ជាតិ
ជប៉ុន ផ្តល់ជំនួយជិត១៤លានដុល្លារ ដល់ CMAC សង់អគារហ្វឹកហ្វឺន​ និងអគារសារមន្ទីរ​តេ​ជោ​​សន្តិភាព
16, Feb 2024 , 7:59 am        
រូបភាព
រូបភាព៖ហ្វេសប៊ុក CMAC
រូបភាព៖ហ្វេសប៊ុក CMAC
ភ្នំពេញ៖  ជប៉ុន បានផ្ដល់ជំនួយ​ឥតសំណង ចំនួន ២.០៧៩.៨០០.០០០ យ៉េន ស្មើនឹងជិត១៤ លាន​ដុល្លារដល់កម្ពុជា សម្រាប់គាំទ្រគម្រោង​សាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថាន​បច្ចេកទេស​សកម្មភាពកំចាត់មីនក្នុងខេត្តកំពង់ឆ្នាំង និងអគារ​សារមន្ទីរតេជោសន្តិភាព​ នៅខេត្តសៀម​រាប​។

 
​លោក ហេង រតនា ​អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD បានចុះហត្ថលេខាលើជំនួយនេះ ​ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤។ បើតាម CMAC គម្រោងនេះ នឹងជួយលើកកម្ពស់សមត្ថភាពរបស់ស៊ីម៉ាក់ ក្នុងសកម្មភាព​កំចាត់មីននៅកម្ពុជា និងក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស​មានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីជំរុញការលុបបំបាត់បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៃបណ្តាប្រទេសទាំងនោះ។
 
​បើតាមទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមានសាលប្រជុំ អគារសិក្សា ​អគារអន្ដេវាសិក​ដ្ឋាន​ អគារអាហារដ្ឋាន និងសម្ភារបំពាក់ដូចជាកុំព្យូទ័រ ទូរទស្សន៍ ​តុ កៅអីជាដើម។ 
 
ចំណែកអគារសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅខេត្តសៀមរាប ជា​សំណង់អគារដែលមានរាងដូចនឹងគ្រាប់មីនប្រឆាំងមនុស្ស ​មានកម្ពស់២ជាន់ កម្ពស់១៧ម៉ែត្រការ៉េ។ ​ទីតាំ​ង​សារមន្ទីរនេះ ​ស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប៕
 

ប្លង់សារមន្ទីរតេជោសន្ដិភាព
 

Tag:
 CMAC
  មីន
  សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com