កីឡាអន្តរជាតិ
អន្តរជាតិ
ACL៖ Ronaldo រកបាន១គ្រាប់នៅជំនួបទី១០០០ ជួយ Al Nassr ឈ្នះ Al Feiha ជើងទី១
15, Feb 2024 , 10:29 pm        
រូបភាព
ក្រុម Al Nassr ប្រកួតឈ្នះ Al Feiha លទ្ធផល ១-០ នៅក្នុងជំនួបវគ្គ ១៦ក្រុម AFC Champions League ខណៈគ្រាប់ជ័យជម្នះកើតចេញពីការស៊ុតបាល់ ១គ្រាប់ របស់ Cristiano Ronaldo ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតលើកទី ១០០០ សម្រាប់ក្លិបអាជីព។



បង្ហាញខ្លួនលេងពេញម៉ោងឡើងវិញ ក្រោយជាពីរបួស តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ស៊ុតបាល់ ១គ្រាប់នៅនាទី៨១  បានជួយ Al Nassr ឈ្នះ Al Feiha ក្រុមមកពីលីគកំពូលអារ៉ាប៊ីសាអូឌីតដូចគ្នា នៅក្នុងការប្រកួតជើងទីមួយ វគ្គ ១៦ក្រុម ពានរង្វាន់ AFC Champions League នៅថ្ងៃទី១៤ ខែកុម្ភៈ។
 
១គ្រាប់ស៊ុតចូលទីរបស់អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United បានក្លាយជាគ្រាប់បាល់ដំបូងបង្អស់សម្រាប់រូបគេនៅក្នុងឆ្នាំ ២០២៤​ បន្ទាប់ពីខកខានរកគ្រាប់បាល់នៅ ការប្រកួតមិត្តភាពនានា​កាលពីខែមករា កន្លងទៅដោយសារតែបញ្ហារបួស។
 
មិនត្រឹមតែប៉ុណ្ណោះ ជំនួប ​ACL ដែល Al Nassr បានប្រកួតនារាត្រីថ្ងៃទី១៤ ខែកុម្ភៈនោះ ក៏ជាការបង្ហាញខ្លួនលើកទី១០០០ របស់តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ សម្រាប់ការលេងនៅក្លិបអាជីពផងដែរ។
  


​ការប្រកួតជើងទីពីរ រវាង Al Feiha តទល់នឹងក្រុម Al Nassr នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងរីយ៉ាដ​ សប្តាហ៍ក្រោយថ្ងៃទី២១ ខែកុម្ភៈ ដើម្បីថាតើក្រុមមួយណានឹងឈ្នះកៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។
 
បន្ទាប់ពី Al Nassr ចាប់ផ្តើមការប្រកួតបើកឆាកវគ្គជម្រុះ ១៦ក្រុម ក្រុមស្ថិតនៅតំបន់ខាងលិច ការប្រកួតចំនួន ៣គូបន្ថែមទៀតទាំងក្រុមមកពីតំបន់ខាងលិច និងខាងកើត នឹងបន្តការប្រកួតរៀងៗខ្លួន។
 
ការប្រកួតវេលាម៉ោង ៥រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ក្រុម Ulsan Hyundai ត្រូវស្វាគមន៍ក្រុម Ventforet Kofu មុនពេលដែលក្រុម Navbahor Namangan ទទួលក្រុម Al Ittihad វេលាម៉ោង ៩យប់ ម៉ោងនៅកម្ពុជា និងវេលាម៉ោង ១១យប់ក្រុមអ៊ីរ៉ង់ Sepahan ស្វាគមន៍ភ្ញៀវ Al Hilal៕

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com