចាត់ទុក វិស័យឧស្សាហកម្ម ជាក្បាលម៉ាស៊ីនបង្កើតការងារ ហើយក្នុងមួយឆ្នាំ ក្រសួងរំពឹងថាវិស័យនេះ នឹងបង្កើតការងារបានប្រមាណ១៦,៧ម៉ឺននាក់។ ក្រសួងអះអាងថា ចំនួនអ្នកមានការងារធ្វើក្នុងវិស័យឧស្សាហកម្ម នឹងបន្តកើន ពី២,៨លាននាក់ នៅឆ្នាំ២០២៣ ទៅ២,៩លាននាក់ នៅឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥ នឹងកើនដល់៣,១លាននាក់។ 
 
ចំណែក ការងារក្នុងវិស័យសេវាកម្ម ក្នុងឆ្នាំ២០២០ និង២០២១ បានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្តែ វិស័យនេះ បានចាប់ផ្ដើមងើបឡើងវិញ បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ ដែលនាំឱ្យចំនួនការងារ កើនឡើងដល់៤.៣ភាគរយ នៅឆ្នាំ២០២២ ទៅ៦.៦ភាគរយ នៅឆ្នាំ២០២៣។ 
 
រីឯ កំណើនសេដ្ឋកិច្ចវិស័យសេវាកម្មវិញ ក្រសួងព្យាករថាឆ្នាំ២០២៤ នឹងកើន៦,៩ភាគរយ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២៣ គឺទាបជាង ដែលសម្រេចបានកំណើន៨,១ភាគរយ។ របាយការណ៍ដដែល បានបញ្ជាក់ពីមូលហេតុនេះការកើនឡើងយ៉ាងដូច្នេះ៖ «ការកើនឡើងនេះដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេសអនុវិស័យស្នាក់នៅនិងភោជនីយដ្ឋាន, អនុវិស័យលក់ដុំ-រាយ, និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ខណៈពេល ដែលអនុវិស័យអចលនទ្រព្យត្រូវបានរំពឹងថាងើបឡើងវិញក្នុងកំណើនយឺត»។ 
 
កំណើនការងារនៃវិស័យឧស្សាហកម្ម និងសេវាកម្ម  គឹដោយសារការកើនឡើងតម្រូវការ ផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្ដូរការងារពីវិស័យកសិកម្ម ដែលក្រសួងបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ ក្នុងមួយឆ្នាំ ឬស្មើនឹង៣,៥ភាគរយ៕ 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com