កីឡាអន្តរជាតិ
អន្តរជាតិ
Son របួសម្រាមដៃក្នុងជម្លោះមិត្តរួមក្រុម មុនកូរ៉េខាងត្បូងធ្លាក់ពី Asian Cup ខណៈ Kang-in ទទួលកំហុស
15, Feb 2024 , 4:29 pm        
រូបភាព
ប្រធានក្រុមកីឡាបាល់ទាត់កូរ៉េខាងត្បុង Heung Min Son ត្រូវបានគេប្រទះឃើញមានបញ្ហារបួសម្រាមដៃ ក្នុងជំនួប AFC Asian Cup 2023 ដែលត្រូវបានហ្សក់ដានីទម្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ២-០។ មូលហេតុត្រូវបានទម្លាយថា បញ្ហារបួសម្រាមដៃព្រោះតែ Son បានព្យាយាមហាមឃាត់ជម្លោះក្នុងក្រុមរវាងកីឡាករវ័យក្មេង និងកីឡាករវ័យចាស់ អំឡេងលេងវាយកូនឃ្លីលើតុ។



អំឡុងកម្មវិធីទទួលទានអាហារពេលល្ងាចរបស់ក្រុមកូរ៉េខាងត្បូងមុនពេលការប្រកួតធំមកដល់ កីឡាករមានវ័យក្មេងៗក្នុងក្រុម រួមមានខ្សែប្រយុទ្ធ Lee Kang-in របស់ Paris Saint Germain មួយរូបផង បានប្រញ៉ាប់ប្រញ៉ាល់ហូបអាហារពេលល្ងាចឱ្យបានលឿន ដើម្បីនាំគ្នាទៅលេងវាយកូនឃ្លីលើតុ។ 
 
តែក្រុមកីឡាករដែលមានវ័យចាស់ បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទង្វើរនោះ ព្រោះគិតថាការហូបអាហារមុនជំនួបធំមកដល់ ប្រៀបបានជាការពង្រឹងស្មារតី និងបង្កើនភាពស្និទ្ធិស្នាលឱ្យខ្លាំងបន្ថែមក្នុងក្រុម។ ជុំវិញករណីនេះ ក៏បង្កឱ្យមានទំនាស់ពាក្យសម្តី។
 
ទំនាស់ពាក្យសម្តីផ្ទុះឡើង ក្រុមកីឡាករទាំងពីរវ័យបានរុញច្រានគ្នា ហើយ Son ជាប្រធានក្រុមបានហាមឃាត់ និងបំបែកកីឡាករទាំងសងខាងចេញ រហូតមានរបួសម្រាមដៃ។ Lee Kang-in ត្រូវបានគេដឹងថាក៏បាននិយាយដោយប្រើពាក្យសម្តីមិនគោរពទៅលើ Son ផងដែរក្នុងទំនាស់នោះ។
 
«រឿងហេតុបានកើតឡើងនៅពេលដែលកីឡាករវ័យក្មេងមួយចំនួន ចង់ទៅលេងវាយកូនឃ្លីលើតុ ហើយ Son Heung-min និងកីឡាករវ័យចាស់ផ្សេងទៀតមិនសប្បាយចិត្តនឹងមានបញ្ហាចំពោះរឿងនេះ។ កីឡាករបានផ្ទុះទំនាស់ពាក្យសម្តី ហើយ Son បានរងរបួសម្រាមដៃពេលចូលទៅហាមឃាត់ទំនាស់។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់កូរ៉េខាងត្បូង KFA។
 
ចំពោះហេតុការនេះ សហព័ន្ធនៅមិនទាន់មានវិធានការអ្វីធំដុំនៅឡើយដើម្បីដោះស្រាយបញ្ហា ប៉ុន្តែខ្សែបម្រើ Lee Kang-in បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram សុំទោសចំពោះកំហុសដែលបានបង្កឡើង នាថ្ងៃទី១៤ ខែកុម្ភៈ។
 
កីឡាករវ័យ ២២ឆ្នាំ របស់ PSG បានសរសេរបង្ហោះដូច្នេះ៖«យើងបានបង្កការខកចិត្តយ៉ាងខ្លាំងដល់អ្នកគាំទ្របាល់ទាត់ដែលតែងតែគាំទ្រក្រុមជម្រើសជាតិយើង ខ្ញុំពិតជាសោកស្តាយ។ ខ្ញុំគួរតែដឹកនាំ និងធ្វើតាមការនែណាំរបស់បងប្អូនរបស់ខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែសុំទោសដែលបង្ហាញរូបភាពមិនល្អដល់អ្នកគាំទ្របាល់ទាត់ ខ្ញុំសុំទោសចំពោះមនុស្សជាច្រើនដែលខកចិត្តចំពោះខ្ញុំ។ ចាប់ពីពេលនេះ ខ្ញុំនឹងព្យាយាមជួយដល់បងប្អូន ដើម្បីឱ្យក្លាយជាកីឡាករដ៏អស្ចារ្យ និងមនុស្សដ៏ខ្លាំងពូកែ។»។
 
បន្ទាប់ពីវិលត្រឡប់ទៅកាន់ក្រុម Tottenham Hotspur ក្រោយបញ្ចប់ភារកិច្ចនៅប្រទេសកាតា Son បានប្តូរចូលលេងក្នុងជំនួបក្របខណ្ឌ Premier League ទល់នឹងក្រុម Brighton & Hove Albion ដោយជួយក្រុមយកឈ្នះការប្រកួត ២-១ ដណ្តើមបាន ៣ពិន្ទុបន្ថែមក្នុងការបន្តប្រជែងតំណែងកំពូលទាំអ ៤៕

Tag:
 Heung-min Son
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com