កីឡាជាតិ
ជាតិ
លោក Oriol Mohedano បើកភ្លើងខៀវសម្រាប់តំណែងគ្រូបង្វឹកនៅលីគកម្ពុជា
16, Feb 2024 , 8:59 am        
រូបភាព
លោក Oriol Mohedano ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក Oriol Mohedano ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក Oriol Mohedano Segura អតីតគ្រូបង្វឹកអង្គរថាយហ្គឺរ និងគ្រូជំនួយព្រះខ័នរាជស្វាយរៀង នៅតែដាក់គោលដៅខ្ពស់សម្លឹងរកក្លិបមួយដើម្បីឈរជើង មិនថាក្រុមនៅលីគកីឡាបាល់ទាត់កំពូល ឬលីគកម្រិតទី២របស់កម្ពុជាឡើយ។



លោក Oriol Mohedano Segura បានមកកម្ពុជាដំបូងក្នុងឆ្នាំ២០១៦ ដោយបម្រើការងារជាមួយភ្នំពេញក្រោន។ ក្នុងឆ្នាំ២០១៧ បុរសវ័យ ៣៧ឆ្នាំរូបនេះ បានប្ដូរមកធ្វើជាគ្រូបង្វឹកឲ្យ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រហូតដល់ចុងឆ្នាំ២០២១។ ក្រោយចែកផ្លូវជាមួយអង្គរថាយហ្គឺរ គ្រូបង្វឹករូបនេះ ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង តែងតាំងជាគ្រូជំនួយនៅអំឡុងឆ្នាំ ២០២២។ នាខែវិច្ឆិកា ឆ្នាំ២០២២ លោក Oriol Mohedano ក៏បានចែកផ្លូវជាមួយព្រះខ័នរាជស្វាយរៀង ហើយបានទៅដឹកនាំក្លិប Jhapa FC នៅប្រទេសនេប៉ាល់។
 
បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បន្ទាប់ពីលោក Oriol Segura ត្រលប់ពីលីគនៃប្រទេសនេប៉ាល់វិញ គ្រូជនជាតិអេស្ប៉ាញរូបនេះ បានបង្ហាញគោលដៅរបស់ខ្លួនក្នុងការសម្លឹករកក្លិបដើម្បីឈរជើង ក្នុងវិស័យបាល់ទាត់កម្ពុជា។ 
 
ដោយឡែក ចំពោះមុខតំណែកជាគ្រូបង្វឹក គ្រូជំនួយ ឬក៏ជាមន្ដ្រីបច្ចេកទេស បែបណានោះ លោក Oriol Segura នឹងមិនបដិសេធទេ ដោយគ្រាន់តែបញ្ជាក់ថាត្រូវប្រកាន់ភ្ជាប់ការដាក់ខ្លួន និងសីលធម៌ជានិច្ច។ អតីតគ្រូបង្វឹករូបនេះ ក៏បានបើកភ្លើងខៀវ សម្រាប់ចូលរួមជាមួយក្លិបលីគ២ ផងដែរ។
 
«ពេលដែលយើងនិយាយពីគោលដៅ យើងត្រូវតែមានមហិច្ឆិតា ចង់ធ្វើនៅកន្លែង ដែលល្អបំផុត ហើយធ្វើការងារយើងឲ្យល្អ។ យើង ត្រូវតែស្មោះត្រង់ ហើយទទួលយកនូវបរិបទបាល់ទាត់ក្នុងប្រទេសនោះ។ ខ្ញុំ ត្រូវតែរក្សាការដាក់ខ្លួនជានិច្ច បើទោះជាមានគោលដៅ និងមហិច្ឆិតាខ្ពស់ក៏ដោយ។ ខ្ញុំ បើកចិត្តឲ្យទូលាយ។»។ លោក Oriol Segura បាននិយាយដូច្នេះ៕ 

Tag:
 Oriol Mohedano Segura
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com